ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​ច្រក​ជាំ​ស្រងាំ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​កាន់តែខ្លាំង​ឡើងៗ​

សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​កាន់តែខ្លាំង​ឡើងៗ ដោយសារតែ​មានការ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ហួសហេតុ​ពេក​។ ប្រការនេះ​ថ្នាក់ដឹកនាំ​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​ស្រងាំ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ អាច​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង ដែល​ចេញចូល​រកស៊ី​ក្នុង​ទឹកដី​សៀម​បាន​ឲ្យ​ដឹងថា នគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​ស្រងាំ បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​អំពើ​ចិត្ត​នៅពេលដែល​ពួកគាត់​បំពេញបែបបទ​លើ​ឯកសារ​សម្រាប់​ឆ្លងដែន​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ធ្វើ​ប័ណ្ណឆ្លងដែន​នាំ​ប្រពន្ធ​កូន​ឬ​សាច់ញាតិ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​ខេត្ត​សុរិន្ទ ត្រូវ​បង់លុយ​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​រៀល​។ ការយក​លុយ​១០​ម៉ឺន​រៀល​នេះ គឺ​ច្រើន​ហួសហេតុ​ព្រោះ​ការបំពេញ​បែបបទ​ដូចគ្នា​នៅ​ច្រក​អូរ​ស្មាច់ ពួកគាត់​បង់លុយ​ត្រឹម​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ពួកគេ​តទៅទៀត​ទេ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ច្រក​ជាំ​ស្រងាំ និង​ច្រក​អូរ​ស្មាច់ ស្ថិតនៅក្នុង​ខេត្តឧត្ដរមានជ័យ​ដូចគ្នា ប៉ុន្តែ​តម្លៃ​នៃ​ការ​បំពេញបែបបទ​ឆ្លងដែន​ខុសគ្នា គឺជា​ភស្តុតាង​បង្ហាញថា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​ស្រងាំ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់​មេ​នគ​របាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ជាំ​ស្រងាំ​ផងដែរ​។ ដោយហេតុថា​មួយ​រយៈពេល​កន្លងទៅនេះ​នគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​ស្រងាំ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ច្រើន​ហួសហេតុ ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ហើយ​ទង្វើ​របស់​ពួកគេ​អាចមាន​ការបើក​ដៃ​ពី​មេ​ធំៗ​នៅ​ខាងលើ​ផងដែរ​៕

20151015_091325_20151016-13564885 20151018_112822_20151029-09451271