កម្ពុជា និង​អឺរ៉ុប ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​យោគយល់​លើកដំបូង រវាង​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ទៅវិញទៅមក​របស់ខ្លួន ក្នុង​ការកសាង​វប្បធម៌ នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​បរិយាកាស​ពាណិជ្ជកម្ម​ទូទៅ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប​បន្ថែមទៀត ឲ្យ​មក​វិនិយោគទុន​នៅ​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Arnaud Darc អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​ចុះ​អនុស្សរណៈ​យោបល់​រវាង​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ​របស់​ខ្លួន ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​កំពុង​បន្ត រវាង​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក ស៊ុន ចាន់ថុល បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​វិស័យ​ឯកជន ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ នៅក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។ ចំណែកឯ​លោក Darc បាន​សម្តែង​នូវ​ការគាំទ្រ​ពេញលេញ ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ការជំរុញ​ផ្សព្វផ្សាយ​បរិយាកាស​ពាណិជ្ជកម្ម ដែលមាន​ស្ថេរភាព​មួយ ដែល​អាចជួយ​កសាង​ទំនុកចិត្ត សម្រាប់​វិនិយោគិន​បរទេស និង​កាន់​តែមាន​អំណោយផល​ដល់​កំណើន​ចីរភាព​យូរអង្វែង​ទៀតផង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប ជួយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ឲ្យ​ទទួលស្គាល់​ហត្ថលេខា​អេ​ឡិច​ត្រូ​និ​ច (E-Signature) របស់​កម្ពុជា ដើម្បី​ជួយ​ដល់​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) សម្រេចបាន​នូវ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង និង​ពេញលេញ​៕​