មេ​ប៉េអឹម​ស្រុក​អង្គ​បូរី កំពុងតែ​កាង​បទល្មើស​នេសាទ​យ៉ាង​ពេញទំហឹង តាម​បណ្ដោយ​ព្រំ​ដែនទឹក ក្នុង​ខេត្តតាកែវ​

តាកែវ: ​បទល្មើស​នេសាទ​នៅតាម​បណ្ដាល​ស្រុក​មួយចំនួន នៅក្នុង​ខេត្តតាកែវ ជាពិសេស​នៅតាម​បណ្ដោយ​ព្រំដែន​ទឹក​រវាង​ខេត្តតាកែវ និង​ខេត្ត​អាងយ៉ាង ត្រូវបាន​គេ​អះអាងថា មេ​ប៉េអឹម​ស្រុក​អង្គរ​បូរី លោក សុខ ឡេះ ជា​អ្នកកាង​ជនជាតិ​វៀតណាម ឲ្យ​ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅក្នុង​ដែនទឹក​របស់​កម្ពុជា​យ៉ាង​អ​នា​ធិ​តេ​យ្យ​។

​បុរស​ជា​អ្នករត់​ទូក​ម្នាក់ នៅក្នុង​ស្រុក​បុរី​ជលសារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ មាន​ទូក​វៀតណាម​រាប់សិប​គ្រឿង ដែលមាន​ឧបករណ៍​ខុសច្បាប់ មាន​ស្បៃ​មុខ និង​ស៊ី​យឺន​មកជា​មួយ​ផង បាន​ចូលមក​នេសាទ​ខុសច្បាប់ នៅក្នុង​ដែន​នេសាទ​របស់​ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសារ តាម​បណ្ដោយ​ព្រំដែន ដោយ​ក្នុង​មួយ​ទូក ដែល​ចូលមក រក​ក្ដាម ត្រូវ​បង់លុយ​អោយ​លោក សុខ ឡេះ មេ​ប៉េអឹម​ស្រុក​អង្គ​បូរី ពី ៦​លាន​ដុង ទៅ ៨​លាន​ដុង ទូក​រកត្រី ត្រូវ​បង់​ពី ១២​លាន​ដុង ទៅ ២០​លាន​ដុង ទូក​រក​បង្កង ត្រូវ​បង់​ពី ១២ លាន​ដុង ទៅ ១៨​លាន​ដុង​។

​ប្រជាពលរដ្ឋ​ដែលជា​អ្នករត់​ទូក​ខាងលើ បាន​បន្ថែមថា​លោក​មេ​ប៉េអឹម​ស្រុក​អង្គ​បូរី សុខ ឡេះ បាន​ប្រើ​បងប្អូន​របស់ខ្លួន ឈ្មោះ ឡេះ សូ​នី និង​បងថ្លៃ​ឈ្មោះ សុខ ធូ ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ទូក​ជនជាតិ​វៀតណាម​ទាំងអស់នោះ​។

​ដោយឡែក នៅ​ខ្សែ​ព្រំដែន​នៅក្នុង​ឃុំ​ជ័យ​ជោគ ចន្លោះ​បង្គោល​លេខ​៦៦ និង​៦៨ ដែលមាន​ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ ត្រូវបាន​លោក សុខ ឡេះ លក់​ទៅអោយ​ថៅកែ​វៀតណាម ឈ្មោះ អា​ហ៊ាង តម្លៃ​ប្រហែល ៧​ម៉ឺន​ដុល្លារ និង​តាម​បណ្ដោយ​ព្រំដែន តាម​ស្រុក​ដទៃទៀត ត្រូវ​លោក សុខ ឡេះ លក់​អោយ​ឈ្មួញ​វៀតណាម ឈ្មោះ អា​ណុ​ក ប្រហែល ១៨ ម៉ឺន​ដុល្លារ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​នេះ លោក សុខ ឡេះ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយសារតែ​ទូរស័ព្ទ​របស់លោក មិនអាច​ទំនាក់ទំនង​បាន​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា បញ្ហា​ទាំងអស់នេះ លោក​បានលឺ​ដែរ ហើយ​លោក ក៏បាន​សាកសួ​លោក សុខ ឡេះ រួចរាល់​ហើយ​ដែរ ដោយ​លោក សុខ ឡេះ បាន​ប្រាប់​លោក​ថា មាន​មន្ត្រី​នគ​បាល​ជាន់ខ្ពស់​ម្នាក់ បាន​ប្រើ​លោក ឲ្យ​ធ្វើ​កិច្ចការងារ​នោះ​។​

​តែ​ទោះជា​យ៉ាងណា លោក​បានស្នើ​អោយ​លោក សុខ ឡេះ បញ្ឈប់​ធ្វើ​សកម្មភាព​ខុសច្បាប់​នេះ​ជាបន្ទាន់ ព្រោះ​ក្នុងនាម​ជា​មេបញ្ជាការ​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​អង្គ​បូរី មិនត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​បទល្មើស​នេសាទ​នោះទេ​។​

​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាលខេត្ត​តាកែវ បាន​ប្រាប់​អោយដឹងថា ការនេសាទ​របស់​ជន​ជាតិ​វៀតណាម ដែល​ចូលមក​នេសាទ​នៅ​ទឹកដី​ខេត្តតាកែវ​យើង​នេះ វា​មាន​តិចតួច​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​ការអនុញ្ញាតអោយ​វៀតណាម ចូលមក​នេសាទ​នោះ វា​មិនមែនជា​សមត្ថកិច្ច​រប​ស់រូប​លោក​ទេ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​ប៉ូលិស ទាហាន និង​ប៉េ​អ៊ឹម ដែល​ស្ថិតនៅតាម​ច្រកព្រំដែន​កម្ពុជា​វៀតណាម​៕​

មេ​ប៉េអឹម​ស្រុក​អង្គ​បូរី កំពុងតែ​កាង​បទល្មើស​នេសាទ​យ៉ាង​ពេញទំហឹង តាម​បណ្ដោយ​ព្រំ​ដែនទឹក ក្នុង​ខេត្តតាកែវ​

មេ​ប៉េអឹម​ស្រុក​អង្គ​បូរី កំពុងតែ​កាង​បទល្មើស​នេសាទ​យ៉ាង​ពេញទំហឹង តាម​បណ្ដោយ​ព្រំ​ដែនទឹក ក្នុង​ខេត្តតាកែវ​