ភរិយា​សុំ​ចែកផ្លូវ ទើប​ខ្ញុំ​ដឹងខ្លួន​

Sanofi

នៅពេលដែល​អ​វត្ដ​មាន​ភរិយា​ពី​ផ្ទះ ទើប​ខ្ញុំបាទ​បើក​បេះដូង​ទទួលស្គាល់​ពី​តម្លៃ រួមទាំង​ការតស៊ូ​លះបង់​ប្រកបដោយ​ភាព​អត់ធ្មត់​របស់​នាង​នៅ​ចំពោះមុខ​គ្រប់​បញ្ហា​ក្នុងនាម​ជា​ស្ដ្រី​មេផ្ទះ​មួយរូប​ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​សម្រាប់​គ្រួសារ​ទាំងមូល មាន​ខ្ញុំ និង កូនប្រុស​ស្រី​ចំនួន​ពីរ​នាក់​នៅក្នុង​បន្ទុក ដែល​កូនប្រុស​ច្បង​អាយុ ៦ ឆ្នាំ ឯ​កូនស្រី​ពៅ​អាយុ​ទើបតែ​បាន​បី​ខួប ។​

​ទោះបីជា​ខ្ញុំ​ដឹង និង មើលឃើញ​ផ្ទាល់​ភ្នែក​ថា ការងារ​ជា​ស្ដ្រី​មេផ្ទះ​នេះ​វា​ពុំមែន​ជា​ការងារ​ងាយស្រួល​ក៏ពិតមែន តែ​កន្លងមក​ខ្ញុំ​តែងតែមាន​ទស្សនៈ​ថា ការងារ​នេះ​ជាការ​ងារ​ដែល​គ្មាន​តម្លៃ មិនសូវ​ជាមាន​ប្រយោជន៍ ព្រោះ​ជាការ​ងារ​ដែល​គ្មាន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ ដែល​អាចរួមចំណែក​កាត់បន្ថយ​ភាពលំបាក​នៅក្នុង​គ្រួសារ​បានឡើយ ។ ឈរលើ​ការយល់ឃើញ​បែបនេះ វា​ជា​កត្ដា​រួមចំណែក​ធ្វើឱ្យ​ខ្ញុំ​សម្ដែង​ចេញ​នូវ​អាកប្បកិរិយា​មួយ​ហាក់​មិន​អើពើ រវីរវល់ យក​ចិ​ត្ដ​ទុកដាក់​នឹង​សុខទុក្ខ​របស់​ភរិយា​ឡើយ ។

បន្ថែម​ពីលើ​ចំណុច​ខ្វះខាត​នេះ​ទៀត ខ្ញុំ​តែងមាន​អារម្មណ៍មិនល្អ​ជាមួយ​ភរិយា ដោយ​ផ្អែកទៅលើ​លេស​ជាច្រើន​ដូចជា ពេល​កូន​ឈឺ ម្ហូប​មិនត្រូវ​មាត់ ផ្ទះ​គ្មាន​សណ្ដាប់ធ្នាប់ ទឹក​ភ្លើង​អស់​ច្រើន ជាដើម ដែល​បញ្ហា​ទាំងនេះ​ខ្ញុំ​តែងតែ​លើក​មក​ចោទឡើង​នៅក្នុង​គោលបំណង​ចង់​បញ្ចេញ​កំហឹង ដែល​បាន​គុំកួន​នាង​នៅក្នុង​ចិ​ត្ដ មក​ជះ​ដាក់​នាង​ដើម្បី​ឱ្យបាន​ធូរ​ចិ​ត្ដ​ខ្លះ ។​ ​យក​ខ្នងដៃ​ជូត​ទឹកភ្នែក ខាំមាត់​សង្កត់​ចិ​ត្ដ មិន​តបត​ពេល​ប្តី​ខឹង​ក្រោធ ជា​កាយវិការ​ដែល​ភរិយា​របស់ខ្ញុំ​តែងតែ​ប្រកាន់យក​ជាប្រចាំ ។

