ចាប់ចោរ​ជំនាញ​ឆក់​កាបូប​ជនបរទេស​​ម្នាក់​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ធ្វើការ​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជំនាញ​ខាង​ឆក់​កាបូប​ភ្ញៀវ​បរទេស​ក្នុង​កណ្តាល​ក្រុង​ទេសចរ​ម្នាក់ ខណៈ​ពេល​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​ផ្សារ​រាត្រី​ ។ ហេតុការណ៍​ចាប់​ជនសង្ស័យ​ឆក់​កាបូប​នេះ​ធ្វើ​ឡើង​កាល​​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ តុលា ២០១៥ នៅ​ម្តុំ​ផ្សារ​ដី​ហុយ ស្ថិត​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ ភឹង ច​ន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ តុលា​នេះ​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ផល សុ​ភ័ក្ត្រ ហៅ​ព្រួក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ខណៈ​ពេល​ក្រុមការងារ​កំពុង​ល្បាត​ប្រចាំការ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ភ្ញៀវ​បរទេស​ជនជាតិ​បារាំង​ឈ្មោះ Carycharrolie ភេទ​ស្រី នៅ​ម្តុំ​ផ្សារ​ដី​ហុយ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ដែល​ក្នុង​កាបូប​នោះ​មាន ទូរស័ព្ទ​អាយ​ហ្វូ​ន​៤s ១​គឿ​ង ប័ណ្ណបើកបរ​១ ប្រាក់​៣០​ដុល្លារ ។ ជនសង្ស័យ​រូប​នេះ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទៀត​ផង ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​បរទេស​ក្នុង​ក្រុង​សៀមរាប​ចំនួន​៣​លើក​ហើយ ដែល​លើក​១ ក្នុង​ខែសីហា ២០១៥ ម៉ោង​១១​យប់ ឆក់​នៅ​ផ្លូវ​តា​ណឺ​យ ជិត​ខារ៉ាអូខេ ញ៉ូ​ស្តារ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក យក​បាន​ទូរស័ព្ទ​សាំ​សុង​១​គ្រឿង របស់​ជនជាតិ​អា​រ៉ាប់​, លើក​ទី​២ ក្នុង​ខែកញ្ញា ២០១៥ ម៉ោង​២​ទៀប​ភ្លឺ ឆក់​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប យក​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង របស់​ជនជាតិ​អូស្ត្រាលី​, លើក​ទី​៣ ក្នុង​ខែតុលា ២០១៥ ​ម៉ោង​២​ទៀប​ភ្លឺ ឆក់​នៅ​មុខ​ផ្ទះសំណាក់​ហ្គោ​ដិ​ន វី​លិ​ក ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ យក​បាន​ទូរស័ព្ទ​សាំ​សុង​S4 មួយ​គ្រឿង របស់​ជនជាតិ​អូស្ត្រាលី ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