ជនជាតិ​កូរ៉េ​ខាង​ជើង ​ជាង​៥ម៉ឺន​នាក់ ត្រូវ​រដ្ឋ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស

យោង​តាម​របាយការណ៍ ​របស់​អង្គការ​សហ​ប្រជាជាតិ ​ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ​ គឺ​មាន​ជនជាតិ​កូរ៉េ​ខាង​ជើង ​ប្រមាណ​ជា​ជាង​៥​ម៉ឺន​នាក់ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ផ្តាច់​ការ​កូរ៉េ​ខាង​ជើង​ បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​ នៅ​ក្រៅ​ប្រទេស ​មាន​ជា​ពិសេស​គឺ​នៅ​ចិន ​និង​នៅ​រុស្ស៊ី។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការងារ​ របស់​ពលករ​ទាំង​នេះ ​ត្រូវ​បាន​រដ្ឋ​អំណាច​កូរ៉េ​ខាង​ជើង ​រឹបអូស​យក​ទាំង​ស្រុង ​ ដែល​គិត​ជា​ទឹក​ប្រាក់​ យ៉ាង​ហោច​ណាស់​ប្រហែល​ជា​ជាង​២ពាន់​លាន​ដុល្លារ​ ជា​រៀង​រាល់​ឆ្នាំ។