ចិន​និង អាល្លឺម៉ង់ ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់​លើ​វិបត្តិ​ស៊ី​រី​

​មេដឹកនាំ​ចិន​និង​អាល្លឺម៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានលើកឡើង​ពី​តម្រូវការ​ចាំបាច់​ក្នុង​រក​ដំណោះស្រាយ​សម្រាប់​ស៊ី​រី​។ ការលើកឡើង​នេះ ត្រូវបានធ្វើ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី  Angela Merkel ទៅកាន់​ប្រទេស​ចិន ដែល​បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២៩​នេះ​។​

​ក្នុងជំនួប​ពិភាក្សា​ផ្លូវការ​នៅ​វិមាន​ប្រជាជន​ចិន អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel​និង នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានបញ្ជាក់​ឡើងវិញ​ពី​ភាពចាំបាច់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​ស៊ី​រី​ឲ្យ​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន ខណៈ វិបត្តិ​ជនភៀសខ្លួន​កំពុង​តាម​យាយី​តំបន់​អឺរ៉ុប​យ៉ាងខ្លាំង​។

​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​គោលជំហរ​របស់​ចិន​ដែល​តែងតែ​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំងយោធា​ក្នុងប្រទេស​ស៊ី​រី​។ លោក​ថា ដំណោះស្រាយ​នយោបាយ ជា​ផ្លូវ​ចេញ​តែមួយគត់​សម្រាប់​ស៊ី​រី​។ ហើយ វា​ក៏​ជា​រឿង​ចាំបាច់​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ខែ​មុន​រុស្សី​បានចាប់ផ្ដើម​យុទ្ធនាការ​តាម​ដែនអាកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​ស៊ី​រី ដែល​នេះ​បានបង្ហាញ​ពី​ការ​លូកដៃ​ចូល​របស់​បរទេស​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ស៊ី​រី​។ ការវាយប្រហារ​នេះ​ត្រូវបាន​លោកខាងលិច​រិះគន់​យ៉ាងខ្លាំង ដោយ​ពួកគេ​បាន​អះអាងថា ប្រតិបត្តិការ​នេះ​មាន​គោលបំណង​ការពារ​លោក​អាសាដ មិនមែន​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ទេ​។

​ជុំវិញ​វិបត្តិ​នៅ​ស៊ី​រី លោកស្រី Merkel ក៏បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​ការប្រើប្រាស់​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​ដែរ​។ លោកស្រី​បន្ថែមថា យើង​ត្រូវការ​ដំណោះស្រាយ​ដោយ​សន្តិភាព​ហើយ  វា​ពិតជា​រឿង​ដ៏​បន្ទាន់​ណាស់​។

​សូម​បញ្ជាក់ដែរថា លោកស្រី Merkel​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជនភៀសខ្លួន ដែល​ភាគច្រើន​មក​ស៊ី​រី​និង​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ចំនួន​ជនភៀសខ្លួន​ប្រហែល​១​លាន​នាក់ នឹង​មកដល់​អាល្លឺម៉ង់​ក្នុងឆ្នាំនេះ​។ តែ​លោក Li Keqiang​និយាយ អាល្លឺម៉ង់​និង​ប្រទេស​អឺរ៉ុប​ដទៃទៀត មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​