មរតកផ្លូវបុរាណ អង្គរ-ភិមាយ នឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកស្រាវជ្រាវ ខ្មែរនិងថៃ

សៀមរាប ៖នៅមជ្ឈមណ្ឌល អាជ្ញាធរជាតិអប្សរា បណ្តាញផ្លូវបុរាណ ដែលតភា្ជប់ពី ចក្រភពអង្គរ ទៅក្រុងភិមាយ ប្រទេសថៃសព្វថ្ងៃ មានចម្ងាយ២៥០គម ។

អ្នកស្រាវជ្រាវកម្ពុជា និងថៃ បានចំណាយពេលជាង១០ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ លើបណ្តាញផ្លូវបុរាណ ដ៏សំខាន់មួយនេះ ដែលបានបន្តប្រើប្រាស់ តាំងពីបុរាណ រហូតទល់នឹងបច្ចុប្បន្ន។ មរតកបុរាណដែលបានបន្សល់ទុក ត្រូវបានអ្នកស្រាវជ្រាវ រកឃើញ និងធ្វើការចងក្រងទុក ជាឯកសារ ប្រវត្តិសាស្ត្រដ៏មានតម្លៃ សម្រាប់សាធារណជនទូទៅធ្វើការស្វែងយល់ និងបន្តថែរក្សាទុកជា សម្បត្តិ បេតិកភណ្ឌមនុស្សជាតិគ្រប់ជំនាន់។

ប្រធានក្រុមស្រាវជ្រាវផ្លូវបុរាណ របស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា តាមរយៈការ ស្រាវជ្រាវរួម គ្នារវាងកម្ពុជា និងថៃ ទៅលើបណ្តាញផ្លូវបុរាណមួយនេះ យើងទទួលបាននូវព័ត៌មានជាច្រើន ហើយបានកត់ទុកដូចជា ទំនៀមទម្លាប់ ទីក្រុង សហគមន៍មនុស្ស សាលាសំណាក់ មន្ទីរពេទ្យ រោងឧស្សាហកម្ម និងស្ថានីយ៍បុរាណ រាប់រយកន្លែងបុរាណផ្សេងទៀត។ ជាពិសេស មរតកបេតិកភណ្ឌអរូបីមួយចំនួនធំ ត្រូវបាន សហគមន៍មនុស្ស ដែលរស់នៅតាមបណ្តោយផ្លូវបុរាណមួយនេះ បន្តប្រតិបត្តិរហូតមកទល់នឹងបច្ចុប្បន្ន។

នៅថ្ងៃទី០១ និងទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមអ្នកស្រាវជ្រាវទាំងពីរប្រទេស គឺកម្ពុជា និងថៃ នឹងធ្វើបទបង្ហាញអំពីលទ្ធផល ស្រាវជ្រាវដ៏ធំមួយនេះ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា ដែលនឹងមានអ្នកចូលរួមប្រមាណជាង៣០០នាក់។

តាមរយៈបទបង្ហាញជាសាធាណៈនេះ អ្នកស្រាវជ្រាវខ្មែរនិងថៃ៨រូប នៃគម្រោងស្រាវជ្រាវផ្លូវបុរាណ នឹងធ្វើ បទបង្ហាញទៅលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវដូចជា ៖ បណ្តាញគមនាគមន៍ សម័យបុរាណក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក, ទំនាក់ទំនងវប្បធម៌ នៅភាគខាងត្បូងនិង ភាគកណ្តាលនៃប្រទេសថៃ មើលតាមរយៈការសិក្សាបុរាណវិទ្យា, ឧស្សហកម្មស្តីពីស្ថានីយស្លដែកបុរាណ, វិស័យសិក្សាលោហកម្មសម្រាប់ ស្វែងយល់អំពីទំនាក់ទំនងវប្បធម៌សម័យបុរាណនៅភូមិភាគអាស៊ីអាគ្នេយ៍ដីគោក, ឧស្សហកម្មស្តីពីកុលាលភាជន៍ នៅតាមផ្លូវបុរាណ ជាដើម។

ជាមួយគ្នានេះដែរ នៅថ្ងៃទី០២នៃបទបង្ហាញ នឹងមានដំណើរទស្សនកិច្ច សិក្សាទៅកាន់អតីតទី ប្រជុំជន បុរាណមួយ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណភ្ជាប់ពីរាជធានីអង្គរឆ្ពោះទៅក្រុងភិមាយ សព្វថ្ងៃស្ថិតនៅ ក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ មានចម្ងាយប្រមាណ៤០គមពីក្រុងសៀមរាប៕

មរតកផ្លូវបុរាណ អង្គរ-ភិមាយ នឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកស្រាវជ្រាវ ខ្មែរនិងថៃ

មរតកផ្លូវបុរាណ អង្គរ-ភិមាយ នឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកស្រាវជ្រាវ ខ្មែរនិងថៃ