អតីតតារា​សម្តែង​ជើង​ចាស់​លោក ហ៊ុយ សាន់ ទទួល​មរ​ណ​ភាព​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ

រាជ​ធានី​ភ្នំពេញ​ ៖ អ​តីត​តារា​សម្តែង និង​ជា​ចាងហ្វាង​ផលិតកម្ម​តាំងពី​សង្គម​លោក ហ៊ុយ សាន់ បាន​ទទួល​មរ​ណភាព​ហើយ ក្នុង​ជន្មាយុ​៧៧ឆ្នាំ​ ដោយ​ជរាពាធ នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក​។

ដំណឹង​មរ​ណភាព​របស់​លោក ហ៊ុយ សាន់ ត្រូវ​បាន​ផ្សព្វ​ផ្សាយតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​កូនប្រុស​របស់​លោក ហើយ​មានការ​ចែករំលែក​ពី​ម្នាក់​ទៅ​ម្នាក់​ផង​ដែរ ​។ ​អ្នក​ដែល​ធ្លាប់​ស្គាល់​ការ​សម្តែង​របស់​លោកបាន​ចូលរួម​ការ​សោកស្តាយ​ជា​ពន់ពេក នៅ​ពេល​ដែល​បាន​បាត់បង​វី​រៈសិ​ល្ប​ករ​ជើង​ចាស់​រូប​នេះ​។

យ៉ាងណា​ក៏​ដោយ​ព័ត៌មាន​លម្អិត​នៃ​មរ​ណភាព​របស់​អតីត​តារា​សម្តែង​តួអង្គ​កាច​រូប​នេះ​មិន​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​បញ្ជាក់ឱ្យបាន​លម្អិត​ឡើយ គ្រាន់តែ​មានការ​ជូនដំណឹង និង​បញ្ជាក់​ពី​ការ​ធ្វើបុណ្យ និង​ការ​បញ្ចុះសព​តែ​ប៉ុណ្ណោះ​។

បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​គណនេ​យ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដេ​វី​ដ ចាន់​ណាយ​វ៉ា ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុយ សាន់ បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​លោក​បាន​ទទួល​មរ​ណ​ភាព​កាលពី​វេលា​ម៉ោង​៨ និង៣០​នាទី​យប់ ថ្ងៃច័ន្ទ ទី​២៦ ​តុលា​ ២០១៥ ក្នុងជន្មាយុ៧៧​ឆ្នាំ​។

លោក​បន្ត​ថា ពិធី​បញ្ចុះសព​ឪពុក​របស់​លោក​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ​តុលា ​​២០១៥ ​វេលា​ម៉ោង​៩​ព្រឹក នៅ DOLAN FUNERAL HOME, INC សហរដ្ឋអាមេរិក​។

បើ​តាម​ឲ្យ​ដឹង​ពី​លោក ចាន់​ណា​វ៉ា លោក ហ៊ុយ សាន់ កើត​នៅថ្ងៃ​ទី​១១ ​ធ្នូ  ១៩៣៨ ​។ លោក​បញ្ជាក់​ថា កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​មក​ដល់​សម័យ​យើង​សព្វ​ថ្ងៃនេះ​ឪពុក​របស់​លោក​ជាគ្រូ​ក្បាច់​គុនដំបង​ខ្មែរ បុរាណ ជាកីឡាករ​ជើងឯក​ទទួល​ពានរង្វាន់អូ​ឡាំ​ពិ​ច ជាតារាភាពយន្ត និងជាអ្នក​ផលិត​ខ្សែភាពយន្ដផង​ដែរ​៕