លោក ហ៊ីង ប៊ុន​ហៀង សុំទោស​ពលរដ្ឋ ករណី​កង​អង្គរក្ស បាន​ផឹកស៊ី ប៉ះទង្គិច បាញ់បោះ​

ភ្នំពេញ​: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង មេបញ្ជាការ​កង​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បានធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​លោក​អភិបាល អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលខណ្ឌ​ទាំង​១២ ជាពិសេស​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ ចំពោះ​នាយពល​ទាហាន​អង្គរក្ស​ក្រោម​ឱវាទ​របស់លោក ដែល​ចំណុះ​កង​អង្គរក្ស ដែលមាន​ពេលខ្លះ បាន​ផឹកស៊ី ប៉ះទង្គិច បាញ់បោះ និង​បើករថយន្ត​លឿន និង​វ៉ា​ជែង ក្នុងពេល​កន្លងមក​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់នៅ និង​រោង​រថក្រោះ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហ៊ាង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស បាន​មានប្រសាសន៍ថា "​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អនុគ្រោះ​នូវ​រាល់​សកម្មភាព ហើយ​មានពេលខ្លះ ក៏​សុំ​ឲ្យ​ខ្ញុំ​សុំទោស ក្នុងនាម​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ​នៃ​កងយោធពល​កង​ខេមរភូមិន្ទ ហើយ​ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ផងដែរ ដោយសារ​មានពេលខ្លះ នាយពល​ទាហាន នៅមានកម្រិត អាចធ្វើ​ការប៉ះទង្គិច បាញ់បោះ ឬក៏​ស្រវឹង​ផឹកស៊ី​លិច​កើត ជៀស​មិន​ផុត​ទេ​"​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង បាន​បញ្ជាក់ថា "​ការគ្រប់គ្រង​មនុស្ស​នេះ គឺ​បាន​ពិគ្រោះ​យោបល់ និង​បាន​ជម្រាបជូន​ឯកឧត្តម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​រួចហើយ ឲ្យ​ខ្ញុំ​សុំទោស​ផងដែរ មានពេលខ្លះ​បើកបរ​រថយន្ត​គ្រប់​ប្រភេទ ដោយ​ចង់​ឈ្នះ​ចង់​ចាញ់ ឬក៏​ចង់​លឿន​យឺត បាន​ប៉ះ​ទ​ង្គិ​តដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​"​។

​លោក ហ៊ីង ប៊ុន​ហៀង ក៏បាន​អរគុណ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលខណ្ឌ​ទាំង ១២ ដែលមាន​ទឹកចិត្ត​សហប្រតិបត្តិការ ហើយ​ជួយ​បង្កលក្ខណៈ​យោគយល់ ដល់​លោក និង​លោក​មេបញ្ជាការរង​គ្រប់​ថ្នាក់​។

​លោក​បាន​បន្ថែមថា "​ការគ្រប់គ្រង មិន​លាក់លៀម​ទេ យើង​ប្រៀបធៀប​ថា ជួនកាល​ពេលខ្លះ កូន​យើង​តែ ៥ នាក់ មានការ​ជួប​ការលំបាក ចុះ​ទម្រាំ​រាប់ពាន់នាក់ វា​ជួប​ការលំបាក​ណាស់ វា​មាន​តក់ វា​មាន​នាឡិ ដូច​សុភាសិត​បុរាណ បាន​ពោលថា "​តែងតែមាន​តក់ មាន​នាឡិ​" ហើយ​នៅ​កន្លែង​ខ្លះ ដែល​ខ្ញុំ និង​ឯកឧត្តម ហ៊ុយ ពិសិដ្ឋ និង​មេបញ្ជាការរង​ទាំងអស់ អប់រំ​នាយពល​ទាហាន នៅ​ថ្នាក់ក្រោម នៅមានកម្រិត​"៕ 

លោក ហ៊ីង ប៊ុន​ហៀង សុំទោស​ពលរដ្ឋ ករណី​កង​អង្គរក្ស បាន​ផឹកស៊ី ប៉ះទង្គិច បាញ់បោះ​

លោក ហ៊ីង ប៊ុន​ហៀង សុំទោស​ពលរដ្ឋ ករណី​កង​អង្គរក្ស បាន​ផឹកស៊ី ប៉ះទង្គិច បាញ់បោះ​

លោក ហ៊ីង ប៊ុន​ហៀង សុំទោស​ពលរដ្ឋ ករណី​កង​អង្គរក្ស បាន​ផឹកស៊ី ប៉ះទង្គិច បាញ់បោះ​