​​ស្រវឹង​បើក​ម៉ូតូ​លឿន​​​បុក​ឆ្កែ​រត់កាត់ផ្លូវ​ដួល​បោក​ក្បាល​សន្លប់

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​​ឆ្កែ​ដែល​​​រត់​ឆ្លងផ្លូវ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​កាល​ពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​២៧ ​តុលា ​​២០១៥ ​នៅ​មុខ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ​។

​មន្ត្រី​​​នគរបាល​ចរាចរណ៍​ខេត្ត ​បានឱ្យ​ដឹង​ថា​​ ​បុរស​​រង​គ្រោះ​​ឈ្មោះ ថា អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​។ ​​មុន​ពេល​កើតហេតុ​​ បុរស​​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាកហុងដា​ ធុន​សេ​១១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខញ២៣០២ភព​១ ​មួយ​គ្រឿង តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុងល្បឿន​​​លឿន ​ដោយ​ស្ថានភាព​ស្រវឹង​ផង​នោះ​ ​លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​​ឆ្កែ​មួយ​ក្បាល​​​រត់​កាត់មុខ​ក៏​​បុក​​ពេញ​មួយ​ទំហឹង​បណ្តាល​ឱ្យ​​ដួលបោកក្បាល​ទៅ​នឹង​ថ្នល់​កៅស៊ូ​របួសធ្ងន់ហូរ​ឈាម​ពេល​ថ្នល់​និង​សន្លប់​ស្តូកស្តឹង​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​ទូ​ស័ព្ទហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យមក​ដឹក​​បុរស​​រង​គ្រោះយក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​។ ​ករណី​នេះ​ សមត្ថកិច្ច​និយាយ​ថា​​​មក​ពី​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ស្ថានភាព​ស្រវឹង និង​បើក​លឿន​ពេក​ហួស​ល្បឿន​កំណត់​មិនប្រុង​ប្រ​យ័​ត្ន​ក៏​​​បុក​ឆ្កែ​​បណ្តាល​ឱ្យ​រង​របួស​ក្បាល​ធ្ងន់​តែ​ម្តង និង​​ដោយ​សារ​តែ​គេ​មិន​ពាក់មួកសុ​វត្ថិភាព​ ។ ​ចំណែកម៉ូតូ​​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​៕