​ចង់​ស្រក​គី​ឡូ …? ចូរ​សួរ​គ្រូពេទ្យ នូវ​សំណួរ​ខាងក្រោម​នេះ​សិន​

​ចង់​ស្រក​គី​ឡូ ...? ចូរ​សួរ​គ្រូពេទ្យ នូវ​សំណួរ​ខាងក្រោម​នេះ​សិន​

​គ្រូពេទ្យ​របស់​អ្នក គឺជា​ដៃគូ​ដ៏​អស្ចារ្យ ដើម្បី​សម្រក​ទម្ងន់ ដើម្បី​កុំឲ្យ​ខាត​ពេល​។​

​ចូរ​ចាប់ផ្តើម​ជាមួយនឹង សំណួ​រទាំង ៨ ខាងក្រោម​នេះ ៖

១. តើ​ខ្ញុំ​គួរ​មាន​គីឡូ​ប៉ុន្មាន ទើប​សាក​សម​?
​វា​មាន​ភាពខុសគ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ ​គ្មាន​នរណា​ម្នាក់​ដឹង​ថា គីឡូ​ប៉ុណ្ណា ទើប​សាក​សម​សម្រាប់​អ្នកនោះ​ទេ ប៉ុន្តែ គ្រូពេទ្យ​ជាច្រើន តែងតែ​ប្រាស់ BMI ដើម្បី​គណនា​កម្ពស់ និង​ទម្ងន់​របស់​អ្នក ថា​តើ​អ្នក​ស្គម ធម្មតា ធា​ត់ ឬ​លើស​ទម្ងន់​។ ប៉ុន្តែ វា​នៅតែ​មាន​ភាពខុសគ្នា​។​

២. តើ​ខ្ញុំ​គួរ​ចំណាយពេល​យូរ​ប៉ុណ្ណា ដើម្បី​អាច​ស្រក​ទម្ងន់​បាន​?
​អ្នកជំនាញ​ភាគច្រើន បាន​ណែនាំ​ឲ្យ​មនុស្សធាត់​លើស​ទម្ងន់ សម្រក​ទម្ងន់​មិនឲ្យ​លើស​ពី​កន្លះ ឬ​មួយ​គីឡូ ក្នុង​មួយអាទិត្យ​នោះទេ​។ ជា​ការពិត​ណាស់ ពេល​អ្នក​ស្រក​ទម្ងន់​លឿន​ពេក គឺ​អ្នក​បាត់បង់​ជាតិ​ទឹក ឬ​សាច់ដុំ ដែល​ចាំបាច់​សម្រាប់​រាងកាយ មិនមែន​ស្រក​ខ្លាញ់​នោះទេ​។​
​ប៉ុន្តែ ទោះបីជា​យ៉ាងណា អ្នក​អាច​សម្រក​ពី ១ គីឡូ​កន្លះ ទៅ ៣ គី​ឡូ ក្នុង​ពីរ​បី​អាទិត្យ​ដំបូង ប្រសិនបើ​អ្នក​ធាត់​ខ្លាំងពេក​។​

៣. តើ​ការ​ស្រក​ទម្ងន់ អាច​ជះឥទ្ធិពល​អាក្រក់ ដល់​សុខភាព​ខ្ញុំ​ដែរ​ឬទេ​?
​អ្នក​អាច​គិតថា ការ​ស្រក​ទម្ងន់​ពិតជា​ល្អ សម្រាប់​សុខភាព ប៉ុន្តែ ពេលខ្លះ វា​ក៏​បណ្តាល​ឲ្យ​អ្នក ជួប​បញ្ហា​សុខភាព​មួយចំនួន​ផង​ដែរ​។ ចូរ​សាកសួរ​គ្រូពេទ្យ​របស់​អ្នក ឲ្យបាន​ច្បាស់លាស់ មុន​នឹង​សម្រេច​ចិត្ត​សម្រក​ទម្ងន់ ដើម្បី​ការពារ​ផលវិបាក​នានា​។ ផ្ទុយទៅវិញ ប្រសិនបើ​ការ​ស្រក​ទម្ងន់ ៥ ទៅ ១០ ភាគរយ អាច​ជួយ​ឲ្យ​អ្នក ចាក​ឆ្ងាយ​ពី​ថ្នាំ​លើសឈាម នោះ​អ្នក​គួរតែ​ព្យាយាម​ធ្វើ​វា​ហើយ​។​

