បង្ក្រាប​ប្តី​ប្រពន្ធ​រកស៊ី​ថ្នាំ​ញៀន​ដុះ​ស្លែ​នៅ​ស្រុក​គី​រី​វង់

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១៦ និង​៤៥​នាទី ថ្ងៃ​ទី​២៧ តុលា ២០១៥ នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ជ័យ ឫ​ទ្ធី ព្រះរាជអាជ្ញា​រង​ខេត្ត បាន​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដុះ​ស្លែ​២​នាក់​ប្តី​ប្រពន្ធ​ ដែល​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ម៉េ​ង ម៉​ន់ អាយុ​៤២​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ គាវ គឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

មន្ត្រី​អាវុធហត្ថ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា លុយ​ខ្មែរ​៧០​ម៉ឺន​រៀល លុយ​វៀតណាម​១​លាន​ដុ​ង ម៉ា​ទឹកកក​២​កញ្ចប់​តូច (​ម៉ា​ទឹកកក​មាន​ច្រើន​តែ​ត្រូវ​ជនសង្ស័យ​ទម្លាក់​ចោល​ក្នុង​បង្គន់​អស់​) ដាវ​សា​មូ​រ៉ៃ​៤ ទូរស័ព្ទ​១០​គ្រឿង និង​ម៉ូតូ​ស្កុប​ពី ពណ៌​ស អត់​ស្លាក​លេខ​១​គ្រឿង ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​រួច​ដាក់គុក​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