លោកពូ​ទី​ន ថា បេសកកម្ម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​នៅ​តែ​ជា​អាទិភាព

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ តុលា ថា ជោគជ័យ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​នៅ​តែ​ជា​អាទិភាព​មុន​រាល់​ការ​ចរចា​ជាក់ស្តែង​ស្តី​ពី​ការ​បង្រួបបង្រួម​ខាង​នយោបាយ​ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម​នេះ ។

លោកពូ​ទី​ន អះអាង​ថា ប្រាកដ​ណាស់ ការ​តស៊ូ​ប្រឆាំង​សត្រូវ​រួម​គឺ​ភេរវកម្ម​គឺជា​អាទិភាព​បច្ចុប្បន្ន ។ មាន​តែ​ក្រោយ​ការ​យកឈ្នះ​លើ​ភេរវកម្ម​ឬ​យ៉ាង​ហោច​ណាស់​ធ្វើ​ឱ្យ​បណ្តា​ក្រុម​ភេរវកម្ម និង​ជ្រុលនិយម​រង​ការ​វាយ​សំពង​យ៉ាងដំណំ​បំផុត ទើប​គេ​នឹង​អាច​និយាយ​ពី​ភាព​លម្អិត​សម្រាប់​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ស៊ី​រី ។

ប្រមុខរដ្ឋ​រុ​ស្ស៊ី​អះអាង​បែប​នេះ​ពេល​ជួប​ជាមួយ​អធិការបតី​រង និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ថាមពល​អា​ល្លឺ​ម៉​ង់ លោក SIGMAR GABRIEL ។ ពេល​ជួប​សន្ទនា​គ្នា​នោះ លោកពូ​ទី​ន រំលឹក​ជា​ថ្មី​ពី​ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្ស៊ី​ដល់​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​វិបត្តិ​ស៊ី​រី ដោយ​ពន្យល់​ថា រដ្ឋ​ត្រូវ​តែ​ពង្រឹង​ក្នុង​ប្រទេស ហើយ​បណ្តា​រចនាសម្ព័ន្ធ​របស់​រដ្ឋ​ក៏​ត្រូវ​ស្តារ​ឡើង​វិញ​ដែរ ។ គេ​ចាំបាច់​ត្រូវ​ជំរុញ​ដំណើរការ​នយោបាយ ហើយ​ទី​ចុង​បំផុត​ដោះស្រាយ​បណ្តា​បញ្ហា​ចម្រូងចម្រាស់​ជា​អន្តរជាតិ ។

លោក​អាសា​ដ ចោទ​ពួក​លោក​ខាងលិច​ថា ជួយ​ទ្រទ្រង់​ភេរវកម្ម
ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ កាលពី​ថ្ងៃ​ទី​២៨ តុលា បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ថា ជួយ​ទ្រទ្រង់​ភេរវកម្ម​នៅ​ស៊ី​រី ។ លោក​ធ្វើការ​ចោទប្រកាន់​បែប​នេះ​ពេល​បណ្តា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់ និង​ពិភពលោក​ត្រៀម​ជួប​ប្រជុំ​គ្នា ដើម្បី​និយាយ​ពី​វិបត្តិ​ស៊ី​រី​ក្នុង​ស​ប្តា​ហ៍​នេះ ។

ពេល​ជួប​ជាមួយ​គណៈប្រតិភូ​សភា​បារាំង​មួយ​លោក​អាសា​ដ អះអាង​ថា ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ និង​ពួក​លោក​ខាងលិច ក្នុង​នោះ​មានបារាំង​ផង​ដែរ បន្ត​ជួយ​ទ្រទ្រង់​ភេរវកម្ម ហើយ​ជួយ​ខាង​នយោបាយ​ដល់​បណ្តា​អង្គការ​ភេរវកម្ម​នៅ​ស៊ី​រី និង​ក្នុង​តំបន់ ។

ប្រធានាធិបតី​ស៊ី​រី​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​ដែល​បណ្តា​សមាជិក​សភា​អាច​ដើរ ដើម្បី​ជួយ​កែប្រែ​នយោបាយ​របស់​រដ្ឋាភិបាល​បារាំង ហើយ​ជួយ​ទ្រទ្រង់​ដល់​សន្តិសុខ និង​ស្ថេ​រ​ភាព​តំបន់ ។

បណ្តា​សមាជិក​សភា​បារាំង​ថ្លែង​ថា អស់លោក​នឹង​ធ្វើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កែប្រែ​នយោបាយ​របស់​បារាំង​សំដៅ​សម្រាល​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ស៊ី​រី ។

នេះ​ពុំ​មែន​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​បណ្តា​សមាជិក​សភា​បារាំង​នៅ​ស៊ី​រី​ឡើយ ។ កាលពី​ខែកក្កដា​កន្លង​ទៅ បណ្តា​សមាជិក​សភា​បារាំង​ក៏​ធ្លាប់​មក​ជួប​ជាមួយ​លោក​អាសា​ដ នៅ​ក្រុង​ដា​ម៉ាស់​ដែរ ។

អ្នកការទូត​ជាន់ខ្ពស់​អាមេ​រិ​ក រុ​ស្ស៊ី អីុ​រ៉ា​ក់ តួ​ក​គី អីុ​រ៉​ង់ អេ​ហ្ស៊ី​ប និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រូវ​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​៣០ តុលា នៅ​ទីក្រុង​វី​យែ​ន ដើម្បី​ពិភាក្សា​ពី​វិបត្តិ​ស៊ី​រី ៕