តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត ពិនិត្យ​កា​ម៉ា​រ៉ា​សុវត្ថិភាព

ភ្នំពេញ: យ៉ាងហោចណាស់ មាន​តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៦​តុលា ពិនិត្យ​កា​ម៉ា​រ៉ា​សុវត្ថិភាព នៅ​រដ្ឋសភា និង​នៅ​ស្ថានទូត​អូស្ត្រាលី​។ ហេតុការណ៍​ជន​មួយក្រុម​វាយ​តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅមុខ​ស្ថានទូត​អូស្ត្រាលី និង​នៅលើ​ផ្លូវ​ខាងត្បូង​រដ្ឋសភា​។​

​លោក​អេង​ឆៃអ៊ាង បាន​លើកឡើងថា កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​រដ្ឋសភា នឹង​ជួយ​ដល់​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត របស់​ក្រសួងមហាផ្ទៃ ដើម្បី​វែកមុខ​ជនដៃដល់​។​

​លោក អេង ឆៃអ៊ាង លើកឡើងថា "​អំពើហិង្សា​ដ៏​សាហាវឃោរឃៅ​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៥ គឺ​នៅក្រោម​កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​រដ្ឋសភា​។ ដូច្នេះ​ហេតុការណ៍​ទាំងអស់ នាពេលនោះ កា​ម៉េ​រ៉ា​សុវត្ថិភាព នឹង​ផ្តិត​រូបភាព​បាន​ទាំងអស់​។ ផ្ទុយទៅវិញ បើ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បដិសេធថា កា​ម៉េ​រ៉ា​សុវត្ថិភាព មិន​ដំណើរការ នោះ​គឺជា​ការចូលរួម​បិទបាំង​ការពិត ព្រោះ​នៅវេលា​ម៉ោង ប្រមាណ ១១: ៥០ នាទី ព្រឹក​ថ្ងៃ កើតហេតុ​នោះ ខ្ញុំ​បាន​ចូលមក​ការិយាល័យ​ធ្វើការ​របស់ខ្ញុំៗ បានឃើញ​កា​ម៉េ​រ៉ា​សុវត្ថិភាព មានដំណើរ​ការធម្មតា​"​។​

​ចំណែក​លោក​ហូរ​វ៉ាន់ អ្នកតំណាងរាស្ត្រ​មួយរូប​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ឲ្យ​ដឹងថា គណៈកម្មការ​ស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ បើ​ចង់រក​ភស្តុតាង​ដើម្បី​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់ ដែល​បាន​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​ពីររូប កាលពី​ថ្ងៃទី​២៦​តុលា គឺមាន​នៅក្នុង​កា​ម៉ា​រ៉ា​សុវត្ថិភាព​របស់​ស្ថានទូត​អូស្ត្រាលី និង​កា​ម៉ា​រ៉ា​សុវត្ថិភាព​របស់​រដ្ឋសភា ព្រោះ​ហេតុការណ៍​នោះ កើតឡើង​នៅមុខ​រដ្ឋសភា និង​មុខ​ស្ថានទូត​អូស្ត្រាលី​។​

​ការលើកឡើង​របស់​តំណាងរាស្ត្រ​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​នៅ​ថ្ងៃទី​២៩​តុលា​នេះ គណៈកម្មការ​ពិសេស​របស់​ក្រសួងមហាផ្ទៃ សម្រាប់​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ បានចេញ​សេចក្តីអំពាវនាវ ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន មេត្តា​ចូលរួម​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន រូបភាព ឬ​ចង្អុលបង្ហាញ​ជនដៃដល់ និង​គូកន ក៏ដូចជា​វត្ថុតាង​ផ្សេងៗ ដែល​អាចដាក់​បន្ទុក ឈានដល់​ការចាប់ខ្លួន​ក្រុម​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សេចក្តីអំពាវនាវ​នោះ បាន​គូសបញ្ជាក់ថា "​រាល់​ព័ត៌មាន​ទាំងអស់ អាច​ផ្តល់​មក​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត តាមរយៈ​លេខ​ទូរស័ព្ទ 012 842 027 និង​012 282 020 ឬ​ជូន​ដល់​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត​។ គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ធានា និង​រក្សា​ការពារ​ការសម្ងាត់​ដាច់ខាត សម្រាប់​បុគ្គល​គ្រប់រូប ដែល​បាន​សហការ​ផ្តល់ព័ត៌មាន ឬ​ចង្អុលបង្ហាញ​ជនដៃដល់ ក៏ដូចជា ផ្តល់​ភស្តុតាង​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ដល់​អំពើ​ល្មើស ជូន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​"​។​

​សេចក្តីអំពាវនាវ​រប​ស់​គណៈកម្មការ​ប៉ូលិស​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន កាលពី​ព្រលប់​ថ្ងៃទី​២៨​តុលា បានចេញ​សារ​វិ​ដេ​អូ​ជាង ១០ នាទី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​ផ្សាយ​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​។ សម្តេច​ហ៊ុនសែន បានដាក់​បទបញ្ជា​ឲ្យ​តាម​ចាប់​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​ទាំងនោះ យកមក​ផ្តន្ទាទោស ដោយ​គ្មាន​ការលើកលែង​ឡើយ ទោះជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​។​

​រហូតដល់​រសៀល​ថ្ងៃទី​២៩​តុលា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ បាន​ប្រាប់​អ្នកកាសែត​ថា ប៉ូលិស​បានកំណត់​មុខសញ្ញា​ជនដៃដល់​បាន​ខ្លះ​ហើយ តែ​លោក​មិនទាន់​អាច​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ​៕​