បុរស​តូចចិត្ត​រឿង​ថៅកែ​ស្តីបន្ទោស រឿង​ដេប៉ូ​ទទួល ជំពាក់​ប្រាក់​ច្រើនពេក​ចងក​សម្លាប់ខ្លួន​

កណ្តាល: បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ​ម្នាក់ តូចចិត្ត​រឿង​ថៅកែ​ស្តីបន្ទោស​ឲ្យ​រឿង​តាមដេប៉ូ​ទទួល ជំពាក់​ប្រាក់​ច្រើនពេក ផឹកស្រា​ស្រវឹង​ចងក​ធ្វើ​​អត្តឃាត​ក្នុង​បន្ទប់​ក្រោមផ្ទះ របស់​មិត្ត​ភ​ក្ត្រ័​រួម​ការងារ​ជាមួយ ឈ្មោះ ឆុំ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំរស់នៅ​ភូមិ​រាន​ថ្ម ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ​សុទ្ធ សុខ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំត្រូវបាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង​៥​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​បារាយណ៍ ស្រុកបារាយណ៍​ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុមហ៊ុនស្រា បៀរ​អង្គរ​​ក្រុង​តាខ្មៅ​ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​។​

​សូមបញ្ជាក់ថា​នៅមុន​ពេល​កើតហេតុ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​វេលា​ម៉ោង​១រសៀល ម្សិលមិញ​ជនរងគ្រោះ​បាន​ដឹក​ស្រា​បៀរ​អង្គ​រលើ​រថយន្ត​ដើរ​ចែក​ចាយ​តាម​ដេប៉ូ​តាមផ្លូវ​ជាតិ​លេខ ក្នុងស្រុក​កណ្តាលស្ទឹង ពេល​ចែកចាយ​ស្រា​បៀរ​អស់ជនរងគ្រោះ​និង​មិត្ត​ភ​ក្ត្រ័​មាន​គ្នា​៤​នាក់​បាន​បើករថយន្ត​ទៅលេង​ផ្ទះ​ឈ្មោះ ឆុំ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​រាន​ថ្ម ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹងខេត្តកណ្តាល​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​ក្នុងនោះ​ម្ចាស់ផ្ទះ​និងជនរងគ្រោះ​បាន​ហូបបាយ​និង​ផឹកស្រា​បៀរ​រហូតដល់​ម៉ោង​៦​ល្ងាច នា​ថ្ងៃ​ដដែលជនរងគ្រោះ​បាន​ឲ្យ​មិត្ត​ភ​ក្ត្រ័​ទាំង​៣​នាក់​របស់ខ្លួន បើករថយន្ត​ទៅ​ទុក​នៅ​ក្រុមហ៊ុន​នៅ​ក្រុង​តាខ្មៅ​វិញ ពេលទៅដល់​ក្រុមហ៊ុន ទាំង​២​នាក់​សំរាក​នៅ​ក្រុមហ៊ុនចំណែក អ្នក​ឯទៀត​បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ហើយ​បាន​ផឹកស្រា​បៀរ​ជាមួយ​ម្ចាស់ផ្ទះ​និង​ជនរងគ្រោះ​បន្តទៀត​លុះដល់​ម៉ោង​៨​យប់ ប្រពន្ធ​ម្ចាស់ផ្ទះ​រៀបចំបន្ទប់​ទុក​ឲ្យ រួចជាស្រេច​។​

​លុះដល់​ម៉ោង​៩​យប់​នា​ថ្ងៃ​ដដែល​ម្ចាស់ផ្ទះ​និង​មិត្ត​ភ​ក្ត្រ័ ម្នាក់ទៀត​បាន​ចូលទៅ​ដេក​ក្នុងបន្ទប់​ក្រោមផ្ទះ​រៀងៗ​ខ្លួន​។ លុះដល់​ម៉ោង​៥​ភ្លឺ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​ម្ចាស់ផ្ទះ​បាន​ងើប​ពី​ដេក​បាន​ដើរ​ចេញមក ហើយ​ងាក​មើលទៅ​បន្ទប់​ជនរងគ្រោះ​ដេក ក៏​ឃើញជនរងគ្រោះ​ចងក​និង​ខ្សែក្រវ៉ាត់​ពណ៌​សុ​កូ​ឡា​ជាប់​​និង​ជំ​រឹង​បង្អួច អង្គុយ​និង​អ​ង្គុ​ញ​ជើង​បែរមុខ​មក​ទ្វារ​បន្ទប់ ម្ចាស់ផ្ទះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​និង​ចូលទៅ​លើក​ខ្សែក្រវ៉ាត់ចេញពី​ក​ហើយ​យក​ជនរងគ្រោះ​មក​ដាក់​លើ​គ្រែ​ខាងមុខផ្ទះ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ផ្នែក​ជំនាញ​ស្រុក​បាន​សហការ​ណ៍ជាមួយ​ជំនាញ​ខេត្ត​បាន​ចុះមក​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​មាន​​ស្នាម​ជាំ​បំពង់ក​ចេញ​ទឹកកាម​និង​លាមក រួច​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បានធ្វើអត្តឃាត​ចងក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​យិន រតនា ភេទ​ប្រុស​អាយ​២៥​ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ក្រុមហ៊ុនជាមួយគ្នា​បាន​បំភ្លឺថា​ជនរងគ្រោះ​ឲ្យ​តែ​ផឹកស្រា​ម្តងៗ​ច្រើន​និយាយថា គាត់ពិបាកចិត្ត​ព្រោះ​ថៅកែ​បាន​ស្តី​ឲ្យ​គាត់​ពី​រឿង​តាម​ដេប៉ូ​ទទួល​ជំពាក់​ប្រាក់​ច្រើនពេក។​សាកសព​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​យកទៅ​ស្រុក​​កំណើត​នៅ​ខេត្តកំពង់ធំ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​