​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​​​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យខួប​លើក​ទី​១១នៃ​ការគ្រង​រាជសម្បត្តិ​​​​ព្រះមហាក្សត្រ​

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​​ប្រារព្ធព្រះរាជ​ពិធី​បុណ្យខួបលើក​ទី​១១ នៃ​ការ​គ្រង​រាជសម្បត្តិរបស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទូ​ទាំង​ប្រទេស​ នា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា ​នេះ ​​សាលា​នយោបាយ​ខេត្ត​​ ក៏​មាន​រៀបចំប្រារ​ព្វ​ព្រះរាជ​ពិធីដ៏នក្ខត្ត​ឫ​ក្ស​នេះ​ដែរ ដោយ​មាន​ការ​អញ្ជើញ​​ចូលរួម​ពី លោក​ ឈួ​រ ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ​​និងលោកស្រី លោក​​ស្រី​​ ដោក​ សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោក​គ្រូ អ្នកគ្រូ ​ព្រមទាំង​សិស្សានុសិស្សជា​ច្រើន​រយអង្គ/នាក់ ។

​លោក​ ឈួ​រ ច័ន្ទ​ឌឿ​ន ​​តំណាង​ឱ្យ​​ព្រះសង្ឃ មន្ត្រីរាជការ កង​កម្លាំងប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ​បាន​អាន​សារលិខិត ថ្វាយ​ព្រះពរសព្ទ​សា​ធុ​ការ និង​សូម​សម្តែង​នូវ​ភក្ដីភាព​កតញ្ញុតាធម៌ ចំពោះ​ព្រះ​មហាករុណា​ទិ​គុណដ៏​ជ្រាលជ្រៅ​បំផុត ​និង​សូម​លំឱនកាយ​បួងសួង​ដល់គុណបុណ្យ​ព្រះ​រតន​ត្រ័យ ​​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ​និង​បារមីនៃ​ទេវតា​រក្សាស្វេតច្ឆត្រ សូម​​ប្រសិទ្ធពរជ័យ​បវរ​សួស្ដី សិរី​មង្គល មហាប្រសើរ​ថ្វាយ​​ព្រះករុណា​​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សូម​ព្រះ​អង្គ​​ មាន​ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញា​ញាណភ្លឺ​ថ្លា និង​មាន​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ​​ដើម្បី​គង់​ប្រថាប់ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរទូ​ទាំង​ព្រះរាជាណាចក្រកម្ពុជា ជា​និច្ច​និរន្ត​តរៀង​ទៅ​ ៕