តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ជា​អ្នករត់​ឡាន​តាក់ស៊ី និង​ម៉ូតូឌុប ៣​នាក់ ករណី​ជំរិត​ទារប្រាក់​ពលករ​ខ្មែរ​

ខេត្តបន្ទាយមានជ័យ: តុលាការខេត្ត​បន្ទាយមានជ័យ បានចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ ជា​អ្នករត់​ឡាន​តាក់ស៊ី និង​ម៉ូតូឌុប ចំនួន ៣​នាក់​។ ការឃុំខ្លួន​នោះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៧​តុលា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ឃុបឃិត កំហែង​យក ឬ​ជំរឹត​ទារប្រាក់​ពី​ជនរងគ្រោះ ជា​ពលករ​ខ្មែរ​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ តាម​ច្រករបៀង​។​

​ជនសង្ស័យ​ទាំង ៣​នាក់​នោះ មានឈ្មោះ​១-​លីវ តាំង​ហូ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​២-​ពេជ្រ ចាន់​ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​៣-​ឈ្មោះ ផល សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។
      
​រីឯ​ពលករ​រងគ្រោះ​មានឈ្មោះ ព្រំ ភ័ក្ត្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ពក ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
 
​លោក​វ​សេនីយ៍​ត្រី ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តបន្ទាយមានជ័យ​រំលឹកថា :​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​ជនរងគ្រោះ​ឈ្មោះ ព្រំ ភ័ក្ត្រ បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។ លុះ​មកដល់​ទឹកដី​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់ ជា​បក្ខពួក​នឹង​គ្នា ដែលជា​អ្នក​ជ្រែ​មនុស្ស​ឆ្លងដែន (​ហៀវ​) រត់​ម៉ូតូឌុប រត់​តាក់ស៊ី​បាន​ហៅ​ជនរងគ្រោះ​ជិះ​រថយន្ត​របស់ខ្លួន​ជូន​ដំណើរ​ដល់​ក្រុងភ្នំពេញ យក​តម្លៃ ៨០០​បាត ប្រាក់​ថៃ​។ នៅពេលនោះ ជនរងគ្រោះ​ក៏​ឡើង​ជិះ​រថយន្ត​តែម្នាក់ឯង​ជាមួយនឹង​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់​។​
 
​ខណៈដែល​ពួក​ដឹក​ជនរងគ្រោះ​មកដល់​ចំណុច​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រហែល​ជាង ៥០០​ម៉ែត្រ ស្រាប់តែ​ពួកគេ​ចាប់​គំរាម​ជំរិត​យកប្រាក់​ជនរងគ្រោះ​ចំនួន ១​ម៉ឺន​បាត ប្រាក់​ថៃ​។ នៅពេល​ជនរងគ្រោះ​ឱ្យប្រាក់ ១០០០០ បាត ដល់​ក្រុម​ជនសង្ស័យ ពួកគេ​ក៏​រុញច្រាន​ជនរងគ្រោះ​ទម្លាក់​ពី​រថយន្ត ហើយ​បើករថយន្ត​រត់គេចខ្លួន​បាត់​។ ក្រោយពី​ភ័យ​ស្លន់ស្លោរ​នឹង​រឿងនេះ ជនរងគ្រោះ បាន​រត់​មកប្តឹង​ប៉ូលិស​នៅ​ស្នងការដ្ឋាន​ខេត្ត​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​បញ្ជា​អោយ​លោក​វរសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង និង​ជា​នាយការិយាល័យ​កណ្តាល​ព្រហ្ម​ទ័​ណ្ឌ ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​នេះ​។​
    
​ទីបំផុត ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បង្ក្រាបបាន​បន្តបន្ទាប់​នូវ​មុខសញ្ញា​ល្មើស ដូចខាងលើ កាលពី​ថ្ងៃទី​២៤-២៥ តុលា ក្រោយពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​រួចហើយ​ចេញទៅ​ស្រាវជ្រាវ ទើប​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ជា​អ្នករត់​ឡាន​តាក់ស៊ី និង​ម៉ូតូឌុប ៣​នាក់ ករណី​ជំរិត​ទារប្រាក់​ពលករ​ខ្មែរ​

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ជា​អ្នករត់​ឡាន​តាក់ស៊ី និង​ម៉ូតូឌុប ៣​នាក់ ករណី​ជំរិត​ទារប្រាក់​ពលករ​ខ្មែរ​

តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ជា​អ្នករត់​ឡាន​តាក់ស៊ី និង​ម៉ូតូឌុប ៣​នាក់ ករណី​ជំរិត​ទារប្រាក់​ពលករ​ខ្មែរ​