វិបត្តិ​ជនអន្តោប្រវេសន៍​អឺរ៉ុប៖អូទ្រីស និង​អាល្លឺម៉ង់​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា

សហភាពអឺរ៉ុប​បាន​និង​កំពុង​បន្ត​គ្របដណ្តប់​ដោយ​វិបត្តិ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍។ គឺ​ជា​វិបត្តិ​មួយ​ដែល​សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​រួម។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​មាន​ប្រទេស​អឺរ៉ុប​ខ្លះ ពិសេស​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​ខ្លំាង​ជាង​គេ​ផ្តើម​ចាត់​វិធានការ​ទប់ស្កាត់​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ ជា​ទូទៅ វិធានការ​ផ្ទាល់​ខ្លួន​ដែល​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ធ្វើ និង​គ្រោង​នឹង​ធ្វើ​នោះ គឺ​ការ​បិទ​ព្រំដែន​តាម​រយៈ​ការ​សង់​របង ឬ​ជញ្ជំាង។ ជាក់ស្តែង​ប្រទេស​អូទ្រីស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៨ តុលា​ពី​គម្រោង​សង់​របង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស្លូវេនី។