CNRP សុំកិច្ចអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក្រោយ​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្រ្ត

ភ្នំពេញ៖ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានស្នើសុំព្រះរាជតម្រិះពី ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថនរោត្តម សីហមុនី ក្រោយមានអំពើហិង្សាលើតំណាងរាស្រ្ត លោក ញ៉យ ចំរើន និងលោក គង់ សភា នៅអំឡុងបាតុកម្ម នៅខាងមុខរដ្ឋសភា កាលពីថ្ងៃអង្គារ។

ញត្តិរបស់ក្រុមតំណាងរាស្រ្តនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥បានទូលព្រះមហាក្សត្រថា លោក គង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម ត្រូវបានបាតុករមួយក្រុម វាយដំយ៉ាងឃោរឃៅព្រៃផ្សៃ បណ្តាលឱ្យរងរបួសជាទម្ងន់ នៅជាប់របងវិមានរដ្ឋសភា ខណៈដែល អ្នកតំណាងរាស្រ្តទាំងពីរ ចេញពីប្រជុំរដ្ឋសភា។

ក្រុមតំណាងរាស្រ្តក៏បានបញ្ជាក់ ក្នុងលិខិតទូលថ្វាយនេះដែរថា ពួកគេមានការព្រួយបារម្ភ អំពីសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន នៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយតំណាងរាស្រ្តទាំងនោះ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះសន្តិសុខសុវត្ថិភាព សាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគបរទេសផងដែរ៕