បទល្មើស​ព្រៃឈើ​មាន​ជិត​២.០០០​ករណី​ ក្នុង​រយៈពេល​០៩​ខែ​ ឆ្នាំ​២០១៥

​របាយការណ៍​ប្រចាំ​ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​០៩​ខែ​ ឆ្នាំ​២០១៥​នេះ​ បទល្មើស​ព្រៃឈើ​ បទល្មើស​សត្វព្រៃ​ និង​កាប់​រាន​ន្ទ្រា​ន​ដី​ព្រៃ​ សរុប​មាន​ចំនួន​១.៦៥៣​ករណី​,​ ពិន័យ​អន្តរការណ៍​ ចំនួន​៤៨៧​ករណី​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ ចំនួន​១.១៦៦​ករណី​ ដែល​បទល្មើស​ទាំងនោះ​ភាគច្រើន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​ ។​

​ក្នុង​ចំណោម​បទល្មើស​ទាំងនោះ​ រដ្ឋបាល​ព្រៃឈើ​ប្រមូល​បាន​វត្ថុ​តាង​ រួម​មាន​ ៖​ ឈើមូល​-​ជ្រុង​ ចំនួន​៦៤៩​ម៉ែត្រគូប​,​ ឈើ​អារ​ ចំនួន​៣.៥១៤​ម៉ែត្រគូប​,​ ឈើ​គ្រាក់​គ្រញូង​ ចំនួន​១០០​ម៉ែត្រគូប​ និង​៥.៧៩២​គីឡូក្រាម​,​ សត្វព្រៃ​ចម្រុះ​គ្រប់​ប្រភេទ​ ចំនួន​៣.៨៩៩​ក្បាល​ និង​១.៦៥៩​គីឡូក្រាម​,​ ដី​ព្រៃ​កាប់​រាន​ ចំនួន​២.០៨០​ហិ​កតា​,​ រណារ​យន្ត​ ចំនួន​៤៥២​គ្រឿង​ និង​អនុ​ផល​ព្រៃឈើ​ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​រយៈពេល​០៩​ខែ​ ឆ្នាំ​២០១៥​នេះ​ ប្រមូល​ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល​-​អនុ​ផល​ព្រៃឈើ​ បាន​ចំនួន​១៦.៤៥៩.៣៨២.៣៩០​រៀល​,​ ចំណូល​ពី​សេវា​សាធារណៈ​ បាន​ចំនួន​៥.៩៨៥.៦៨៩.៩៨១​រៀល​ និង​២៣៤.៤៣៦,៩២​ដុល្លារ​អា​មេ​រិ​ក​ ៕​

បទល្មើស​ព្រៃឈើ​មាន​ជិត​២.០០០​ករណី​ ក្នុង​រយៈពេល​០៩​ខែ​ ឆ្នាំ​២០១៥