មឿង សុខ​ហ៊ុ​ច និង​រឿង សោ​ភ័​ណ្ឌ ជួប​កីឡាករ​ថៃ​ស្អែក​មួយ​ណា​សម្រេច​គោលដៅ ?

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣១ តុលា កីឡាករ មឿង សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល​ថា តើ​កីឡាករ​ទាំង​ពីរ​អាច​សម្រេច​គោលដៅ​ឬ​យា​៉​ង​ណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ថ្ងៃស្អែក​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្តួល​អីុចឹ​ង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃសៅរ៍នោះ កីឡាករ មឿង សុខ​ហ៊ុ​ច នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នី​វ​វាំង​ចាន់ ប៉ា​កន​ផ​ន​សុ​រិ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ខណៈ រឿង សោ​ភ័​ណ្ឌ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឆ្លាម​ដាំ​ស៊ី​ត​ហ្វាំ​ង​ម៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ​អត់​មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ច្បាស់លាស់​ឡើយ ។ ប៉ុន្តែ​លោក ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ប្រាប់​ថា ពួក​គេ​ទាំង​២​សុទ្ធតែ​ជា​ជើង​ខ្លាំង មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​យា​៉​ង​ជោកជាំ ។

មឿង សុខ​ហ៊ុ​ច ថ្វី​ដ្បិតតែ​មួយ​រយៈ​មកនេះ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​មែន ប៉ុន្តែ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​នៅ​តែ​ខ្លាំង​ដដែល ។ បើ​និយាយ​ពី​អ្នក​ប្រដាល់​នៅ​ស្រុក​ខ្មែរ​វិញ កម្រ​មាន​អ្នក​ណា​ទប់ទល់​ជាមួយ​គេ​បាន​ណាស់ ទើប​មួយ​រយៈ​មកនេះ​បាត់​មុខ​ពីលើ​សង្វៀន​ដោយសារ​គ្មាន​គូប្រកួត ។ វត្តមាន​របស់​កីឡាករ​រូប​នេះ​នៅ​លើ​សង្វៀន​លើក​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យា​៉​ង​ខ្លាំង ។ មឿង សុខ​ហ៊ុ​ច មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ ឯ​ស្នៀត​កណ្តាប់​ដៃ​និង​ស្នៀត​ជើង​របស់​គេ​កាន់តែ​អស្ចារ្យ​ថែម​ទៀត​។ ពេល​វាយ​ចេញ​ម្តង​ៗ​មាន​ទម្ងន់​ធ្ងន់​បើ​គូប្រកួត​បណ្តោយ​ឱ្យ​វាយ​ត្រូវ​ច្បាស់​ជា​ដួល​ងើប​លែង​រួច​មិន​ខាន ។ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​គេ​មិន​ទាន់​ហ៊ាន​ធានា​ទុក​មុន​ថា​យ៉ាងណា​នោះ​ឡើយ ព្រោះ​គូប្រកួត​របស់​គេ​មិន​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទាល់តែ​សោះ ។

រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​កណ្តាប់ដៃ​ឆ្វេង​ល្អ រាល់ពេល​វាយ​ចេញ​ម្តង​ៗ​មាន​សភាព​រហ័ស​និង​ត្រូវ​ចំ​គោលដៅ​ថែម​ទៀត​ផង ។ ប៉ុន្តែ​គេ​មិន​ហ៊ាន​មើល​ស្រាល​លើ​អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​ទេ ព្រោះ​តាម​ការ​ឱ្យ​ដឹង ឆ្លាម​ដាំ​ស៊ី​ត ហ្វាំ​ង​ម៉ៃ មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​មិនធម្មតា ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ដូច​គ្នា​កម្រ​មាន​អ្នក​ណា​បង្ក្រាប​គេ​បាន​ណាស់ ។ ដូច្នេះ​គូ​នេះ​អាច​ស៊ីសង​គ្នា​បាន​គ្រាន់តែ​គេ​មិន​ទាន់​ដឹង​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។ ចាំ​មើល រឿង សោ​ភ័​ណ្ឌ យកឈ្នះ​កីឡាករ​ថៃ​រូប​នេះ​បាន​ដោយ​របៀប​ណា ?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ សង គង់ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ សុខ ចិន្តា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ដួង ស្រេង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ នី សមសក្តិ មក​ពី​ក្លិប​ខ្លា​រិ​ន​មាន​រិ​ទ្ធ ៕