ឃាត់ខ្លួន​មេខ្យល់​៥​នាក់ និង​សង្គ្រោះ​នារី រងគ្រោះ​ចំនួន​៨​នាក់​

ភ្នំពេញ: នៅ​ព្រឹក និង​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ការិយាល័យប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​នារី​ក្រមុំ​វ័យក្មេងទៅ​រៀបការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ចិន ដោយ​ឃាត់ខ្លួន​មេខ្យល់​៥​នាក់ហើយ​ជួយសង្គ្រោះ​នារី រងគ្រោះ​ចំនួន​៨​នាក់ ។​

​លោក ស្រេង ហុង នាយផ្នែក​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារអនីតិជន បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃនេះ កម្លាំង​របស់លោក បាន​ឃាត់ខ្លួនមនុស្ស​៥​នាក់ ស្ថិតនៅ​តាមផ្លូវ ទល់មុខ​សាលា​យុ​គ្ធ​រ ក្នុងនោះ​មាន​មេខ្យល់​ម្នាក់​ជា​ស្ត្រី ។​

​ក្រោយ​ការសួរនាំ​រួចមក កម្លាំង​នគរបាល ក្រោម​ការសម្របសម្រួល​តាមផ្លូវ​ច្បាប់ ពីសំណាក់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ បាន​ឈានទៅដល់​ការចុះ​ឆែកឆេរ នៅផ្ទះលេខ​១៧៩ ភូមិ​១៧ ផ្លូវ​២៥១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួន មេខ្យល់​ជា​ស្ត្រី​៤​នាក់ និង​ជួយសង្គ្រោះ​នារី​រងគ្រោះ ចំនួន​៤​នាក់​ផងដែរ​។​

 ក្រោយ​ចាប់ខ្លួន ទាំង​ជនសង្ស័យ និង​ជនរងគ្រោះ ត្រូវបាន​នាំយកទៅ​សួរនាំ​បន្ត នៅការិយាល័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។ រីឯ​នារី​​រងគ្រោះ ត្រូវបាន​អប់រំ​ណែនាំ ហើយ​ហៅ​ឪពុកម្តាយ មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ ៕​

ឃាត់ខ្លួន​មេខ្យល់​៥​នាក់ និង​សង្គ្រោះ​នារី រងគ្រោះ​ចំនួន​៨​នាក់​

ឃាត់ខ្លួន​មេខ្យល់​៥​នាក់ និង​សង្គ្រោះ​នារី រងគ្រោះ​ចំនួន​៨​នាក់​
ឃាត់ខ្លួន​មេខ្យល់​៥​នាក់ និង​សង្គ្រោះ​នារី រងគ្រោះ​ចំនួន​៨​នាក់​