អ្នកនាំពាក្យ CPP៖ វប្បធម៌សន្ទនា អាចរំលាយ បើលោកសម រង្ស៊ី មិនសុំទោស សម្តេចតេជោ

ភ្នំពេញ៖ ក្រោយពីមហាបាតុកម្ម ជាលក្ខណៈទ្រង់ទ្រាយធំ ទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញតំណែង អនុប្រធានទី១ នៃរដ្ឋសភា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងថា វប្បធម៌សន្ទនា អាចនឹងត្រូវរំលាយចោល ប្រសិនបើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មិនព្រមសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ការថ្លែងសារផ្តាំផ្ញើទៅ លោក សម រង្ស៊ី ដែលកំពុងនៅប្រទេសបារាំង របស់លោកអ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ ដោយសារតែលោក សម រង្ស៊ី បានប្រៀបប្រដូចសម្តេចតេជោ ទៅលោក ហ្គាដាហ្វី មេដឹកនាំផ្តាច់ការនៅប្រទេសលីប៊ី ដែលបានដឹកនាំប្រទេសម្នាក់ឯង អស់រយៈពេលជិត៤០ឆ្នាំ ក្រោយពីគ្រួសារសម្តេច និងគ្រួសារលោក សម រង្ស៊ី បានហូបបាយសាមគ្គីរួមគ្នានិងថ្មីៗ បានប្រៀបសម្តេចទៅរបបហ្វាស៊ីស។ ជាពិសេសលោក សម រង្ស៊ី តែងតែបង្កបញ្ហាមិនចេះមិនចេះ ហើយក្នុងន័យញុះញង់។

ទាក់ទងការគំរាម របស់អ្នកនាំពាក្យកាន់អំណាចនេះដែរ អ្នកវិភាគនយោបាយ បានលើកឡើងផ្ទុយទៅវិញថា វប្បធម៌សន្ទនារវាងថ្នាក់ ដឹកនាំទាំងពីរនេះ គ្មានប្រយោជន៍ឡើយ មានតែនាំឲ្យមានការខាត់បង់ទៅវិញ។

លោក សុខ ឥសាន្ត បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ថា ងាយស្រួលបំផុត បើចង់បន្តវប្បធម៌សន្ទនា គឺលោក សម រង្ស៊ី មេបក្សប្រឆាំង ដែលតែងតែដើរបន្តុះបង្អាប់សម្តេចហ៊ុន សែន ចេញមកសុំទោសសម្តេច ជាការស្រេច ហើយវប្បធម៌សន្ទនា នៅតែបន្តទៅមុខដូច ដើមគ្មានអ្វីកែប្រែ។

លោកបញ្ជាក់ថា “រកផ្លូវដែលជួបគ្នាឡើងវិញវារកអត់ឃើញ។ ការបន្តនេះ (វប្បធម៌សន្ទនា) មើលទៅរៀងពិបាកបន្តិច ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចេះតែដើរបង្កបញ្ហា ហើយបើយើងនៅតែបន្ត ហាក់បីដូចជាយើងទៅលន់តួគាត់ (គណបក្សសង្រ្គោះជាតិ)។ វាមិនយុត្តិធម៌ មិនស្មើភាព និងមិនសមធម៌រវាង ភាគីទាំងពីរ។ យើងខិតខំពង្រឹងវប្បធម៌សន្ទនា តែគាត់ខំបំផ្លាញឲ្យយើងធ្វើម៉េច”។

អ្នកនាំពាក្យរូបនេះបន្តថា រឿងសំខាន់គឺលោក សម រង្ស៊ី សម្តេចបានដាក់លក្ខខណ្ឌឲ្យ លោក សម រង្ស៊ីសុំទោសជាសាធារណៈ តើគាត់ហ៊ានសុំទោសឬអត់?។

សម្រាប់បញ្ហាចាក់ស្រេះ រវាងគណបក្សទាំងពីរលើវប្បធម៌សន្ទនានេះ លោក កែម ឡីអ្នកវិភាគនយោបាយនៅកម្ពុជា បានលើកលឡើងថា វប្បធម៌សន្ទនា នេះគ្មានប្រយោជន៍អ្វីទេ ព្រោះភាគីម្ខាងៗ គ្មានយន្តការជជែកគ្នា ពីលើរហូតដល់ថ្នាក់ក្រោម ទើបតែចេះបង្កបញ្ហាឡើង មិនចេះចប់មិនចេះហើយ រហូតមក ដល់បច្ចុប្បន្ន។

លោកបន្តថា “មិនត្រឹមតែគ្មានប្រយោជន៍ទេ ថែមទាំងរំលោភទៅលើយន្តការ ដែលមានស្រាប់ផង គឺក្រសួងទំនាក់ទងរដ្ឋសភា និងព្រឹទ្ធសភា។ រំលោភទៅលើប្រធាន អនុប្រធានសភា គណៈអចិន្រ្តៃយ៍ ឬមួយគណៈកម្មការជំនាញ គេសន្ទនាគ្នាទៅហ្នុង។ ហើយយើងមកសន្ទនាគ្នាតែ ២នាក់ហ្នឹង រំលោភទៅលើអំណាចគេ”។

លោក សុខ ឥសាន្ត បន្តថា រហូតមកដល់ពេលនេះ ខាងគណបក្សសង្រ្គោះជាតិ មិនបានទាក់ទងសុំមកជួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។

សូមបញ្ជាក់ថា វប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ និងលោក សម រង្ស៊ីបានធ្វើឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនោះបាន ព្រមព្រៀងគ្នា នូវលក្ខខណ្ឌ៧ចំណុច និងសេចក្តីថ្លែងការណ៍ រវាងបក្សទាំងពីរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ថាត្រូវគោរពឲ្យបានត្រឹមត្រូវ មិនរំលោភបំពាន និងប្រើសម្តីមិនសមរម្យទៅភាគីណានោះទេ៕

អ្នកនាំពាក្យ CPP៖ វប្បធម៌សន្ទនា អាចរំលាយ បើលោកសម រង្ស៊ី មិនសុំទោស សម្តេចតេជោ