ហ្វីលីពីន​ច្រានចោល​ការតាំង​ទីលំនៅ​ជាថ្មី​ជា​អចិន្ត្រៃយ៍​របស់​ជនភៀសខ្លួន​មកពី​អូស្ត្រាលី​

​ម៉ានីល​៖ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក Benigno Aquino បាន​ថ្លែងថា ហ្វីលីពីន​មិនមាន​លទ្ធភាព​ទទួលយក​ជនភៀសខ្លួន​អូស្ត្រាលី​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​នេះ​ទេ​។ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក Benigno Aquino បាន​ថ្លែងថា ហ្វីលីពីន​កំពុង​ពិចារណា​និង​សិក្សា​យ៉ាង​ម៉ត់ចត់ ទៅលើ​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​ចូលមក​កាន់​ប្រទេស​របស់ខ្លួន​។ ប៉ុន្តែ​លោក Aquino បាន​ប្រាប់​អ្នករាយការណ៍​ថា មាន​កត្តា​មួយចំនួន​ដែល​ត្រូវ​ពិចារណា​។​

​លោក Aquino បាន​ថ្លែងថា «​អូស្ត្រាលី​ដឹង​ហើយ​ថា យើង​មាន​ចំនួន​ប្រជាជន​ច្រើនជាង​អូស្ត្រាលី​យ៉ាងខ្លាំង​។ ឥឡូវនេះ យើង​មាន​បញ្ហា​ប្រឈម​ក្នុងការ​បំពេញតម្រូវកា​រ​របស់​ប្រជាពលរដ្ឋ​។ ហ្វីលីពីន​ចង់​ជួយ​ដល់​អូស្ត្រាលី​ដែរ ប៉ុន្តែ​ការជួយ​នោះ​គឺមាន​ដែន​កំណ​ត‍់​»​។​

​ប្រមាណ​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាពលរដ្ឋ ១០០​លាន​នាក់​របស់​ហ្វីលីពីន កំពុង​រស់នៅក្នុង​ភាពក្រីក្រ​។​

​កាលពីដើម​ខែតុលា​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​បាន​ថ្លែងថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​ទាំង​ពីរបាន​ពិភាក្សារ​អំពី​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​មួយ​នេះ ដែល​អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​ដល់​ហ្វីលីពីន​សម្រាប់​ជនភៀសខ្លួន​ក្នុង​ការតាំង​ទីលំនៅ​ជាថ្មី​។ សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ជនភៀសខ្លួន​និង​កាតព្វកិច្ច​របស់​ពួកគេ​ក្រោម​ច្បាប់​អន្តរជាតិ​។​

​លោក Aquino បាន​បន្ថែមថា «​ប្រសិនបើ​កិច្ចព្រមព្រៀង​ដែល​បានដាក់​ស្នើ​នេះ​មិនមែន​គ្រាន់តែ​ជា​ចំណុច​បណ្ដោះអាសន្ន​មួយ ប៉ុន្តែ​ជាការ​តាំងទី​លំនៅ​ជាថ្មី​នោះ យើង​មាន​អារម្មណ៍​ថា​នៅពេលនេះ យើង​មិនមាន​សមត្ថភាព​ក្នុងការ​ផ្តល់​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនភៀសខ្លួន​ទាំងនោះ​ទ‍េ​»​។​

​លោក Aquino បាន​យោងទៅលើ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៧៩ នៅពេលដែល​ប្រទេស​ហ្វី​លី​ភី​ន​ទទួល​ជនភៀសខ្លួន​គេច​ពី​សង្គ្រាម​នៅ​វៀតណាម​និង​ជនភៀសខ្លួន​ដែល​គេច​ពីរ​បប​ខ្មែរក្រហម​នៅ​កម្ពុជា​។ លោក​បាន​ថ្លែងថា ជនភៀសខ្លួន​ចំនួន​៤​សែន​នាក់​មកពី​ប្រទេស​ទាំងពីរ​នោះ មក​ស្នាក់នៅ​ហ្វីលីពីន​បណ្តោះអាសន្ន​តែ​ពីរ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​បាន​លើកឡើងថា ពួកគេ​នៅ​ហ្វីលីពីន​អស់​រយៈពេល ១៥​ឆ្នាំ ហើយ​អ្នកខ្លះ​បាន​ក្លាយជា​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ទៅហើយ​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជនភៀសខ្លួន Rohingya រាប់ពាន់នាក់​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ អ្នកខ្លះ​ទៀត​មកពី​ប្រទេស​អ៊ីរ៉ង់​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​បានធ្វើ​ដំណើរ​តាម​សមុទ្រ​ដោយ​សង្ឃឹមថានឹង​ទៅដល់​ប្រទេស​អូស្ត្រាលី​។​

​ប៉ុន្តែ​ចាប់​តាំង​ឆ្នាំ ២០១៣​មក រដ្ឋាភិបាល​អូស្ត្រាលី​មិន​អនុញ្ញាត​ឲ្យ​ទូក​ជនភៀសខ្លួន​ទាំងនោះ​ចុះចត​នៅ​ច្រាំង​របស់​ពួកគេ​នោះទេ​។ ប៉ុន្តែ​អូស្ត្រាលី​បាន​ឲ្យ​អ្នក​ទាំងនោះ​ចុះចត​នៅ​ជំរំ​នៅលើ​កូន​កោះ Nauru នៃ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង និង​នៅ​ប្រទេស Papua New Guinea​។​

​កាលពី​ឆ្នាំមុន អូស្ត្រាលី​បានផ្តល់​ថវិកា​រាប់សិប​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ពី​កោះ Nauru​។ ប៉ុន្តែ​មាន​ជនភៀសខ្លួន​តែ ៦​នាក់​ប៉ុណ្ណោះ​ដែល​ទទួលយក​ការតាំង​ទីលំនៅ​ជាថ្មី​នេះ ហើយ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងនោះ គឺ​បុរស​ជនជាតិ Rohingya ម្នាក់ បាន​សុំ​ត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ហើយ​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្ពុជា​ទទួល​ជំនួយ​ជា​ទឹកប្រាក់​រហូតដល់​ទៅ ៤០​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការទទួលយក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ទាំងនោះ ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ក្រុម​អ្នកការពារ​សិទ្ធិ​ជនភៀសខ្លួន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​។ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បាន​ឲ្យ​ដឹងថា ទង្វើ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​នៃ​អនុសញ្ញា​ជនភៀសខ្លួន ដែល​ប្រទេស​ទាំងពីរ​នេះ​បាន​ចុះហត្ថលេខា​។​

​ជនភៀសខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជាង​៦០០​នាក់ ត្រូវ​ស្នាក់​នៅលើ​កោះ Nauru​។ ជនភៀសខ្លួន​រាប់រយ​នាក់​ទៀត​កំពុង​ជាប់ឃុំ​នៅលើ​កោះ Manus របស់​ប្រទេស Papua New Guinea ក្រោម​ការរៀបចំ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ត្រូវបាន​គេ​ជឿថា​មកពី​ប្រទេស​នៅ​តំបន់​អាស៊ី​ភាគខាងត្បូង​និង​តំបន់​មជ្ឈិមបូព៌ា​៕

​អត្ថបទ​ដោយ Simone Orendain


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​