ជួនកាល​ខ្ញុំ​យក​ភាពមិន​តបត​របស់​នាង​ធ្វើជា​លេស​ដើម្បី​ចោទថា​ឌឺ​ដាក់​ខ្ញុំ ។ មាន​ថ្ងៃមួយ​ខ្ញុំ​បាន​ស្ទុះ​ទៅ​រុញ​នាង​រហូត​ដួល​ធ្លាក់​ពី​កាំជណ្ដើរ​បោក​ក្បាល​សន្លប់ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ពេលនេះ​ភរិយា​របស់ខ្ញុំ​ដឹងខ្លួន​វិញ​ហើយ ខ្ញុំ​សប្បាយ​ចិ​ត្ដ​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​គិតថា​អ្វីៗ​នឹង​ល្អប្រសើរ​សម្រាប់​យើង​ទាំងពីរ ព្រោះ​រឿង​គ្រោះថ្នាក់​នេះ​ភរិយា​របស់ខ្ញុំ​បាន​បង្វែរ​សាច់រឿង​ប្រាប់​ដល់​ឪពុកម្ដាយ​ទាំងសងខាង​ប្រកបដោយ​ហេតុផល​ថា នាង​ងងឹតមុខ​ដួល​ធ្លាក់​ពីលើ​ជណ្ដើរ​ដោយ​ខ្លួនឯង ។​

​ក្ដី​អស់សង្ឃឹម​ស្ទើរតែ​ផុតដង្ហើម​បាន​ភព​ប្រសព្វ​ចំពោះ​រូបខ្ញុំ នៅពេល​បាន​ស្ដាប់ឮ​សម្ដី​ភរិយា​របស់ខ្ញុំ​លើកឡើងថា នាង​សុំ​លែងលះ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​ពិតជា​មិន​ចង់​លែងលះ​ជាមួយ​ភរិយា​នៅក្នុង​គ្រា​ដែល​សេចក្ដី​ភ្ញាក់រឭក​ដ៏​ពិតប្រាកដ​មួយ​បានកើត​ចំពោះ​រូបខ្ញុំ​ដូចនេះ​ឡើយ ។ ខ្ញុំ​ចង់​កសាង​គ្រួសារ​មួយ​ជាថ្មី​ដោយ​យក​ភាពជា​ស្វាមី​ល្អ​ទៅ​ប៉ះប៉ូវ​នូវ​អ្វីដែល​ខ្ញុំបាទ​ខកខាន​មិនបាន​បំពេញ​កន្លងមក ឱ្យ​ដូច​គ្រា​ដំបូង​ដែល​ខ្ញុំ និង ភរិយា​បាន​ផ្សារភ្ជាប់​សម្ពន្ធ​មេត្រីភាព​ជាមួយគ្នា ។

ខ្ញុំ​ទទួលស្គាល់​ពី​កំហុស​ខ្លួនឯង​ថា ដើមហេតុ​ដែលនាំឱ្យ​ខ្ញុំ ប្រើ​អំពើហិង្សា​លើ​ភរិយា​នោះ មកពី​ភាព​ប្រចណ្ឌ​នាង​ជាមួយ​បុរស​ម្នាក់​ជា​អតីត​សង្សារ​របស់​នាង​កាលពី​រៀន​នៅ​វិទ្យាល័យ ហើយ​បាន​បែក​ដោយសារ​សង្សារ​ចាស់​របស់​នាង​ចាក​ចេញទៅ​រស់នៅ​ប្រទេស​អូស្ដ្រាលី ។ កាលពី​បី​ឆ្នាំមុន សង្សារ​ចាស់​របស់​នាង និង ភរិយា​របស់គេ​មកលេង​ស្រុក​ខ្មែរ ហើយក៏​បានមក​លេង​ផ្ទះ​ខ្ញុំ ថែមទាំង​បាន​សុំ​គ្នា​រាប់អាន​ជា​បងប្អូន​ទៀតផង ។

