តំណែងជើងឯកពិភពលោកអ្នកស្រីកែ ឡេងការពារបានឬទេ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នកស្រី​កែ ឡេង​ដែលជា​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​និង​មិត្ត​រួម​អាជីព ៣​នាក់​ទៀត​បានចេញ​​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ហើយ​ដើម្បី​ការពារ​តំណែង​កំពូល​ របស់​ពី​ភព​លោក​របស់​អ្នកស្រី ។​

​    ​អ្នកស្រី​កែ ឡេង​លេង​មិន​បានល្អ​កាលពី SEA Games កន្លងមក​ដោយសារ​ប​ញ្ហា​សុខភាព​តែ​ការ​ចេញទៅ​​ការពារ​តំណែង​លើក​នេះ​អ្នកស្រី ​ហាក់ដូច​ជាមាន​អារម្មណ៍ល្អ​និង​មាន​ជំនឿ​ចិត្ត​ណាស់​។​អ្នកស្រី​បញ្ជាក់ថា​ លើក​នេះ​ពិតជា​ត្រៀមខ្លួន​បានល្អ ជាង​កាល SEA Games ។​

​    ​អ្នកស្រី​ទទួលស្គាល់ថា​វា​ពិតជា​លំបាក​ប្រជែង​ហើយ​តែ​យើង​ត្រូវតែមាន​ជំនឿ ​ចិត្ត​ចំពោះ​ការប្រកួត​នេះ​ព្រោះ​ យើង​ជា​ម្ចាស់​មេដាយមាស​ហេតុនេះ​យើង​ត្រូវតែ​ការពារ​វា​ឲ្យ​បាន​ដាច់ខាត ។​

​     ​លោក​ឌី បូរី​ម៉ា​ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា និង ជា​ប្រតិភូ​ដឹកនាំ​នោះ​ក៏មាន​ជំនឿ​ចិត្ត​ថា​អ្នកស្រី​កែ ឡេង​នឹង​ដណ្ដើមបាន​ជោគ​ច័យ​ក្នុង​ការប្រកួត​លើក​នេះ​ម្ដងទៀត​ជាមិនខាន​នោះទេ ។​

    ​លោក​សុខ ម៉ុង​ដែលជា​គ្រូបង្វឹក​មានប្រសាសន៍​ដែរ​ថា​អ្នកស្រី​កែ ឡេង​បានទទួល​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​តែ​ក្រៅពី​វិញ្ញាសា​វាយយក​ ពិន្ទុ​នេះ​អ្នកស្រី​ក៏​លេង​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​នារី​ដែរ​ អញ្ចឹង​ហើយ​ទើប​មាន​កីឡាការិនី​៣​រូប​ផ្សេងទៀត​រួម​ដំណើរ​ទៅជា​មួយ​នោះ​ ព្រោះ​វិញ្ញាសា​៣​នាក់​ទល់ ៣​នាក់​នេះ​ត្រូវមាន​កីឡា​កា​រិ​នី​បម្រុង​មួយរូប ។​

​    ​កីឡាការិនី​ទាំង ៣ រូបនោះ​គឺ​អ៊ុក ស្រីមុំ​-​អ៊ុំ ចន្ទ្រា និង អ៊ុន ស្រី​យ៉ា ។ គួរបញ្ជាក់​ថា​កាល​ប្រកួត​ជើងឯក​ពិភព​លោក​នៅ​ប្រទេស​បារាំង​កីឡាការិនី​កែ ឡេង អ៊ុក ស្រីមុំ អ៊ុំ ចន្ទ្រា និង ង៊ុ​ន ស្រី​យ៉ា​ដណ្ដើមបាន​មេដាយសំរិទ្ធ ។ គ្រូ​បង្វឹក​រូបនេះ​នៅតែមាន​ជំនឿ​ចិត្ត​ថា​អ្នកស្រី​កែវ ឡេង និង ការពារ​តំណែង​របស់ខ្លួន​បាន​ជោគជ័យ​ជាមិនខាន ។​