ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​លើ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​

ករណី​ក្រុមបាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន​បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ករណី​អំពើហិង្សា​វាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​។

​យោងតាម​គេហទំព័រ​របស់​សភា​សិទ្ធិមនុស្ស​អាស៊ាន​(APHR)​បាន​ឲ្យ​ដឹងថា ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ហើយ​បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ​ចំពោះ​អំពើហិង្សា​នោះ​។ លោក ឆា​ឡេស សាន់​ទី​យ៉ា​ហ្គោ (Charles Santiago) ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន និង​ជា​សមាជិកសភា​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ បាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​លើ​សមាជិកសភា​២​រូប​ដែលជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​កម្ពុជា​។

ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន លោក ឆា​ឡេស សាន់​ទី​យ៉ា​ហ្គោ បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការប្រើ​ហិង្សា​សម្រាប់​ផលប្រយោជន៍​នយោបាយ និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដែល​រា​ប់ប​ញ្ជូ​ល​ទាំង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​និង​រដ្ឋ​សមាជិក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចប់​នូវ​គោលនយោបាយ​រឹតត្បិត​លើ​ក្រុម​អ្នកប្រឆាំង​របស់ខ្លួន​។ ប្រធានសភា​សិទ្ធិមនុស្ស​អាស៊ាន បាន​ព្រមាន​ផងដែរ​ថា ការបរាជ័យ​ក្នុង​ការចេញ​ចំណាត់ការ​ភ្លាមៗ​ដើម្បី​ទប់ស្កាត់​លើ​សកម្មភាព​ដែល​គ្មាន​ច្បាប់ទម្លាប់ នឹង​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

សភា​សិទ្ធិមនុស្ស​អាស៊ាន​(APHR) ត្រូវគេ​ស្គាល់​ថា​ជា​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ​របស់​សភា​មួយក្រុម និង​បុគ្គល​ដែលមាន​ឥទ្ធិពល​រួមគ្នា​បង្កើតឡើង ដើម្បី​ប្រើប្រាស់​តួនាទី​របស់ខ្លួន​និង​យន្តការ​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​នៅ​ការរើសអើង គាំទ្រ​សិទ្ធិសេរីភាព​នយោបាយ​និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​។ ហេតុនេះហើយ​ទើប​ស្ថាប័ន​សភា​សិទ្ធិមនុស្ស​អាស៊ាន បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​នៅពេលដែល​សមាជិកសភា​២​រូប​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជនដៃដល់​មួយក្រុម​វាយប្រហារ​បណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ ជាពិសេស​សភា​សិទ្ធិមនុស្ស​អាស៊ាន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​បញ្ឈប់​នយោបាយ​រឹតត្បិត​លើ​ក្រុម​អ្នកប្រឆាំង​៕

asean_human_rightលោក ឆា​ឡេស សាន់​ទី​យ៉ា​ហ្គោ ប្រធានសភាសិទ្ធិមនុស្សអាស៊ាន 12118682_711660905602541_9104923027728901196_n 12042851_711660962269202_2782592299753853674_n 19986_1012438418819623_2249249443584344562_n 12191403_1012438408819624_3478833075270815918_n 12049240_1012438438819621_3252334803553113294_n 12190794_710873605681271_5666546328394570355_n