ដើមបណ្ដឹង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង​គ្រោង​ប្ដឹង​​ទារ​សំណង​ទៅ​សាលាឧទ្ធរណ៍

ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្វាយរៀង នឹង​ប្ដឹង​ឧទ្ធរណ៍​ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ព្រម​ផ្ដល់​សំណង​តាម​ការ​សម្រេច​របស់​តុលាការ។

មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកនាង សេរីបុត្ត ចរិយា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ១៥ អេស.អេច្ឆ (15SH) មិន​យល់ព្រម​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។

​ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​សាលក្រម​សម្រេច​ឲ្យ​ភាគី​ក្រុមហ៊ុន​វៀតណាម ផ្ដល់​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សម្រាប់​គ្រួសារ​អ្នក​ស្លាប់ ១៩​នាក់ ក្នុង​ម្នាក់​ត្រូវ​ទទួល​បាន​សំណង ១២​លាន​រៀល និង​អ្នក​រង​របួស​ត្រូវ​ទទួល​បាន​សំណង​ចន្លោះ​ពី ៦​លាន ដល់ ១០​លាន​រៀល​តាម​ស្ថានភាព​របួសធ្ងន់​ស្រាល។

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វៀតណាម និង​រថយន្ត​ដឹក​កម្មករ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​បណ្ដាល​ឲ្យ​មនុស្ស ១៩​នាក់​ស្លាប់ និង ២០​នាក់​រង​របួស កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។ ចំណែក​អ្នក​បើកបរ​រថយន្ត​ដែល​ជា​ជនជាតិ​វៀតណាម នោះ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។