ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ពន្ធនាគារ​នៅ​កាមេរូន​ដាក់​មនុស្ស​លើស​ចំណុះ​ធ្ងន់​ធ្ងរ

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ពន្ធនាគារ​នៅ​កាមេរូន​ដាក់​មនុស្ស​លើស​ចំណុះ​ធ្ងន់​ធ្ងរ

ផែន​ទី​នៃ​ប្រទេស​កាមេរូន​និង​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កាមេរូន​បាន​និយាយ​ថា​ ពន្ធនាគារ​ដែល​សាងសង់​សម្រាប់​ដាក់​អ្នក​ជាប់​ឃុំឃាំង​​៥០០​នាក់​ កំពុង​ផ្ទុក​មនុស្ស​លើស​ពី​៣.០០០​នាក់​ ដែល​នៅ​ក្នុង​នោះ​មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​ឃុំ​ឃាំង​​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​មាន​ការកាត់​ទោស​ក្នុង​លក្ខខណ្ឌ​អមនុស្សធម៌។​ រដ្ឋាភិបាល​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ធ្វើ​ការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ យុនដេ—

លោក​ Aristus Beba ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​កណ្តាល​ Kondengui អស់​រយៈពេល​៥​ឆ្នាំ។ បុរស​អាយុ​២៦​ឆ្នាំ​រូប​នេះ​និយាយ​ថា​ លោក​មិន​ដែល​ទទួល​បាន​ការជំនុំ​ជម្រះ​នោះ​ទេ។​

«បង​ប្រុស​របស់​ខ្ញុំ​បាន​ចោទ​ប្រកាន់​ខ្ញុំ​អំពី​រឿង​លួច​លុយពី​ផ្ទះ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​យក​មក​កាន់​ទី​នេះ។ ខ្ញុំ​ត្រូវ​គេ​វាយ​តប់​ជា​ច្រើន​ដង​នៅ​ទី​នេះ។​ ខ្ញុំ​ត្រូវ​សម្អាត​បង្គន់​រាល់​ដង។ ម្ហូប​តិច​តួច​ដែលយក​មក​ឲ្យ​ខ្ញុំ​ ក៏​ត្រូវ​គេ​យក​ទៅ​ដែរ។ ខ្ញុំ​មិន​មាន​អ្វី​ទាំង​អស់។ ខ្ញុំ​ពិត​ជា​រង​ទុក្ខ​វេទនា​ណាស់​នៅ​ទី​នេះ»។​

ពន្ធនាគារ​ Kondengui​ ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​ដាក់​អ្នក​ទោស​ចំនួន​៧៥០​នាក់ ប៉ុន្តែ​ពេល​នេះ​ពន្ធនាគារ​មួយ​នេះ​ បាន​ផ្ទុក​មនុស្ស​លើស​ពី​៤.០០០​នាក់ រួម​មាន​បុរស​ ស្រ្តី​ និង​កុមារ។

របាយការណ៍​នៃ​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​កាមេរូន​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ទោស​ប្រហែល​៣០.០០០​នាក់​ ត្រូវ​បាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ចំនួន​៧៨​ នៅ​ទូទាំង​ប្រទេស។

ច្បាប់​ក្នុង​ប្រទេស​នេះ​តម្រូវ​ឲ្យ​ប៉ូលិស​បញ្ចូន​អ្នក​ទោស​ទៅ​ពន្ធនាគារ​២៤​ម៉ោង ​ក្រោយ​ពេល​ចាប់​ខ្លួន។​

លោក​ Che Mutta Divine ​ប្រធាន​គណៈកម្មការ​ជាតិ​កាមេរូន​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​សេរីភាព​និយាយ​ថា៖

«មិន​មែន​គ្រប់​គ្នា​នៅ​ក្នុង​ពន្ធនាគារ​នេះ​ជា​ឧក្រិដ្ឋជន​នោះ​ទេ។​ មាន​មនុស្ស​ច្រើន​ណាស់​ ដែល​បាន​មក​ដល់​ទី​នេះតាម​រយៈ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​មក​ហើយ។ ដូច​ដែល​អ្នក​បាន​ឃើញ​ហើយ​ មាន​មនុស្ស​វ័យ​ក្មេង​ជាង​ច្រើន​ ដែល​ពួក​គេ​គួរ​តែ​នៅ​ខាង​ក្រៅ​ដើម្បី​ជួយ​នៅ​ក្នុង​ការ​ផលិត​ និងធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង។​ មនុស្ស​ដូច​ពួក​គេ​នេះ​ មាន​ច្រើន​ណាស់​នៅ​ក្នុង​ពន្ធនាគារ។ ពួក​គេ​បាន​រង​ការធ្វើ​ទារុណកម្ម។ ពន្ធនាគារ​មិន​គួរ​ជា​កន្លែង​ធ្វើ​ទារុណកម្ម​នោះ​ទេ។​ យើង​បាន​និយាយ​ច្បាស់​ណាស់​អំពី​បញ្ហា​នេះ»។