កាលនោះ​ពួកគេ​បាន​បបួល​គ្រួសារ​ខ្ញុំ​ទៅលេង​ប្រទេស​ថៃ ខ្ញុំ និង ភរិយា​ក៏​ព្រម តែ​ដល់​ថ្ងៃ​ចេញដំណើរ​ខ្ញុំ​ក៏​ចុកពោះ​រាក​មួល​មិនបាន​ទៅ ភរិយា​របស់ខ្ញុំ​ក៏​មិន​ទៅ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ឱ្យ​នាង​ទៅជា​មួយ​កូន​ចុះ ទីបំផុត​នាង​ក៏​ព្រមទៅ ។ ការយល់ព្រម​របស់​នា​ង​ធ្វើឱ្យ​ខ្ញុំ​មាន​ចិ​ត្ដ​ក្ដៅក្រហាយ និង កើត​ចិ​ត្ដ​ប្រចណ្ឌ​ថា​នាង​នៅតែ​នឹក​សង្សារ​ចាស់ ទើប​បណ្ដាលឱ្យ​ខ្ញុំ​ឈានទៅ​ប្រើ​អំពើហិង្សា​លើ​នាង​កាន់តែខ្លាំង​ឡើងៗ​រហូតមកដល់​រឿង​ខាងលើនេះ ។

តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ផ្លាស់ប្ដូរ​ចិ​ត្ដ​ភរិយា​របស់ខ្ញុំ​មិនឱ្យ​លែងលះ​ជាមួយ​ខ្ញុំ​នោះ ? ព្រោះ​ភរិយា​របស់ខ្ញុំ​ក៏បាន​ប្រកាសប្រាប់​ចាស់ទុំ​ទាំងសងខាង​ថា ត្រូវតែ​លែងលះ​ជាមួយ​ខ្ញុំ​ឱ្យខាងតែបាន ។ រឿងនេះ​ធំ​ណាស់ កុំថាឡើយ​ឪពុកម្ដាយ​ក្មេក​សូម្បីតែ​ឪពុកម្ដាយ​ខ្ញុំ​បង្កើត​ក៏​មិន​រាប់រក​ខ្ញុំ​ដែរ ពេល​ពួកលោក​បានដឹង​រឿង​ពិត​នេះ ព្រោះ​ពួកលោក​ស្រឡាញ់​កូនប្រសា​ជាង​ខ្ញុំ​ដែលជា​កូនបង្កើត​ទៅទៀត ។

​ជូន​ចំពោះ​លោក​មាន​វិបត្ដិ​

​ការសុំ​លែងលះ​របស់​ភរិយា​លោក គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ​បើ​ឆ្លុះបញ្ចាំង​ទៅលើ​ទង្វើ​របស់លោក​ដែល​បាន​ប្រ​ព្រឹ​ត្ដ​ខុស​មកលើ​ភរិយា ដែលជា​ស្ដ្រី​មេផ្ទះ​ដ៏​ល្អ​មួយរូប​សម្រាប់​គ្រួសារ ។ កំហុស​គ្រប់យ៉ាង​សុទ្ធតែ​លោក​ជា​អ្ន​កសាងឡើង​ដោយ​ខ្លួន​លោក​ផ្ទាល់ តែ​លោក​បាន​យក​លទ្ធផល​នៃ​ការសម្រេច​ចិ​ត្ដ​របស់លោក​ធ្វើជា​លេស​ដើម្បី​ឈានទៅរក​ការចាប់​កំហុស​នាង​ដោយ​មិន​សម​ហេតុផល​ក្នុងការ​ចោទប្រកាន់​ភរិយា​របស់លោក​ពី​ទំនាក់ទំនង​ក្នុង​អតីតកាល​ជាមួយ​សង្សារ​ចាស់​របស់​នាង ។

កាលនោះ​ភរិយា​របស់លោក​មិនមែន​ចាកចេញ​ទៅលេង​ប្រទេស​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​លោក​ឡើយ ។ ម្យ៉ាងទៀត​ដំណើរ​កម្សាន្ដ​នោះ​គឺ​ទៅជា​លក្ខណៈ​គ្រួសារ ពុំមែន​ទៅ​តែ​ពីរ​នាក់​នាង និង អតីត​សង្សារ​នាង​ឡើយ អ្វីដែល​សំខាន់​នោះ គឺ​ទាំងសងខាង​សុទ្ធតែ​មានគ្រួសារ​រៀងខ្លួន​ទៅហើយ លោក​ពុំគួរ​យក​អតីតកាល​ធ្វើជា​លេស ហើយ​បំផ្លាញ​បច្ចុប្បន្នកាល និង អនាគតកាល​របស់​គ្រួសារ​លោក​ដូច្នេះ​ឡើយ ។