៤. តើ​បញ្ហា​សុខភាព អាច​ជះឥទ្ធិពល​ទៅលើ ទម្ងន់​របស់​ខ្ញុំ​បាន​ដែរឬទេ​?
​ពិតណាស់ វា​ច្បាស់​ជា​អាច​។ ជំងឺ​មុន​ទឹកនោម​ផ្អែម និង​ជំងឺ​វិបត្តិ​ក្រពេញ សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក ឡើង​គីឡូ ហើយ​ថ្នាំ​មួយចំនួន ក៏​អាច​ផងដែរ​។ ហើយ​យើងខ្ញុំ​សង្ឃឹមថា គ្រូពេទ្យ​របស់​អ្នកនឹង​គិត អំពី​បញ្ហា​នេះ​។​

៥. តើ​ថ្នាំ​របស់ខ្ញុំ អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរឬទេ​?
​ថ្នាំ​មាន​វេជ្ជបញ្ជា​មួយចំនួន ដូចជា ថ្នាំ​រំងាប់​អារម្មណ៍ ថ្នាំ​ស្តេ​រ៉ូ​អ៊ីត និង​ថ្នាំ​ប្រឆាំង​អ៊ី​ស​ស្តា​មីន អាច​ធ្វើឲ្យ​អ្នកឡើង​គីឡូ​។ ដូច្នេះ បើ​ចង់​ស្រក​ទម្ងន់ គ្រូពេទ្យ​របស់​អ្នក ប្រហែល​ជា​ប្តូរ​ថ្នាំ ឬ​បន្ថយ​កម្រិត​នៃ​ការប្រើប្រាស់​។​

៦. តើ​មាន​នរណា​ខ្លះ អាច​ជួយ​ខ្ញុំ​បាន​ទៀត​ទេ​?
​គ្រូពេទ្យ អ្នកជំនាញ​ខាង​ចំណីអាហារ និង​អ្នក​ប្រឹក្សា​យោបល់ អាច​ជួយ​ផ្តល់​នូវ​មតិ​ល្អៗ សម្រាប់​អ្នក​បាន​។​

៧. តើ​ខ្ញុំ​គួរប្រើ​អាហារ​បំប៉ន វីតាមីន ឬ​ថ្នាំ​អ្វី​ផ្សេង​ទៀត បាន​ដែរឬទេ​?
​គ្មាន​ឱសថ​ទិព្វ​ណា អាច​ជួយ​អ្នក​បាន​ទេ ប្រសិន​ជា​អ្នក មិន​ខំ​តម​អាហារ និង​ហាត់ប្រាណ​នោះ​។​

៨. បើ​នៅ​តែ​មិន​ស្រក​គីឡូ តើ​ខ្ញុំ​គួរ​ពិចារណា លើ​ការវះកាត់​សម្រក​ទម្ងន់​ទេ​?
​ប្រសិនបើ​គ្មាន​ប្រសិទ្ធភាព ឬ​អ្នក​នៅ​តែ​មាន​គីឡូ​ច្រើន បន្ទាប់​ពី​ការ​ហាត់ប្រាណ និង​តមចំណី​រួចមក អ្នក​អាច​ពិភាក្សា​លម្អិត ជាមួយ​គ្រូពេទ្យ​ជំនាញ អំពី​ការវះកាត់​សម្រក​ទម្ងន់​។ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា ការវះកាត់​នេះ មិនមែន​អ្នក​ណា​ថា​ចង់ គឺ​អាច​ធ្វើ​បាន​នោះ​ទេ​។ វា​ត្រូវ​បាន​គេ​ប្រើ លើ​មនុស្ស​វ័យ​ជំទង់ ដែលមាន BMI យ៉ាងហោចណាស់ ៥០ ឬ​អ្នក​ដែល​មាន​ផលវិបាក​ច្រើន ពេល​លើស​គី​ឡូ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។