ក្រុមហ៊ុន​ចុង​លៀង​ជួយ​ជួសជុល​ផ្លូវ​លេខ​១​ក្នុង​សង្កាត់​ខ្សា​ម​ប្រវែង​៣​គីឡូម៉ែត្រ ​

ខេត្តកំពង់ឆ្នាំង ​៖ ផ្លូវលំ​គ្រួ​ស​ក្រហម​ប្រមាណ​ជាង​៣​គីឡូម៉ែត្រចេញពី​ផ្លូវជាតិ​លេខ​៥​មុខ​វត្ត​ខ្សា​ម សង្កាត់ខ្សា​ម ត​ភ្ជាប់​មកចុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នឹង​ត្រូវ​​ជួសជុល​ជា​ផ្លូវកៅស៊ូឱ្យ​បាន​រឹង​មាំ ក្នុង​ពេល​ឆាប​ៗ​នេះ ដោយ​ក្រុមហ៊ុនចុង​លៀង ម្ចាស់​ការដ្ឋាន​កិន​ថ្មភ្នំដំរី​រមៀល។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​ខេត្ត បាន​ថ្លែងបែប​នេះកាលពី​ថ្ងៃ​ទី​២៨ ​តុលា ​​២០១៥ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ក្នុង​ការ​ចុះ​កិច្ចសន្យា​ថ្មី​ៗ​​រវាង​ក្រុមហ៊ុន​ខាងលើជាមួយអាជ្ញាធរ​ខេត្ត ​ដើម្បី​ជា​ប្រយោជន៍​រួម​ទាំងអស់​គ្នា​ គឺ​​ខាង​ក្រុមហ៊ុន​បាន​ផ្លូវ​ដឹក​ថ្ម​ពី​ការដ្ឋាន​របស់​ខ្លួនចុះ​មក​ដាក់សា​ឡង់​មាត់ទន្លេ  នៅ​ចុង​ភូមិ​ចុង​កោះដែល​កំពុង​មាន​សកម្មភាព​ដឹក​ថ្ម​រាល់ថ្ងៃយក​ទៅ​ទីក្រុងភ្នំពេញ ចំណែក​អាជ្ញាធរ​ខេត្ត​បាន​មក​វិញ​នូវ​ផ្លូវល្អនេះសំរាប់​រៀបចំ​ទីតាំង​ថ្មី​នៅ​ចំណុច​ជិត​ក្រុមហ៊ុន អាន​កូ ក្នុង​គម្រោងអាជ្ញាធរ​ខេត្តឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹកមក​នៅ​លើគោកវិញនឹង​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញចូល​ដោយ​ស្រួល​។

​ក្នុង​គម្រោង​នេះដែរ ​អាជ្ញាធរ​ខេត្ត​មាន​គម្រោងឱ្យ​ក្រុមហ៊ុន​មួយរៀបចំ​ដី​សង់​លំនៅ​ឋាន​ជួលឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុងទន្លេផ្សារ​ក្រោម​ជាង​១​ពាន់​គ្រួសារឡើង​មក​រស់នៅ​លើគោក​វិញ​ គឺ​ស្ថិត​នៅ​ជិត​ដី​ក្រុមហ៊ុន​អាន​កូ ផលិតទឹកស្អាតនៅ​លើ​ដី​វាល​មួយ​កន្លែង​មាន​ទំហំ​ប្រមាណ​៤០​ហិ​កតារបស់​ក្រុមហ៊ុន​អាន​កូ​ជិត​មាត់ទន្លេ ស្ថិត​នៅចុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​។

នៅ​ក្នុង​គម្រោងការ​ខាងលើ​នេះ​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ធ្វើការ​ស្ថាបនា​ផ្លូវ​មួយ​ខ្យែ​ទៀតឱ្យ​ខ្ពស់ផុត​ទឹកទន្លេ​លិច​ជា​ផ្លូវ​ក្រាលកៅស៊ូ ចេញពី​ផ្លូវ​ដាច់​ចំណុច​កំពង់​ផែ​យឿ​ត្រី​ក្នុងភូមិ​ចុង​កោះ មក​ចុង​ភូមិចុង​កោះ ហើយ​ត​ភ្ជាប់​គ្នា​ជាមួយ​ផ្លួ​វ​ដែលកសាង​ដោយ​ក្រុមហ៊ុន ចុង​លៀងខាងលើ​នៅ​ជាប់​ចំណុចស្ថានីយបូមទឹក​របស់ក្រុមហ៊ុន​អាន​កូ  ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ផ្លូវ​១​ខ្សែ​ដែល​កសាង​ដោយក្រុមហ៊ុន ចុង​លៀង បាន​ដំណើ​ការ​ចាក់​ថ្ម​ក្រាល​ពីលើ​ផ្លូវ​គ្រួស​ក្រហម​ចាស់​ជា​បណ្តើរ​ៗ​បាន​មួយ​ចំនួន​ធំ​ហើយ ដែល​ក្នុង​កិច្ចសន្យា​នឹង​ត្រូវធ្វើ​ឱ្យ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦ មុន​ទឹកទន្លេ​ឡើង​៕