បបូរ​មាត់​បង្ហាញ​ពី អត្តចរិត​របស់​នារី


បបូរ​មាត់​បង្ហាញ​ពី អត្តចរិត​របស់​នារី

បបូរ​មាត់​ មិន​ត្រឹម​តែ​បង្ហាញ​ពី​សម្រស់​របស់​នារី​នោះ​ទេ តែ​ក៏​បង្ហាញ​ពី​ អត្តចរិត​របស់​នាង​ផង​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​ ស្ដីពី​អត្តចរិត​របស់​នារី​ៗ តាម​រយៈ​បបូរ​មាត់ ដោយ​យោង​ទៅ​លើ​សៀវភៅ​តម្រា​សាស្ត្រ​រៀប​រៀង​ដោយ​​​ ឧកញ៉ា​រស់​ មាន​។

 

 

១. បបូរ​មាត់​ស្ដើង

 

​បបូរ​មាត់​ស្ដើង​ ជា​បបូរ​មាត់​ពេញ​និយម​ដែល​នារី​សម័យ​នេះ​​ចង់​បាន ដោយ​យល់​ថា​មាន​មន្ត​ស្នេហ៍​ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​សៀវភៅ​នេះ​បញ្ជាក់​ថា ​ ជា​មនុស្ស​រញ៉ាំ​រញ៉ូវ មាន​គំនុំ​គុំ​គួន ចូល​ចិត្ត​និយាយ​ដើម​គេ​ឯង និង​ត្មេះ​ដៀល​គេ​ឯង​ទៅ​វិញ។

 

 

២. បបូរមាត់​មធ្យម

 

នារី​ដែល​មាន​បបូរ​មាត់​មធ្យម​មិន​តូច​មិន​ធំ មិន​ក្រាស់​ពេក​ ឬ ស្ដើង​ពេក ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ច្រើន​ដែរ។ ប៉ុន្តែ​នាង​និយម​ការ​និយាយ​ស្និទ្ធស្នាល រីឯ​ចរិយា​​វិញ គួរ​ជា​ទី​រាប់​អាន​របស់​សាធុជន​ទាំង​ពួង។

 

 

បបូរ​មាត់​បង្ហាញ​ពី អត្តចរិត​របស់​នារី

(រូបតំណាង)

 

 

៣. បបូរ​មាត់​ក្រាស់

 

ស្ត្រី​ដែល​មាន​បបូរ​មាត់​ក្រាស់​ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​សប្បាយ ហើយ​បុរស​ត្រូវ​បំពេញ​ការ​សប្បាយ​នេះ​ឱ្យ​បាន​ញឹក​ញាប់​ ទើប​គាប់​ចិត្ត​នាង។

 

 

៤. បបូរ​មាត់​ធ្លាក់​ចុះ​ក្រោម

 

បបូរ​មាត់​ធ្លាក់​ចុះ​ក្រោម​​របស់​នារី​បង្ហាញ​ថា នាង​ជា​មនុស្ស​ដែល​ខ្វះ​សេចក្ដី​ក្លាហាន ពុំ​សូវ​ខ្វល់​ខ្វាយ​នឹង​ជីវភាព​ទេ។

 

 

៥. បបូរ​មាត់​ញញឹម​ស្រស់

 

ស្ត្រី​ណា​ដែល​មាន​បបូរ​មាត់​ញញឹម​ទៅ​ស្រស់​​គ្រប់ពេល​វេលា​ ជា​ស្ត្រី​ដែល​មាន​ចិត្ត​បរិសុទ្ធ​ល្អ​ និង​មាន​ភក្ដីភាព​ចំពោះ​ស្វាមី៕