ប្រគល់ ពានរង្វាន់ ដល់ជយលាភី កម្មវិធី ប្រកួតប្រជែងរចនា ប្លង់គ្រឿងសង្ហារឹម លម្អវិថី

ភ្នំពេញ៖ ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ បានរៀបចំកម្មវិធី ប្រគល់ពានរង្វាន់ដល់ ជ័យលាភីនៃកម្មវិធី «ប្រកួតប្រជែងរចនាប្លង់ គ្រឿងសង្ហារឹមលម្អវិថី» នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រានៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥។

លោកបណ្ឌិត ភឿង សុភណ្ឌ អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែង កោតសរសើរ ដល់ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ ដែលបានផ្ដួចផ្ដើមគំនិត ដ៏ល្អរៀបចំកម្មវិធីប្រកួតប្រជែង ការរចនាប្លង់គ្រឿងសង្ហារឹម លម្អវិថី (Street furniture Design Competition )នេះឡើង ដើម្បីស្វែងរកស្ថាបត្យករវ័យក្មេង ដែលពោរពេញទៅដោយ សមត្ថភាព ទេពកោសល្យ ទៅបន្ដការសិក្សា ដកស្រង់បទពិសោធន៍ ពីមហាអំណាច សេដ្ឋកិច្ចទីពីរ គឺសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបម្រើការងារ នៅកម្ពុជានាពេលអនាគត។

លោកបណ្ឌិតបន្ដថា “លទ្ធផលដែលទទួលបានថ្ងៃនេះ ឆ្លុះបញ្ចាំងពីមនសិការស្រឡាញ់ ការងារស្ថាបត្យកម្ម នគរូបនីយកម្ម និងសំណង់ ដែលមានបេក្ខភាព ចូលរួមជាច្រើននាក់ ហើយនេះបានសរបញ្ជាក់ឲ្យឃើញនូវ សមត្ថភាពធនធានមនុស្ស វ័យក្មេង នៅកម្ពុជា សម្រាប់ចូលរួមចំណែកកសាងប្រទេសជាតិ ប្រកបដោយស្នាដៃ ជាលក្ខណៈជាតិ និងអន្ដរជាតិ”។

លោកបណ្ឌិតបន្ថែមថា បេក្ខជនដែលមកប្រកួតប្រជែង រចនាគ្រឿងសង្ហារឹម លម្អវិថីសម្រាប់ឧទ្យានសេនត្រលផាក(Central Park) មកពីគ្រឹះស្ថានឧត្ដមសិក្សាប្រមាណ ចំនួន៩ រួមមាន សាកលវិទ្យាល័យមេគង្គកម្ពុជា , វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា , សាកលវិទ្យាល័យបញ្ញាសាស្ដ្រ , ន័រតុន , លីម កុក វីង , ហ្សាម៉ាន , វិទ្យាស្ថានស៊ីតិច , ភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្ដរជាតិរ៉ាហ្វល់ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង ការប្រកួតចាប់តាំងពី ប្រកាសបើកកាលពីថ្ងៃទី ១៦ខែសីហា រហូតដល់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០១៥ កន្លងទៅ។

សូមបញ្ជាក់ថា បេក្ខជនជាប់លេខមួយ បានទៅលើ លោក លឹម យ៉ុងហួរ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទទួលរង្វាន់ទៅ ហ្វឹកហាត់ការរៀនសូត្រ ការងារនៅក្រៅប្រទេស ជាមួយក្រុមហ៊ុនស្ថានបត្យកម្ម និងផែនការនគរូបនីយកម្មអន្ដរជាតិ ទ្បូហ្គន នាទីក្រុងសៀ ហៃ ប្រទេសចិន លេខពីរកញ្ញា អឹង ប៉ូលីន មកពីភូមិន្ទដូចគ្នា ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១ពាន់ដុល្លារ និង លេខបី លោក តាំងណារ៉ុង ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៥០០ដុល្លារ មកសាកលវិទ្យាល័យ ន័រតុន៕