អូស្រ្តាលី​នឹង​ចូលរួម​សមយុទ្ធ​ក្នុង​សមុទ្រ​ជាមួយ​ចិន​ក្នុង​ពេល​មាន​ភាព​តានតឹង

អូស្រ្តាលី​នឹង​ចូលរួម​សមយុទ្ធ​ក្នុង​សមុទ្រ​ជាមួយ​ចិន​ក្នុង​ពេល​មាន​ភាព​តានតឹង

នាវា​ចម្បាំង​ជើង​ទឹក​របស់​ចិន​បាញ់​កាំភ្លើង​របស់​ខ្លួន ក្នុង​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​នៅ​សមុទ្រ​រួម​សម្រាប់​ឆ្នាំ២០១៤ នៅ​ខាង​ក្រៅ​ក្រុង Shanghai កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤។

អូស្ត្រាលី​នឹង​ចូលរួម​សមយុទ្ធ​យោធា​ជើង​ទឹក​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បើ​ទោះបី​ជា​ប្រទេស​ចិន​នៅ​ខឹងសម្បារ​នឹង​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​ពង្រាយ​នាវា​ចម្បាំង​មួយ​គ្រឿង​នៅ​ជិត​កោះ​ដែល​ប្រទេស​ចិន​បាន​សាងសង់​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ការ​ទាមទារ​ជាន់​គ្នា។​

កង​នាវាចរណ៍​អូស្រា្តលី​នឹង​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៅ​កំពង់​ផែ Zhanjiang នៅ​ភាគ​ខាង​ត្បូងប្រទេស​ចិន ដែល​នៅ​ទីនោះ​ពួកគេ​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ជាមួយ​នឹង​នាវា​ចិន​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ​នេះ។​

លោក​ Marise Payne ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​និយាយ​ថា​កង​នាវា​អូស្ត្រាលី​ «មាន​ប្រវត្តិ​យូរ​លង់​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​កង​នាវា​នៃ​ប្រទេស​ក្នុង​តំបន់​ហើយ​តែងតែ​ចូល​ចត​ក្នុង​កំពង់ផែ​ពួកគេ​ និង​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​ក្នុង​នោះ​មាន​ប្រទេស​ចិន​ផង​ដែរ‍»។​

កាលពី​ថ្ងៃ​អង្គារ​ នាវា​ពិឃាត​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​បំពាក់​គ្រាប់​មីស៊ីល​ឈ្មោះ​ USS Lassen ​បាន​បើក​ក្នុង​ចម្ងាយ​២២គីឡូម៉ែត្រ​នៃ​តំបន់​ថ្ម​ប៉ប្រះទឹក​ Subi ក្នុង​កោះ​ Spratly ​ដើម្បី​តទល់​នឹង​ការ​ទាមទារ​របស់​ប្រទេស​លើ​តំបន់​សមុទ្រ​នោះ៕