ខណៈនេះ​ ក្រុម​ការ​ងារ​​​គណៈកម្មការស្រាវជ្រាវកំពុង​​ត្រួតពិនិត្យកន្លែង​កើតហេតុដែល​ក្រុម​ជន​សង្ស័យវាយ​​អ្នក​តំណាង​​រាស្ត្រ​CNRP​២រូប

​រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ​ខណៈ​ពេលនេះ ក្រុម​ការ​ងារ​​គណៈ​កម្ម​ការ​​ស្រាវ​ជ្រាវ​​ស៊ើប​អង្កេត​​ករណី​បង្ក​របួស​ស្នាម ​កំពុង​ធ្វើការ​ត្រួតពិនិត្យ និង​​ធ្វើ​កោសល្យ​វិច័យ​កន្លែង​​កើតហេតុ និង​រថយន្ត​​​​​ដែល​រង​ការ​ខូច​ខាត​ ​​​ដែល​ក្រុម​ជន​សង្ស័យ​មួយ​​ក្រុម​​​​នាំគ្នា​​វាយ​មក​លើ​អ្នក​តំណាង​​រាស្ត្រ​​​មក​ពី​គណ​បក្ស​​សង្គ្រោះ​ជាតិ​២រូប គឺ​ លោក ញ៉យ ចំរើន និង​លោក គង់ សភា ​​នៅ​​ច្រក​ទ្វារ​​ចេញខាង​ត្បូង​​នៃ​រដ្ឋសភា ​ស្ថិតនៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

​ក្នុង​ការ​ចុះ​ពិនិត្យ​​​កន្លែង​កើតហេតុ​​ និង​រថយន្ត​ទាំង​២គ្រឿង នា​រសៀល​​ថ្ងៃ​ទី​២៩ តុលា​ នេះ ​​ដោយ​មាន​ការ​ចូល​រួម​ពី​​ព្រះ​រាជ​អាជ្ញា​​រង​​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​២​រូប គឺ​លោក មាស ចន្ទ​ពិសិដ្ឋ និង​លោក សៀង សុខ ​​ព្រម​ទាំង​​លោក​ឧត្តម​សេនីយ៍ទោ​ ​មួង សុធា ប្រធាន​នាយដ្ឋាន​បច្ចេកទេស​​វិទ្យា​សាស្ត្រ​នៃ​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ ។​

គួរ​​​រំឭក​ផង​ដែរ​ថា កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦ តុលា កន្លង​ទៅ​នេះ ​​អ្នក​តំណាង​​រាស្ត្រ​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​២រូប គឺ​ លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​ជន​​សង្ស័យ​មួយក្រុម​មាន​គ្នា​ជាង​២០​នាក់​​​ព្រួត​គ្នា​វាយ​​បណ្តាល​ឱ្យ​រង​របួស​​ជាទម្ងន់​សន្លប់​​នៅ​នឹងកន្លែង រួច​វាយ​​កម្ទេច​រថយន្ត​​២គ្រឿង​​​​​​​ខូច​ខាត​យ៉ាង​ដំណំ​ថែម​ទៀត​ ៕​

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​