អាវុធហត្ថ​បង្ហាញមុខ​ជនសង្ស័យ​៤២​នាក់ មុន​បញ្ជូនទៅ​តុលាការ​

ភ្នំពេញ: នៅ​ព្រឹក​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០១៥​នេះ កម្លាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀននៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ហាញមុខ​​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន​៤២​នាក់ ដែល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុងរយៈពេល​១​សប្ដាហ៍ មុន​បញ្ជូនទៅ​តុលាការ​រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​សរុបចំនួន​៥៧​កញ្ចប់ ព្រមទាំង​សម្ភារៈ​សម្រាប់​សេព​ជាច្រើន​ទៀត ។​

 កងរាជអាវុធហត្ថ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​១០ និង​២៥នាទី​ថ្ងៃទី​២៩ ខែតុលា​ថា នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​កា​រិ​យា​ល័យ​បង្ក្រាប​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ នៅចំណតរថយន្ត​ផ្សារ​សូរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដោយ​ដកហូត​បានគ្រឿងញៀន​៧​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួនទៀត​។​

 នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វាឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយ​ដកហូត​បាន​គ្រឿងញៀន​២០​កញ្ចប់​។ នៅ​ថ្ងៃ​ដដែល​នេះផងដែរ ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញសហការ​ជាមួយ​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​១២នាក់ នៅផ្ទះ​សំណាក់​វិមាន​អង្គរជ័យ ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅ សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ដកហូត​បាន​គ្រឿងញៀន​៥​កញ្ចប់ និង​សម្ភារៈ​​សម្រាប់​សេព​មួយចំនួនទៀត​។​

 នៅ​យប់​ថ្ងៃទី​២១ ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ អាវុធហត្ថ​ខណ្ឌចំការមនឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ នៅលើ​ផ្លូវ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវខណ្ឌចំការមន ដោយ​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់ និង​អាវុធហត្ថខណ្ឌទួលគោក​សហការ​ជាមួយ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ នៅ​ផ្លូវ​១៩២សង្កាត់​ទឹកល្អក់​២ និង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​១០ ផ្លូវលំ សង្កាត់​បឹង​សាឡាងខណ្ឌទួលគោក ដោយ​ដកហូត​គ្រឿងញៀន​បាន​៣​កញ្ចប់​។ នៅ​យ​ប៉​ថ្ងៃទី​២៥តុលា​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ និង​កម្លាំង​អន្តរាគមន៍​ចេញ​ល្បាត​ចាប់បានជនសង្ស័យ​១៤​នាក់ និង​ថ្នាំ​៩​កញ្ចប់​ទៀត​។ នៅ​យប់​ថ្ងៃទី​២៦​និង​២៧ ខែតុលាអាវុធហត្ថ​ខណ្ឌដូនពេញ និង​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​ជនសង្ស័យ បាន​១២​នាក់និង​ថ្នាំ​១២​កញ្ចប់​ទៀត​។ សរុបមក​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួនជនសង្ស័យ​៤២​នាក់ និង​ថ្នាំញៀន​៥២​កញ្ចប់​។​

​ជនសង្ស័យ​ទាំង​៤២​នាក់​និង​វត្ថុតាង ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អាវុធហត្ថ​បង្ហាញមុខ​ជនសង្ស័យ​៤២​នាក់ មុន​បញ្ជូនទៅ​តុលាការ​