ប្រតិបត្តិការ​យោធា​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​យេ​ម៉ែ​ន​ឈាន​ដល់ទី​បញ្ចប់​ហើយ

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក PHILIP HAMMOND គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ តុលា ថា ប្រតិបត្តិការ​យោធា​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នៅ​យេ​ម៉ែ​ន​ឈាន​ដល់ទី​បញ្ចប់​ហើយ ។ លោក​ស្នើ​ឱ្យ​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​ជម្លោះ​ក្នុង​ប្រទេស​នេះ ។

ក្រុមចម្រុះ​យោធា​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចាប់តាំងពី​ខែមីនា​មក បាន​ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​នៅ​ប្រទេស​យេ​ម៉ែ​ន​ជិតខាង​ប្រឆាំង​បណ្តា​ទីតាំង​របស់​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី មក​ពី​សហគមន៍​ស៊ី​អីុ​ត​ហ្សៃ​អីុ​ឌី​ត ។ ចាក​ចេញពី​ទីតាំង​របស់​ពួក​គេ​នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន ពួក​ឧទ្ទាម​នេះ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៤ មក ដណ្តើម​ត្រួតត្រា​តំបន់​យ៉ាងច្រើន​នៃ​ប្រទេស​ពិសេស​រដ្ឋធានី​សា​ណា ។

បន្ទាប់​ពី​ជួប​ពិភាក្សា​នៅ​ទីក្រុង​រី​យ៉ា​ដ​ជាមួយ​ព្រះមហាក្សត្រ​សាល់​ម៉ា​ន និង​បណ្តា​សមាជិកគ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត មក លោក HAMMOND គូសបញ្ជាក់​ថា ដំណាក់កាល​យោធា​នៃ​យុទ្ធនាការ​នេះ​ឈាន​ដល់ទី​បញ្ចប់​ហើយ ដោយ​កងកម្លាំង​ចម្រុះ​បង្កើត​ទីតាំង​យោធា​គ្របដណ្តប់​ក្នុង​ប្រទេស ។

លោក HAMMOND គូសបញ្ជាក់​ថា ការ​សន្ទនា​របស់​លោក​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ផ្តោត​សំខាន់​លើ​ភាព​ចាំបាច់​ជំរុញ​ការ​ចរចា​នយោបាយ​រវាង​បណ្តា​ភាគី​ច្បាំង​គ្នា​នៅ​យេ​ម៉ែ​ន ហើយ​នាំ​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​បណ្តា​សម្ព័ន្ធមិត្ត​មក​ចូលរួម​ក្នុង​ការ​ចរចា ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក ADEL AL JUBEIR វិញ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​សម​ភាគី​អង់គ្លេស​ថ្លែង​ថា យុទ្ធនាការ​របស់​ក្រុមចម្រុះ​ហាក់ដូចជា​កំពុង​ឈាន​ទៅ​បញ្ចប់ ហើយ​លោក​សម្តែង​សុទិដ្ឋិនិយម​លើ​ច្រកចេញ​នៃ​ការ​ចរចា​រវាង​បណ្តា​ភាគី​យេ​ម៉ែ​ន ។

សេចក្តីថ្លែងការណ៍​ទាំងនេះ​ធ្វើ​ឡើង ខណៈ  អ​.​ស​.​ប កំពុង​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​សំដៅ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​នេះ ។ បេសកជន​ពិសេស អ​.​ស​.​ប ប្រចាំ​យេ​ម៉ែ​ន​លោក ISMAIL OULD CHEIKH AHMED ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មកនេះ នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ថា លោក​នឹង​រៀបចំ​ការ​ចរចា​រវាង​បណ្តា​ភាគី​ក្នុង​ជម្លោះ ។ លោក​អះអាង​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត ក្នុង​នោះ​រួម​មាន​ពួក​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី លោក​អា​លី អាប់​ដាល់​ឡា​ហ៍​សា​ឡេ​ហ៍ ពេល​នេះ​និយាយ​យ៉ាង​ច្បាស់​ថា ពួក​គេ​ត្រៀម​អនុវត្ត​ដំណោះស្រាយ​លេខ​២២១៦ របស់​ក្រុមប្រឹក្សាសន្តិសុខ ក្នុង​នោះ​រួម​មានការ​ដកថយ​ពី​បណ្តា​ទីក្រុង​សំខាន់​ៗ ដែល​ពួក​គេ​ដណ្តើម​កាន់កាប់ ហើយ​ប្រគល់​ឱ្យ​រដ្ឋ​រាល់​អាវុធ​ធុន​ធ្ងន់ ដែល​រឹបអូស​យក​បាន ។

ចំណែកឯ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក​អាប​ដ៍​រ៉ា​បូ ម៉ា​ន់​សួរ ហា​ឌី វិញ ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​មួយ ដើម្បី​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព ។

ការ​ប៉ុនប៉ង​២​លើក​មក​ហើយ​នាំ​បណ្តា​ភាគី​យេ​ម៉ែ​ន​មក​កាន់​តុ​ចរចា​ទទួល​បរាជ័យ​រួច​ទៅ​ហើយ កាលពី​ខែមិថុនា និង​កាលពី​ខែកញ្ញា ចំណែក​ជម្លោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៥.០០០​នាក់ រង​របួស​២៥.០០០​នាក់ ចាប់តាំងពី​ដំណាច់​ខែមីនា​មក ។

នៅ​លើ​ទីលាន​កងទ័ព​រដ្ឋាភិបាល​កំពុង​ជួប​ការ​លំបាក​កាលពី​ថ្ងៃ​ទី​២៨ តុលា នៅ​ទីក្រុង TAEZ ជាទី​ក្រុង​ធំ​ទី​៣​របស់​ប្រទេស ហើយ​ពុំ​អាច​រុលទៅមុខ​ឆ្ពោះទៅ​ភាគ​កណ្តាល​ប្រទេស បន្ទាប់​ពី​វាយ​ដណ្តើម​កាន់កាប់​ខេត្ត​៥​នៅ​ភាគ​ខាងត្បូង​មក ។

យោង​តាម​ប្រភព​យោធា បណ្តា​យន្តហោះ​របស់​ក្រុមចម្រុះ បាន​ទម្លាក់អាវុធ និង​គ្រាប់រំសេវ​ឱ្យ​ពួក​យុទ្ធ​ជន​រដ្ឋាភិបាល​នៅ​ក្រុង TAEZ ដែល​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ៕