​ក្រោយពេល​មានរឿង​ដូច្នេះ​កើតឡើង ទើប​ក្ដី​ភ្ញាក់រឭក​ស្គា​ល់ពី​កំហុស​ខ្លួនឯងបាន​រត់​មក​ជ្រក​នៅក្នុង​បេះដូង​របស់លោក ដោយមាន​ចេតនា​ចង់​កសាង​ជីវិត​គ្រួសារ​មួយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ដូច​កាល​គ្រា​ដំបូង តែ​ក្ដី​បំណង​នេះ​មិនអាច​ទៅរួច ព្រោះ​ការអត់ធ្មត់​របស់​នាង គឺមាន​ព្រំដែន រហូត​មិន​អាចឱ្យ​នាង​តស៊ូ​រស់នៅ​ជាមួយ​លោក​បាន​តទៅទៀត ដោយ​ជ្រើស​រើសយក​ការ​លែងលះគ្នា​ធ្វើជា​ដំណោះស្រាយ​បញ្ហា​នេះ ។ «​ប្រជាប្រិយ​» មើលឃើញថា ប្រសិនបើ​លោក​ពិត​ជាមាន​ក្ដី​ភ្ញាក់រឭក​ដ៏​ស្មោះ​ចេញពី​បេះដូង​មែន​នោះ បញ្ហា​នេះ​មុខជា​អាច​ដោះស្រាយបាន ។

«​ប្រជាប្រិយ​»​សូម​ជូន​ជា​យោបល់​ថា លោក​ត្រូវតែ​សារភាព​ពី​កំហុសឆ្គង​របស់លោក​ដែល​បាន​សាង​ទៅលើ​ភរិយា​កន្លងមក​នៅ​ចំពោះមុខ​ឪពុកម្ដាយ​ទាំងសងខាង ដោយ​យក​ពួកលោក​ធ្វើជា​សាក្សី និង សន្យា​ឈប់​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ទាំងនោះ​ទៀត ដើម្បី​បង្កើន​នូវ​ទំនុក​ចិ​ត្ដរបស់​ភរិយា​ចំពោះ​លោក​ផង ។ ភរិយា​របស់លោក​ជា​នារី​ម្នាក់​ល្អ ស្រឡាញ់​គ្រួសារ ដូច្នេះ​ការផ្ដល់​នូវ​ការ​អភ័យទោស​ចំពោះ​លោក គឺ​មុខជា​អាចទៅរួច ព្រោះ​ក្នុង​លោក​នេះ​គ្មាន ស្ត្រី​ណា​ម្នាក់​ដែល​ចិ​ត្ដ​ដាច់​លះបង់​ចំណងអាពាហ៍ពិពាហ៍​ចោល ស្រប​ពេលដែល​គូជីវិត​ស្គា​ល់ពី​ទោសកំហុស​របស់ខ្លួន ដោយសារ​ភាព​ពី​ទោសកំហុស​របស់ខ្លួន និង សុំ​ការ​អភ័យទោស​នៅ​ចំពោះមុខ​ចាស់ទុំ​ដូច្នេះ​ឡើយ ។

«​ប្រជាប្រិយ​»​សូម​ជូនពរ​លោក​ទទួល​បាន​ជោគជ័យ​ក្នុងការ​ដោះស្រាយ​វិបត្ដិ​គ្រួសារ​មួយ​នេះ​បាន​ដូច​ក្ដី​ប៉ងប្រាថ្នា និង បញ្ចៀស​ឱ្យបាន​នូវ​អំពើហិង្សា​គ្រប់​រូបភាព​ក្នុង​គ្រួសារ ដោយ​យក​វិចារណញាណ និង គតិបណ្ឌិត​ធ្វើជា​ដំណោះស្រាយ​បញ្ហា​ទាំងពួង ជាពិសេស​ជម្រះ​គំនិត​«​ការងារ​មេផ្ទះ​គ្មាន​តម្លៃ​»នោះ​ចេញ​ឱ្យអស់។ សូម​គ្រួសារ​លោក​ជួបតែ​សុភមង្គល​ជា​រៀងរហូត ៕


Related