លោក​ Doh Gerome រដ្ឋ​លេខាធិការ​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​ពន្ធនាគារ​កម្រិត​ធ្ងន់​នៃ​ប្រទេស​កាមេរូន​និយាយ​ថា​ ការ​ធ្វើ​កំណែ​ទម្រង់​កំពុង​ត្រូវ​បាន​គ្រោង​ធ្វើ​ហើយ៖

«យើង​មាន​ចក្ខុវិស្ស័យ​ក្នុង​ការ​ដាក់​បញ្ចូល​សារ​ជាថ្មី​នូវ​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ ផលិតកម្ម​ពន្ធនាគារ​ ដូច្នេះ​ នៅ​ពេល​ដែល​អ្នក​ទោស​ទាំង​នោះ​ចេញ​ពី​ពន្ធនាគារ​ ឬ​ចាក​ចេញ​ពី​ការឃុំ​ឃាំង​ ពួក​គេ​នឹង​ដឹង​ពី​ការធ្វើ​ជំនួញ​ខ្លះ ដែល​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​ស្តារ​នីតិ​សម្បទា​ក្នុង​សង្គម​ឡើង​វិញ»។​

កាល​ពី​ខែ​កញ្ញា​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​និយាយ​ថា​ ក្នុង​ចំណោម​អ្នក​ទោស​១.៣០០​នាក់​នៅ​ពន្ធនាគារ​ Maroua ​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាមេរូន​ជាប់​នឹង​ព្រំដែននៃ​ប្រទេស​នីហ្សេរីយ៉ា​ មាន​អ្នក​ទោស​ពាក់​កណ្តាល​ដែល​គេ​សង្ស័យ​ថា​ ជា​ក្រុម​ Boko Haram។​ អង្គការ​នេះ​និយាយ​ថា​ អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​ឃុំឃាំង​ដោយ​គ្មាន​អនាម័យ​ ឬ​ការថែទាំ​សុខភាព​ត្រឹមត្រូវ​ ហើយ​អ្នក​ខ្លះត្រូវ​បាន​ដាក់​ច្រវ៉ាក់​ទៀត​ផង។

ក្រុម​សិទ្ធិ​មនុស្ស​ដែល​ធ្វើ​ការ​នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​កាមេរូន​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​បាន​និយាយ​ថា​ ជន​ភៀសខ្លួនដែល​ចាក​ចេញ​ពី​ជំរុំ​ដោយសារ​តែ​លក្ខខណ្ឌ​រស់​នៅ​លំបាក​នោះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ឃាំង​ដែរ។​

រដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ដែល​ថា​ ជន​ភៀស​ខ្លួន​មក​ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ និង​ជន​សង្ស័យ​នៃ​ក្រុម​ Boko Haram​ បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​លើស​ពី​ចំនួន​កំណត់។​

ក៏​ប៉ុន្តែ​លោក​ Issa Tchiroma ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប្រទេស​កាមេរូន​និយាយ​ថា​ ពួក​គេ​បាន​ដឹង​អំពី​ការ​ដាក់​មនុស្ស​លើស​ចំណុះ​នេះ​ និងការ​ប្រើ​អំពើ​ឃោរឃៅ​យ៉ាង​អមនុស្សធម៌។

«វា​ជា​បញ្ហា​ដែល​យើង​ដឹង​ច្បាស់​ណាស់ ដូច​ដែល​លោក​បាន​និយាយ​អញ្ចឹង​ គឺ​ត្រឹម​ត្រូវ​ណាស់។​ យុត្តិធម៌​ដែល​ត្រូវ​បាន​ពន្យាពេល​នោះ​ គឺ​ជា​យុត្តិធម៌ដែល​ត្រូវ​បាន​គេ​បដិសេធ។ រដ្ឋាភិបាល​បាន​បេ្តជ្ញា​ចិត្ត​ ចូលរួម​បង្កើន​ល្បឿន​នៃ​ការកាត់​ទោស​ទាំង​នោះ​ មិន​មែន​ត្រឹម​តែ​ក្រុម​ Boko Haram ប៉ុណ្ណោះ​ទេ។​ យើង​មាន​បង​ប្អូន​ស្រី​ ប្រុស​ ដែល​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​អស់​មួយ​រយៈ​ពេល​មក​ហើយ​ ហើយ​ជា​អកុសល​ ពួកគេ​មិន​ត្រូវ​បាន​កាត់​ទោស​ដោយ​សារ​ហេតុផល​មួយ​ចំនួន​ដែល​មិន​អាច​យល់​បាន ឬ​សមស្រប​»។

លោក​ Tchiroma ​និយាយ​ថា​ ការ​ខ្វះ​ខាតផ្នែក​ហិរញ្ញ​វត្ថុ ​កំពុង​តែ​ពន្យាពេល​នៃការសាង​សង់​ពន្ធនាគារ​បន្ថែម​ទៀត៕

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា