៩ ខែ ក្នុង​ឆ្នាំ​២០១៥ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​ប្រហែល ៣៧ ភាគរយ​

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ការនាំចេញ​អង្ករ​កម្ពុជា មានការ​កើនឡើង​ប្រហែល ៣៧ ភាគរយ សម្រាប់​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ​២០១៥ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចពិភាក្សា​តុមូល ស្តីពី ការកសាង​ម៉ាក​យីហោ​អង្ករ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ចក្រភព​អង់គ្លេស និង​លោក Lord Puttnam បេសកជន​តំណាង​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ត្រី នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចពិភាក្សា​តុមូល​កម្រិត​ខ្ពស់​ស្តីពី​ការកសាង​ម៉ាក​យីហោ​ស្រូវ​អង្ករ​។​

​កិច្ចពិភាក្សា​តុមូល​នេះ មាន​អ្នកចូលរួម​មកពី​វិស័យ​ពាក់ព័ន្ធ​ប្រមាណ ៧០​នាក់ បាន​អញ្ជើញ​ចូលរួម​យ៉ាងសកម្ម​។​

​កិច្ចពិភាក្សា​តុមូល​នេះ រៀបចំឡើង​ក្នុង​គោលបំណង នាំយក​ក្រុម​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ឲ្យ​ចូលរួម​ពិភាក្សា​ផ្តោត លើ​ចក្ខុវិស័យ​នៃ​អនាគត​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា បង្កើត​ការស្វែងយល់ និង​ចំណាប់អារម្មណ៍​នៅក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ អំពី​របៀប​ធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​អង្ករ និង​បង្កើត​យុទ្ធសាស្ត្រ​នៃ​ការកសាង​ម៉ាក​យីហោ​អង្ករ​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ស្ថានទូត​ចក្រភព​អង់គ្លេស ដែល​បានរៀបចំ​កិច្ចពិភាក្សា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដែល​គូសបញ្ជាក់​ពី​អ្វីដែល​ការកសាង​ម៉ាក​យីហោ​អង្ករ អាច​ធ្វើបាន​សម្រាប់​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញ​ថា ការ​វេច​ខ្ចប់ និង​ការញែក​ឲ្យ​ដាច់​នៃ​អង្ករ​របស់​យើង មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​កសាង​ម៉ាក​យីហោ​អង្ករ​កម្ពុជា សម្រាប់​នាំចេញ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ការប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​ដល់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា តាមរយៈ​ការបើក​ទីផ្សារ​ថ្មី​បន្ថែមទៀត ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​កំណែទម្រង់​នៅ​ក្រសួងពាណិជ្ជកម្ម និង​ការសហការ​បន្ថែម​ជាមួយ​វិស័យ​ឯកជន​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ម៉ាក​យីហោ​អង្ករ​នេះ​។​

​វាគ្មិន​កិត្តិយស​ផ្សេងទៀត និង​លោក Lord Puttnam ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ បាន​ចែករំលែក​នូវ​ជំនាញ​ឯកទេស ចក្ខុវិស័យ និង​គំនិត​របស់ខ្លួន​អំពី​សមិទ្ធិផល​សម្រេចបាន ពាក់ព័ន្ធ​នឹង​ការកសាង​ម៉ាក​យីហោ ដែល​អាច​នាំ​ដល់​ការបង្កើត​យុទ្ធសាស្ត្រ​កសាង​ម៉ាក​យីហោ​ថ្នាក់ជាតិ​របស់​កម្ពុជា​៕​