មន្ត្រី​សិទ្ធិ​មនុស្ស​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បារម្ភ​ពី​​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ក្រីក្រ​មួយ​ក្នុង​ចំណោម​ខេត្ត​ខ្លះ​ទៀត​របស់​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្រៅ​ប្រទេស ទាំង​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នេះ ហើយ​កំពុងតែ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​យល់​ដឹង​អំពី​សុវត្ថិភាព តាម​រយៈ​ការ​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ជា​ច្រើន​កន្លែង​នៅ​តាម​តំបន់​ដាច់ស្រយាល​នៃ​ស្រុក​ខ្លះ។

ឃុំ​ល្វា គឺ​ជា​ឈ្មោះ​ទី​ជនបទ​មួយ​របស់​ស្រុក​ពួក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

បច្ចុប្បន្ន ទី​នោះ​មាន​កសិករ​ជា​ច្រើន​បាន​នាំ​គ្នា​ចាក​ចេញ​ពី​ផ្ទះសម្បែង និង​ស្រែចម្ការ​ជា​បន្តបន្ទាប់ ហើយ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​តាម​រយៈ​មេខ្យល់​អូសទាញ និង​បោក​បញ្ឆោត។

មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្វា គឺ​លោក​អនុសេនីយ៍ទោ នៅ ពុទ្ធារិទ្ធិ។ លោក​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ភូមិ ក្នុង​ឃុំ​ល្វា បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ខ្លះ​ស្រប​ច្បាប់ និង​ខ្លះ​ទៀត​មិន​ស្រប​ច្បាប់​ជា​បន្តបន្ទាប់ គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោក​មេ​ប៉ុស្តិ៍​នគរបាល​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី ២-​៣​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ នៅ​ក្នុង​ឃុំ​ល្វា គឺ​ប្រមាណ​ប្រជាពលរដ្ឋ​ស្រី​ប្រុស​ចំនួន​ជិត ៥០០​នាក់ បាន​ធ្វើ​ចំណាកស្រុក​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ក្នុង​ចំណោម​អ្នក​ចំណាក​ស្រុក​ទាំង​នោះ គឺ​មាន​តែ ១៣​នាក់​ទេ​ដែល​ស្រប​ច្បាប់។

លោក​មេ​ប៉ុស្តិ៍​នគរបាល​ឱ្យ​ដឹង​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ច្រើន​ធ្វើ​ចំណាកស្រុក​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មិន​ស្រប​ច្បាប់ គឺ​កាល​ពី​អំឡុង​ខែ​សីហា កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូនទ្រ និង​ភូមិ​ព្រហូត ចំនួន ១៣​នាក់ ត្រូវ​តម្រួត​ថៃ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដាល​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នក​ទោស​ដូចគ្នា​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ខ្លាំងក្លា នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ខ្មែរ​រំដោះ​មក​វិញ៖ «អ៊ីចឹង​បង​ប្អូន​ទាំង ១៣​នាក់​នេះ គាត់​បាន​ជួប​ការ​ឈឺ​ចាប់។ នេះ​ដោយសារ​មូលហេតុ​ដែល​យើង​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ស្រប​ច្បាប់»

​មេឃុំ​ល្វា លោក ញ៉ុក ឈូ ទទួល​ស្គាល់​ថា នៅ​ក្នុង​ឃុំ​របស់​លោក​បច្ចុប្បន្ន គឺ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ១​ម៉ឺន​នាក់។ ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ទាំង​នោះ​គឺ​ជា​កសិករ​ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​ពួកគេ​ខ្លះ​ក៏​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​រក​ប្រាក់​ជួយ​ទ្រទ្រង់​គ្រួសារ។ លោក​មេ​ឃុំ​ល្វា បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​ជា​ច្រើន​បាន​ចាកចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ក៏ប៉ុន្តែ​ភាគ​ច្រើន​ពួកគេ​ចាក​ចេញ​ទៅ​ដោយ​មិន​ប្រាប់​ភូមិ ឃុំ ឱ្យ​ធ្វើ​ឯកសារ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ។

ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ល្វា ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​តាម​រយៈ​ការ​អូស​ទាញ ល្បួង និង​បោក​បញ្ឆោត​ពី​ក្រុម​មេខ្យល់ ហើយ​ពួកគេ​ខ្លះ​ក៏​ប្រឈមមុខ​នឹង​ការ​ជួញដូរ​មនុស្ស ព្រមទាំង​ជួញដូរ​កម្លាំង​ពលកម្ម។

ស្ត្រី​ឈ្មោះ អ៊ុំ កូយ ជា​អ្នក​ភូមិ​ព្រហូត នៃ​ឃុំ​ល្វា គឺ​អ្នក​ធ្លាប់​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​របស់​គាត់ ១២​នាក់​ផ្សេង​ទៀត ដែល​មេខ្យល់​បាន​បោក​បញ្ឆោត​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ជំរិត​យក​លុយ​អស់ ព្រមទាំង​លក់​ទៅ​ឱ្យ​កន្លែង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ទៀត​ផង។

