ពលរដ្ឋ​នៅ​ឃុំ​ដូង​ខេត្ត​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ដើម​ត្នោត​លក់​ឲ្យ​វៀតណាម

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​រមាសហែក ចោទ​អាជ្ញាធរ​ថា ឃុបឃិត​គ្នា​កាប់​ដើម​ត្នោត​លក់​ឲ្យ​ឈ្មួញ​យក​ទៅ​ប្រទេស​វៀតណាម។ ប៉ុន្តែ​អាជ្ញាធរ​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ អង្គការ​លីកាដូ ថា ប្រសិនបើ​កាប់​ដើម​ត្នោត​លក់​ទៅ​ឲ្យ​ប្រទេស​វៀតណាម បែប​នេះ គឺ​អាច​ធ្វើ​អោយ​បាត់បង់​នៅ​ពេល​អនាគត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃទួល ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ខ្មែរ​ដែល​ក្លាយ​ទៅ​ជា​ឈ្មួញ​កណ្ដាល ឬ​មេការ​ប្រមូល​ទិញ​ដើម​ត្នោត​ពី​ប្រជាពលរដ្ឋ ហើយ​កាប់​ដឹក​យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម។

​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា មួយ​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​តែងតែ​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​ត្នោត​លក់​អោយ​ពួកគាត់​ក្នុង​តម្លៃ​ថោក គឺ​មួយ​ដើម​ប្រមាណ ៣​ម៉ឺន ទៅ ៤​ម៉ឺន​រៀល៖ «អាជ្ញាធរ​ភូមិ និង​ឃុំ រួម​និង​ធ្លាក់​ដល់​ស្រុក​បាន​ឃុបឃិត​គ្នា​ជាមួយ​កម្លាំង​យោធា គឺ​ទាហាន​នៅ​តាម​តំបន់​ព្រំដែន ដើរ​ទិញ​ដើម​ត្នោត​ពី​ប្រជាពលរដ្ឋ​ដែល​មាន​តម្លៃ​ថោកៗ យក​ទៅ​លក់​អោយ​វៀតណាម។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​ការ​ឈឺចាប់ និង​សោកស្ដាយ​មែន​ទែន»

​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​លើក​ឡើង​ថា បើ​មិន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​ទេ​នោះ ដើម​ត្នោត​ខ្មែរ​នៅ​ឃុំ​ដូង អាច​នឹង​មិន​សេសសល់​ទៀត​ឡើយ៖ «មាន​គេ​ដើរ​ជីក​ដើម​ត្នោត ហើយ​ខ្មែរ​យើង​ត្រូវការ​​ដើម​ត្នោត​ដែល​ជា​បេះដូង​ប្រទេស​ជាតិ តែ​ឥឡូវ​គេ​ចេះតែ​មក​ទិញ​អ៊ីចឹង ខ្ញុំ​ស្ដាយ​ដែរ»

​ជា​ការ​ឆ្លើយ​តប មេ​ឃុំ​ដូង លោក នាង សាមាន និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ទាំង​ទើសទាល់​ថា ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​ពិត៖ «គ្មាន​ទេ គ្មាន​អាជ្ញាធរ​ណា​ទៅ​ឃុបឃិត​ជាមួយ​អ្នក​ណា​កាប់​ដើម​ត្នោត​លក់​អោយ​វៀតណាម​ទេ ពីព្រោះ​ដើម​ត្នោត​គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ»

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​អះអាង​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ពួកគាត់​ក៏​រិះគន់​លោក​មេឃុំ​ដូង ដែរ ថា​ជា​មនុស្ស​គ្មាន​សីលធម៌ និង​សុជីវធម៌ ដោយ​វាយ​ឫក​ខ្ពស់​លើស​ពី​ចៅហ្វាយ​ខេត្ត​ទៀត​ផង។

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង គឺ​លោក នុត បូពិណ្ណារ័ត្ន យល់​ថា អាជ្ញាធរ​គួរ​តែ​ណែនាំ​ប្រជាពលរដ្ឋ​ឈប់​លក់​ដើម​ត្នោត ហើយ​នាំគ្នា​អភិរក្ស​ថែរក្សា ព្រោះ​ថា ដើម​ត្នោត​មាន​តម្លៃ​មហា​សាល​សម្រាប់​កម្ពុជា។ លោក​ថា ការ​បាត់បង់​ដើម​ត្នោត គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រទេស​ជាតិ ព្រោះ​ថា ដើម​ត្នោត​ក៏​ជា​និមិត្តរូប​របស់​កម្ពុជា​ដែរ៖ «អាជ្ញាធរ​មិន​ត្រូវ​អនុញ្ញាត​អោយ​កាប់​ទេ ហើយ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​អោយ​ដឹង​ពី​សារប្រយោជន៍​នៃ​ដើម​ត្នោត មិនមែន​អោយ​តែ​គេ​ទិញ ចេះតែ​កាប់​លក់​នោះ​ទេ។ បើ​អស់​ដើម​ត្នោត​ទៅ ថ្ងៃ​ក្រោយ​គឺ​បាត់បង់​អត្តសញ្ញាណ​ខ្មែរ ហើយ​បាត់បង់​ចំណុច​គោលដៅ​កន្លែង​ណា​ដែល​ជា​ទឹកដី​ខ្មែរ»

​ខ្មែរ​បាន​ចាត់​ទុក​ដើម​ត្នោត​ជា​រុក្ខជាតិ​ប្រជាប្រិយ​ដែល​តំណាង​អោយ​និមិត្តរូប​ជាតិ និង​តំណាង​អោយ​វប្បធម៌​ដូច​មាន​ការ​បញ្ជាក់​តាម​រយៈ​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជា​សក្ខីភាព​ស្រាប់។ ដូច្នេះ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខ្មែរ​ការពារ​កុំ​កាប់​បំផ្លាញ​ដើម​ត្នោត និង​បញ្ឈប់​ចរាចរណ៍​ដើម​ត្នោត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។