“​កូន​នោម​ដាក់​ពូក​” និង “​ដំណោះស្រាយ​”

“​កូន​នោម​ដាក់​ពូក​” និង “​ដំណោះស្រាយ​”

​តើ​អ្នក​តែងតែ​ហាល​ពូក ជា​រៀងរាល់ថ្ងៃ ក្រោយ​ពេល​កូន​នោម​ដាក់​មែន​ទេ​? ពិតណាស់ អ្នក​អាច​សាកល្បង អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​ដោះស្រាយ​បញ្ហា កូន​នោម​ដាក់​ពូក​។​

​នៅក្នុង​សិក្ខា​សិលា ទិវារ​នោម​ដាក់​ពូក (World Bedwetting Day) ថ្ងៃ​សៅរ៍​មុននេះ បាន​លើក​បញ្ហា​នេះ​ឡើង ដែល​វា​បាន​ប៉ះពាល់​លើ​កុមារ ដែល​មាន​អាយុ ៩ ឆ្នាំ ដល់​ទៅ ៥ ភាគរយ​ឯណោះ​។​

​ការ​នោម​ដាក់​ពូក គឺជា​បញ្ហា​មួយ ដែល​ឪពុក​ម្តាយ​ជាច្រើន បាន​ជួបប្រទះ និង​ខិតខំ​រក​ដំណោះស្រាយ ពេល​កូន​ឈាន​ដល់​អាយុ​ចូលរៀន​។​
​ប៉ុន្តែ វា​ក៏​អាច​មាន​ឡើង ចំពោះ​កុមារ​ធំៗ​ផងដែរ​។​

​ពេលណា​ដែល​អ្នក គួរ​ព្រួយបារម្ភ​?
​វេជ្ជបណ្ឌិត Chinnaiah Yemula អ្នក​ប្រឹក្សា​ឯកទេស​ជំនាញ​កុមារ បាន​មានប្រសាសន៍ថា ការ​នោម​ដាក់​ពូក ចំពោះ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ គឺ​ដោយសារតែ​គេ មិនទាន់​លូតលាស់​ប្លោកនោម​បាន​ពេញលេញ ដូច្នេះ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។​
​ប៉ុន្តែ បើ​អាយុ​លើសពីនេះ វា​គឺជា​បញ្ហា​ហើយ​។​

​កូនក្មេង​ភាគច្រើន មិន​ក្រោក​ទៅ​នោម នៅពេល​យប់​ឡើយ ដូច្នេះ យើង​គួរ​ដោះស្រាយ​បែបណា​?
​គ្រូពេទ្យ​ជំនាញ​កុមារ​របស់​អ្នក គឺជា​ចំណុច​សំខាន់ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។
​ប៉ុន្តែ ដំបូង តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ជួយ​កូន​របស់​អ្នក​?
​អ្នក​គួរ​ពិនិត្យមើល​ថា​តើ កូន​របស់​អ្នក​ទល់លាមក​ឬទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក នោម​ដាក់​ពូក​បាន​។ វេជ្ជបណ្ឌិត Brenda បាន​បន្តថា កុមារ​មួយ​ភាគបី ជួប​បញ្ហា​ទល់លាមក ស្របពេល​ជាមួយនឹង ការ​នោម​ដាក់​ពូក ពី​ព្រោះ​ពេល​ពោះវៀន​ពោរពេញ វា​អាច​រុញច្រាន​ដល់​ប្លោកនោម​។ ការ​នោម​ធម្មតា គឺ ៣ ឬ ៤ ដង​ក្នុង​មួយថ្ងៃ​។ ប្លោកនោម​ដែលមាន​សុខភាព​ល្អ មិន​អាច​ធ្វើ​កូន​អ្នក នោម​ដាក់​ពូក​នោះទេ​។​

​តើ​ការ​នោម​ដាក់​ពូក អាច​បណ្តាលមកពី​កុមារ​ញ៉ាំ​ទឹក​ច្រើន​ដែរ​ទេ​?
​ក្នុង​មួយ​ថ្ងៃ កុមារ​គួរ​ទទួល​ទាន​ទឹក ពី ៦ ទៅ ៦ ពែ​ង ហើយ​ក៏​អាស្រ័យ​ទៅលើ រូបរាង​របស់​គេ​ផងដែរ ហើយ​ការ​មិន​ផឹកទឹក មួយ​ម៉ោង​មុនពេល​ចូល​គេង ក៏​អាច​ជួយ​កូន​អ្នក​បាន​ផងដែរ​។​

​តើ​មាន​ភេសជ្ជៈ​អ្វី ដែល​កាន់តែ​ធ្វើ​កុមារ កាន់តែ​នោម​យប់​ទេ​?
​វេជ្ជបណ្ឌិត Yemula បាន​និយាយថា “​វា​គ្មាន​ភស្តុតាង ដែល​និយាយថា ការ​ផឹក​ទឹកក្រូច ទឹក​ផ្លែឈើ​ស្រស់ ... អាច​រំញោច​ដល់​ប្លោកនោម​នោះទេ ប៉ុន្តែ យក​ល្អ អ្នក​គួរតែ​ហាម​កូន​អ្នក មិន​ឲ្យ​ផឹក​របស់​ទាំងនេះ មុនពេល​ចូល​គេង​។​

​ហេតុ​អ្វី​កូន​អ្នក មិន​ព្រម​ងើប​ទៅ​បន្ទប់ទឹក​?
​ពេល​កូន​អ្នក​លង់លក់​ខ្លាំង គេ​គ្មាន​ការឆ្លើយតប​ទៅនឹង សញ្ញា​ពី​ប្លោកនោម​ទៅកាន់​ខួរក្បាល ថា​គេ ត្រូវ​ទៅ​នោម​ឡើយ​។ ដូច្នេះ អ្នក​គួរតែ​ដាស់​កូន ពេល​ដឹង​ថា​គេ នោម​ដាក់​ពូក​ភ្លាមៗ​។ ដំបូង វា​មិន​អាច​ជួយ​កុមារ​បាន​ទេ តែ​ក្រោយៗ​ទៀត គេ​អាច​នឹង​ភ្ញាក់​ដឹងខ្លួន​បាន​។​

​អញ្ចឹង តើ​ហេតុអ្វី បាន​ជា​មនុស្ស​មួយចំនួន មិន​ទៅ​នោម​ពេញ​មួយ​យប់ ខណៈ​អ្នកខ្លះ​ទៀត ទៅ​នោម​ពីរ​បី​ដង​?
​ជាធម្មតា យើង​គ្រប់​គ្នា​បង្កើត​អ័រម៉ូន​ម្យ៉ាង ឈ្មោះថា vasopressin នៅពេល​យប់​។ ពេល​យើង​គេង វា​ប្រាប់​តម្រងនោម​ឲ្យ​បង្កើតទឹ​កនោម​តិច តែ​ត្រូវ​ប្រមូល​ទឹកនោម​ទុក​។ ប៉ុន្តែ ពេលខ្លះ អ័រម៉ូន​នេះ​មិន​ដំណើរការ ទើប​ធ្វើឲ្យ​អ្នកនោមដាក់​ពូក​។​

​តើ​មាន​ថ្នាំ​អ្វី អាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ​?
​ប្រសិនបើ​មាន​បញ្ហា​នឹង​អ័រម៉ូន​នេះ កុមារ​អាច​នឹងត្រូវ​ប្រើប្រាស់​ថ្នាំ​ម្យ៉ាង​ឈ្មោះថា desmopressin៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។