Q&A : ហេតុអ្វី​បានជា​នាង​ខ្ញុំ​មិនសូវមាន​អារម្មណ៍​សិច​ជាមួយ​ស្វាមី ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិនសូវមាន​អារម្មណ៍​សិច​ជាមួយ​ស្វាមី​ប៉ុន្មាន​ឡើយ ។ យើង​បាន​រៀបការ​ជាមួយគ្នា​រយៈពេល ២ ឆ្នាំ​ហើយ ដោយ​កាលពីមុន​រៀបការ យើង​បាន​សេពគប់​គ្នា​ជា​សង្សារ​អស់​ពេល ៥ ឆ្នាំ ប៉ុន្តែ​យើង​មិនបាន​ពាក់ព័ន្ធ​រឿង​សិច​ជាមួយគ្នា​ទេ ព្រោះ​នាង​ខ្ញុំ​ជាម​នុស្ស​ប្រកាន់ខ្ជាប់​ប្រពៃណី មិន​ចង់ឱ្យ​ខូចខ្លួន​ខូច​ប្រាណ​មុនពេល​រៀបការ​ទេ ហើយ​សំខាន់បំផុត​មួយទៀត នោះ​នាង​ខ្ញុំ​ខ្លាច​ខូច​រាង ព្រោះ​បើកាលណា​មាន​សិច​រាង​របស់​ស្ត្រី​នឹង​ប្រែប្រួល ពេល​ទៅណា​មក​ណា​អ្នកដទៃ​នឹង​មើល​ដឹង​ភ្លាម ។

ដោយសារ​ការសេព​គប់​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម​រវាង​ចិត្ត និង ចិត្ត ទីបំផុត​យើង​បានសម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា​តែម្តង ។ កាលពី​ដំបូង​ឡើយ​នាង​ខ្ញុំ​មិនបាន​ដឹងថា​ខ្លួនឯង​ជា​ប្រភេទ​មនុស្ស​ដែលមាន​អារម្មណ៍​ផ្លូវភេទ​តិច​បែប​នេះឡើយ រហូត​ទាល់តែ​រៀបការ​ហើយ​ទើប​ដឹងថាខ្លួនឯង​ខ្សោយ​បញ្ហា​នេះ​ខ្លាំងណាស់។

ពេលនេះ​បើទោះបី​ខិតខំ​ព្យាយាម​ក្នុង​រឿងនេះ ប៉ុន្តែ​ពេលដែល​ស្វាមី​ឱបក្រសោប និង រួមភេទ នាង​ខ្ញុំ​ហាក់​មិន​ទទួល​អារម្មណ៍​អ្វី​ឡើយ ពិសេស​មិនដែល​ឈានដល់​ចំណុចកំពូល​ថែម​ទៀតផង ។ តើ​មាន​វិធី​អ្វី​ដោះស្រាយ​បញ្ហា​នេះ​ឬទេ ? បើ​ពុំ​នោះទេ​នៅ​ថ្ងៃ​ខាងមុខ​នាង​ខ្ញុំ​ពិតជា​ចៀស​មិន​ផុតពី​បញ្ហា​រង្គោះរង្គើ​ក្នុង​គ្រួសារ​ពុំខាន ។​

ចម្លើយ ៖ ជាដំបូង​សុំឱ្យ​អ្នក​ដាក់ចុះ​នូវ​អ្វីដែល​អ្នក​កំពុងមាន​ក្តីកង្វល់​នេះ​ទុក​មួយ​ឡែក​សិន​រួច ហើយ​ពិនិត្យមើល​ខ្លួនឯង​ថា តើ​សព្វថ្ងៃនេះ​អ្នកធ្វើការងារ​ច្រើន និង មានរឿង​រ៉ាវ​តានតឹង​អារម្មណ៍​ឬទេ ? ស្ត្រី​មាន​បញ្ហា​តានតឹង​អារម្មណ៍ ជា​បច្ច័យ​សំខាន់​ដែល​ប៉ះទង្គិច​ដល់​បញ្ហា​ផ្លូវភេទ ។ ត្រូវ​ចងចាំ​ថា បើកាលណា​ក្នុង​ខ្លួន​របស់​អ្នក​កាន់តែ​ប្រមូលផ្តុំ​បញ្ហា​តានតឹង​អារម្មណ៍​ច្រើន​ប៉ុនណា ការទទួល​អារម្មណ៍​ចំណង់​ផ្លូវភេទ​ក៏​កាន់តែ​ថយចុះ​ទៅតាម​នោះដែរ ។​

​ក្រៅពីនេះ បើ​ក្នុង​មួយថ្ងៃៗ​ធ្វើការ​ធ្ងន់​នឹង​បង្ក​ឱ្យ​រាងកាយ​ចុះខ្សោយ និង អស់កម្លាំង​ល្ហិតល្ហៃ​នោះ បញ្ហា​ផ្លូវភេទ​ក៏​ចុះខ្សោយ​ដែរ ។ ឥឡូវនេះ​អ្នក​សាកល្បង​ទម្លាក់ចោល​នូវ​ក្តីកង្វល់​ដែល​តែង​កើតមាន​ទាំង ប៉ុន្មាន​របស់ខ្លួន​ចេញ ជឿជាក់ថា​មិនយូរ​មិនឆាប់​វា​នឹង​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​ឱ្យ​ប្រសើរឡើង​ពុំខាន ។

ត្រូវ​ចេះ​ធ្វើឱ្យ​អារម្មណ៍​បែបនេះ​ឱ្យបាន​ច្រើន ព្រោះ​បញ្ហា​នេះ​ត្រូវ​ការប្រើ​ទាំង​ពេលវេលា និង​ចិត្តគំនិត​ផង ។ ត្រូវ​ចងចាំ​ថា កុំ​អស់សង្ឃឹម​ឱ្យសោះ​ទីបំផុត​អ្នកនឹង​ឈ្នះ ។ ក្រៅពីនេះ​ត្រូវ​រក​ពេល​មើល​រឿង​សិច ឬ អាន​រឿង​ទាក់ទង​ផ្លូវភេទ​ឱ្យបាន​ញឹកញាប់​ ​មិនយូរ​មិនឆាប់​អារម្មណ៍​ផ្លូវភេទ​របស់​អ្នកនឹង​ទទួលជោគជ័យ​មកវិញ ។​



Related