អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​រុះរើ​តូប​លក់ដូរ​នៅ​មុខ​ប្រាសាទប្រែរូប ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ដូច​ជា នគរបាល​ទេសចរណ៍ នគរបាល​បេ​តិក​ភ័​ណ្ឌ បាន​ចុះ​ទៅ​រុះរើ​តូប​អាជីវករ និង​រៀបចំ​សណ្តាប់ធ្នាប់​អ្នក​លក់ដូរ​គ្មាន​របៀបរៀបរយ​នៅ​ក្នុង​បរិវេណ​ប្រាសាទប្រែរូប​ចំនួន​១៨​តូប ដែល​ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ តុលា ២០១៥ នៅ​មុខ​បរិ​វណ​ប្រាសាទប្រែរូប ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ។

ប្រភព​ពី​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ការ​ចុះ​មក​រុះរើ​តង់ និង​រោង​របស់​អាជីវករ ដែល​បាន​បោះទីតាំង​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ការ​អនុញ្ញាត​ចំនួន​១៨​តូប (​គ្រែ​៥ និង​តុ​១៣) នោះ​ដោយសារ​ពី​មុន​មក​ក្រុម​អាជីវករ​ពុំ​មាន​ទីតាំង​លក់ដូរ ឬ​ពុំ​ទាន់​ហ៊ាន​បោះទីតាំង​ក្នុង​រូបភាព​ជា​តូប ឬ​រោង​នោះ​ទេ ។ ប្រភព​បាន​បន្ត​ថា ពួក​គាត់​ធ្លាប់​បាន​ចូល​ទៅ​លក់​ដល់​ក្នុង​ប្រាសាទ ជាមួយនឹង​សម្ភារៈ​ស្ពាយ​ជាប់​ខ្លួន​មួយ​ចំនួន ដោយ​មើលឃើញ​ថា ការ​កាន់ ឬ​ស្ពាយ​សម្ភារៈ និង​សកម្មភាព​របស់​ពួក​គាត់​ពេល​ចូល​ទៅ​លក់​ក្នុង​ប្រាសាទ​នោះ បាន​រំខាន​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ និង​គ្មាន​សណ្តាប់ធ្នាប់ ដូច្នេះ​ទើប​កម្លាំង​មាន​សមត្ថកិច្ច​បាន​ហាមឃាត់​ឈប់​ឱ្យ​លក់ដូរ​ក្នុង​ប្រាសាទ និង​បាន​ណែនាំ​ឱ្យ​ក្រុម​អាជីវក​រទាំង​អស់នោះ​ទៅ​លក់​នៅ​ម្ខាង​ផ្លូវ​ ក្រៅ​បរិវេណ​ប្រាសាទ ដែល​មាន​អាជីវករ​ផ្សេង​ៗ​ទៀត​កំពុង​លក់ដូរ​នៅ​ទីនោះ​វិញ ប៉ុន្តែ​ក្រុម​អាជីវករ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ និង​ការ​រៀបចំ​របស់​អាជ្ញាធរ​នោះ​ទេ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​មក​បោះទីតាំង​លក់​នៅ​ជាប់​នឹង​ជើង​ប្រាសាទ​តែ​ម្តង ។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ថា ករណី​ដែល​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ចុះ​ទៅ​រុះរើ​តូប​លក់ដូរ​របស់​អាជីវករ​ចំនួន​១៨​តូប​នោះ គឺ​ខាង​ជំនាញ​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​ជា​បន្តបន្ទាប់​អំពី​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ទេសភាព​តំបន់​ទេសចរណ៍ ក៏​ដូច​ជា​ប៉ះពាល់ និង​រំខាន​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ និង​បាន​ណែនាំ​ឱ្យ​ប្តូរ​ទីតាំង​លក់​ទៅ​កន្លែង​សមរម្យ តែ​ពួក​គាត់​មិន​ព្រម​ធ្វើ​តាម​ការ​រៀបចំ​នេះ​ទេ ។ ប្រភព​ពី​មន្ត្រី​ដដែល​បាន​បន្ត​ថា ការ​រុះរើ​ទីតាំង​ទាំងនេះ​គឺ​ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​គុណភាព​តម្លៃ​ប្រាសាទ​ឱ្យ​ស័ក្តិ​សមជា​តំបន់​ទេសចរណ៍វប្បធម៌​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិ​ភ​លោក និង​ដើម្បី​ធានា​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន តែងតែ​រិះគន់​ និង​ត្អូញត្អែរ​ពី​ការ​ដាក់​លក់​ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សា​វរីយ៍​គ្មាន​សណ្តាប់ធ្នាប់ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​ចំនួន​ធំ​បាន​រិះគន់ និង​រាយការណ៍​ពី​ការ​រំខាន និង​ជេរ​ប្រមាថ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មិន​ព្រម​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​របស់​ពួក​គាត់​ផង​ដែរ ។

ជា​ការ​ពិត​ណាស់​ការ​រៀបចំ​សណ្តាប់ធ្នាប់​អ្នក​លក់ដូរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ គឺជា​ភាព​ចាំបាច់​បំផុត​មួយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា និង​កម្លាំង​ពាក់ព័ន្ធ បាន​និង​កំពុង​ដោះស្រាយ និង​រៀបចំ​ជា​បន្តបន្ទាប់​ឱ្យ​បាន​ល្អ​ប្រសើរ ព្រោះ​តំបន់​អង្គរ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ឥត​ឈប់​ឈរ​ជា​ច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ផង​ដែរ ៕