លោកស្រី អ៊ុំ កូយ មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ខែ​ឧសភា កន្លង​ទៅ មាន​មនុស្ស ២​នាក់​ឈ្មោះ ស៊ុន ឈូក និង ចិ វុន បាន​មក​ល្បួង​គាត់ និង​គ្នីគ្នា ១២​នាក់​ផ្សេង​ទៀត ឱ្យ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ធ្វើ​នំប៉័ង​ក្នុង​ប្រទេស​ថៃ ហើយ​នៅ​ពេល​ដែល​រូប​គាត់ និង​អ្នក​ភូមិ ១២​នាក់​ផ្សេង​ទៀត​ទៅ​តាម​មេខ្យល់​នោះ ដល់​វត្ត​បាលិលេយ្យ ក្រុង​ប៉ោយប៉ែត គឺ​ពួក​មេខ្យល់​បាន​ទារ​លុយ ២.៥០០​បាត​ក្នុង​ម្នាក់ៗ។ ពួកគាត់​ត្រូវ​គេ​បោក​បញ្ឆោត​យក​លុយ​ជា​បន្តបន្ទាប់ នៅ​ពេល​ចូល​ទៅ​​ដល់​ទឹក​ដី​ថៃ ហើយ​ទី​បំផុត​ក៏​ត្រូវ​គេ​លក់​ទៅ​ឱ្យ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក។ ពីរ​ថ្ងៃ​ក្រោយ​មក​ពួកគាត់​ទាំង ១៣​នាក់ ក៏​ត្រូវ​តម្រួត​ថៃ ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ។

លោកស្រី អ៊ុំ កូយ បន្ថែម​ដូច្នេះ៖ «ចូល​គុក​គេ​ក៏​ឱ្យ​ខ្ញុំ​ដោះ​ខោអាវ ហើយ​ដេក​ក៏​មិន​ស្រួល ទឹក​មក​ងូត​មិន​ស្រួល បាយ​ហូប​ក៏​មិន​ឆ្អែត ធ្វើ​ការ​លើក​ចានដែក​ធំៗ លាង​លូ​ទឹក​ស្អុយ លាង​បង្គន់»

មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើងៗ​នេះ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន អ្នកស្រី ដួង ថាវរី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ស្រប​ច្បាប់។ អ្នកស្រី​បញ្ជាក់​ថា កាល​ពី​ខែ​មិថុនា កន្លង​ទៅ រដ្ឋាភិបាល​បាន​រំដោះ​កម្មករ​ខ្មែរ​ដែល​ធ្វើ​ការ​លើ​ទូក​នេសាទ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចំនួន ២៣០​នាក់។ ក្នុង​នោះ​កម្មករ​ចំនួន ៨៣​នាក់ ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប។

អ្នកស្រី ដួង ថាវី ឱ្យ​ដឹង​ថា កម្មករ​នេសាទ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ស្រប​ច្បាប់​ទាំង​នោះ ទទួល​រង​ភាព​វេទនា​បំផុត ដោយ​អ្នក​ខ្លះ​ធ្វើការ​នៅ​លើ​ទូក​រយៈពេល​រហូត​ដល់ ១៨​ឆ្នាំ តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ និង​ពិការ​ក៏​មាន៖ «ក្រៅ​ពី​ធ្វើការ​លើ​ទូក​នេសាទ​មក​ពី​​ឥណ្ឌូនេស៊ី នោះ គឺ​មាន​ពលករ​មួយ​ចំនួន​ធ្វើការ​នៅ​ម៉ាឡេស៊ី។ ភាគ​ច្រើន​គឺ​យក​តែ​ស្រីៗ​ទេ ទៅ​ធ្វើ​ជា​កម្មករ​នៅ​តាម​ផ្ទះ»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​មើល​ឃើញ​ភាព​ប្រឈម​មុខ​ជា​ច្រើន​ចំពោះ​កម្មករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ស្រប​ច្បាប់​ទាំង​នោះ ហើយ​អង្គការ​អាដហុក ក៏​បាន​បោះពុម្ព​សៀវភៅ​មួយ​ដែល​មាន​លេខ​ទូរស័ព្ទ​ជា​ច្រើន​ស្ថាប័ន ឈ្មោះ​ថា "តើ​នរណា​អាច​អ្នក​ជួយ​បាន" ដើម្បី​ចែក​ជូន​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​នៅ​ពេល​ណា​ដែល​គេ​ជួប​នឹង​បញ្ហា​ក្នុង​ពេល​ដែល​ចំណាក​ស្រុក​នោះ។

ប្រធាន​ផ្នែក​ការពារ​ស្ត្រី​និង​កុមារ របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ពលករ ពលការិនី​របស់​កម្ពុជា បាន​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើងៗ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប បាន​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

អ្នកស្រី ឆន សុគន្ធា បញ្ជាក់​ថា ភាគច្រើន​នៃ​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​មិន​ស្រប​ច្បាប់ ហើយ​ក៏​មិន​បាន​សិក្សា​ថា តើ​គួរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លួនឯង​មាន​សុវត្ថិភាព​ទេ៖ «យើង​ឃើញ​ថា ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​ភាព​ប្រថុយប្រថាន ហើយ​យើង​ឃើញ​ថា មាន​ពលករ ពលការិនី​មួយ​ចំនួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ច្រើន​តែ​អ្នក​លើ​ទូក​នេសាទ»

​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ប្រមាណ ៧០​ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​ធ្វើ​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សម្រាប់​ឆមាស​ទី​១ នៃ​ដើម​ឆ្នាំ​២០១៥ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​ត្រឹម​បញ្ជាក់​ឱ្យ​ដឹង​ពី​ចំនួន​កម្មករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ ចំនួន ១០​ម៉ឺន​នាក់ ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​ឃើញ​ថា មាន​ពលករ​ខ្មែរ​ចំនួន​ជាង ៦០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។