អង្គការ​សិ​ទិ្ធ​មនុស្ស​សៀម​រកឃើញ​ការផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​

ថ្មីៗ​នេះ​របាយការណ៍​សិទ្ធិមនុស្ស​សៀម​បាន​រកឃើញថា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ២ ម៉ឺន​ហិកតា​របស់​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​បី​របស់​ឈ្មួញ​សៀម​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់ និង​រំលោភសិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​លំនៅដ្ឋាន និង​ដីធ្លី​ហើយ​កំពុងតែ​រស់នៅក្នុង​ភាពក្រីក្រ​។​

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ២ ម៉ឺន​ហិកតា​កាលពី​ឆ្នាំ ២០០៨ ទៅ​ឲ្យ​ក្រុមហ៊ុន​សៀម​ឈ្មោះ​មី​ត្រ​ភុល​ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​បី​ដូចជា​អង្គរ​ស៊ូ​ហ្គឺ  ទន្លេ​ស៊ូ​ហ្គឺ​ខេន និង​ស៊ូ​ហ្គឺ​វ៉ា​ឡេ ។  ក្រុមហ៊ុន​ទាំងនេះ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ឈូសឆាយ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៤០០ គ្រួសារ​នៅ​ភូមិ​អូរ​បាត់​មាន់ តា​ម៉ាន បុស្ស ខ្ទុ​ម និង​ត្រពាំងវែង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ លោក វ៉ាត ប៉ា​រ៉ានី​ន បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​លោក​បាន​លើកឡើងថា​ផលប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ ហើយ​ដី​នោះ​គឺ​នៅតែ​ជា​ដី​របស់​រដ្ឋ​ដែល​អាជ្ញាធរខេត្ត និង​ក្រសួងកសិកម្ម​កំពុងតែ​មើលថែទាំ និង​គ្រប់គ្រង​។ លោក វ៉ាត ប៉ា​រ៉ានី​ន បាន​បញ្ជាក់ថា ដី​ក្រុមហ៊ុន​បាន​ដោះស្រាយ​ប៉ះពាល់​ចប់សព្វគ្រប់​ហើយ​រហូត​ឈានទៅដល់​ការចុះបញ្ជី​ជា​ដី​រដ្ឋ​។ យ៉ាងណាក្តី​គេ​សង្កេតឃើញថា​នៅតែមាន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ជាប់​ព្រំដែន​សៀម​តវ៉ា​ស្វែងរក​យុត្តិធម៌​ក្នុង​ជម្លោះដីធ្លី​ជា​បន្តបន្ទាប់​ទាំង​នៅក្នុង​ខេត្ត​របស់​ពួកគាត់ និង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ សកម្មជន​ដីធ្លី​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០០៦ មក​យ៉ាងហោចណាស់​ដី​ជាង​១០​ម៉ឺន​ហិកតា​ត្រូវបាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ជា​ដី​សម្បទាន​ស្ករអំពៅ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​បរទេស ដូចជា​ខេត្តកោះកុង កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ក្រចេះ​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឧស្សាហកម្ម​ស្ករអំពៅ​គឺជា​ឧស្សាហកម្ម​មួយ​ដែល​បង្កើត​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​។
​សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ភាគច្រើន​មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ជំរុញ​ឲ្យ​ជីវភាព​របស់​ពួកគាត់​ប្រសើរឡើង​នោះទេ​។ តែ​ផ្ទុយទៅវិញ​ពួកគាត់​បាន​បាត់បង់​ដីធ្លី និង​ជីវភាព​របស់​ពួកគាត់​កាន់តែ​ដុនដាប ខណៈ​ផលប្រយោជន៍​ភាគច្រើន​ធ្លាក់​ទៅលើ​ក្រុមហ៊ុន​ខិលខូច​ដែល​ឃុបឃិត​ជាមួយ​ម​ន្រី្ត​ពុករលួយ​កាប់បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​ស្លូតត្រង់​៕

15acc3c1-b513-4951-8410-7f58b81f4a8c dc9a1171-8d0b-4491-8cbd-e290f265856c