តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​បើសិនជា​បែក​ទឹកភ្លោះ​មុន​ពេល​កំណត់​?

តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​បើសិនជា​បែក​ទឹកភ្លោះ​មុន​ពេល​កំណត់​?

​អ្នក​ដឹង​ហើយ​ថា កូន​ដែល​នៅក្នុង​សុក​មាន​សុវត្ថិភាព និង​ផាសុកភាព​ណាស់​នៅពេល​មាន​វត្តមាន​របត់​ទឹកភ្លោះ​ជុំវិញខ្លួន​។ នៅពេល​ភ្នាស​ថង់ទឹកភ្លោះ​បែក ទឹកភ្លោះ​នឹង​ជ្រាប​ចេញមកក្រៅ ហើយ​វា​ច្រើនតែ​ជា​សញ្ញា​ដែល​កើតឡើង​មុន​ពេល​សម្រាល ឬ​អាច​បញ្ជាក់​អំពី​ការ​សម្រាល​ហើយ​។ ចំពោះ​ស្ត្រី​ខ្លះ ការ​បែក​ទឹកភ្លោះ​កើតឡើង​ក្រោយ ដំណាក់កាល​ដំបូង​នៃ​ការ​សម្រាល ដែល​វា​ជា​ពេលវេលា​មួយ​ដែល​ស្បូន​កន្ត្រាក់​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ថង់ទឹកភ្លោះ​បែក​មុន​ពេល​កំណត់ វា​អាច​នឹង​ជា​រឿង​គួរឱ្យ​បារម្ភ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ដឹង​អំពី​ការ​បែក​ទឹក​ភ្លោះ​។

បើសិនជា​បែក​ទឹកភ្លោះ​មុន​សម្រាល​
រឿង​នេះ​អាច​ហៅ​ម្យាង​ទៀត​ថា ការ​បែក​ទឹកភ្លោះ​ដោយ​ឯងៗ (Spontaneous Rupture of Membrane) ដែល​បញ្ជាក់ថា ការ​សម្រាល​ទំនងជា​ត្រូវ​ចាប់ផ្តើម ហើយ​ការ​កន្ត្រាក់​របស់​ស្បូន​នឹង​កើត​មាន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្នុងករណី​ដែល ការ​កន្ត្រាក់​របស់​ស្បូន​មិន​ចាប់ផ្តើម​ដោយ​ធម្មជាតិ​នោះ គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធី​ជំរុញ​ការ​សម្រាល ដូច្នេះ​ការ​សម្រាល​នឹង​កើតឡើង​ដោយ​ឥទ្ធិពល​របស់​ថ្នាំ​។

បើសិនជា​បែក​ទឹកភ្លោះ​ក្រោយ​គភ៌​បាន ៣៧​សប្តាហ៍ តែ​មុន​ថ្ងៃ​កំណត់​
នៅពេល​រឿងនេះ​កើតឡើង​មែន​នោះ កុំ​បាច់​ភ័យខ្លាច​ថ្វី​។ ចូរ​ធ្វើ​អារម្មណ៍​ឱ្យ​ស្ងប់ និង​ទាក់ទង​ទៅ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​នឹង​ត្រូវការ​ពិនិត្យ​លើ​ស្ថានភាព​កូន ចង្វាក់​បេះដូង ចលនា លក្ខណៈ​ជំហរ​របស់​កូន ជាដើម​។ ករណីបែបនេះ អ្នក​អាច​នឹង​រង់ចាំ​ពេលវេលា​ដើម្បី​ចាប់ផ្តើម​សម្រាល និង​មិនបាច់​ប្រើ​ថ្នាំ​ជំរុញ​ដល់​ការ​សម្រាល​ឡើយ​។ ទោះបីជា​យ៉ាងនេះក្តី ចូរ​ចាំ​ថា​ទឹកភ្លោះ​ដែល​ចេញមក​នោះ​គឺជា​ទឹកស្អាត តែ​វា​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺឆ្លង​ខ្ពស់​ដល់​កូន​ដែរ​។ អ្នក​អាច​រង់ចាំ​រហូតដល់​២៤​ម៉ោង​បើសិនជា​ការ​កន្ត្រាក់​របស់ស្បូន​ចាប់ផ្តើម​។ ដោយ​ផ្អែក​ទៅ​តាម​ទ្រឹស្តី នៅពេល​បែក​ទឹក​ភ្លោះ (​គភ៌​អាយុ​ចាប់ពី​៣៤ ទៅ​៣៧​សប្តាហ៍​) ការ​សម្រាល​អាច​ចាប់ផ្តើម​គ្រប់​ពេល​ពី​២៤ ទៅ​៤៨​ម៉ោង ប៉ុន្តែ​បើសិនជា​មិន​អាច​ទេ ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ប្រើ​ថ្នាំ​ជំរុញ​ការ​សម្រាល​។ ពេលខ្លះ ការ​សម្រាល​ដោយ​ការវះកាត់​ក៏​ចាំបាច់​ណាស់​ដែរ​។

បើសិនជា​ការ​បែក​ទឹកភ្លោះ​កើតឡើង​ក្រោយ​សប្តាហ៍​ទី ២៣​នៃ​គភ៌​
រឿង​នេះ​ជា​បញ្ហា​ធំ​ទៅវិញ​ទេ ហើយ​អ្នក​ក៏​គួរតែ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។ ដោយ​យោង​ទៅតាម​ស្ថានភាព​របស់​ម្តាយ និង​កូន ការ​សម្រាល​ដោយ​វះកាត់​អាច​នឹង​ត្រូវ​ធ្វើ ឬ​វិធានការ​អ្វី​ផ្សេងៗ​ទៀត​។

តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ទៅ​បើសិនជា​នៅ​ម្នាក់ឯង​?
ចូរ​ចាំ​ថា ទឹកភ្លោះ​អាច​បែក​គ្រប់ពេល មិន​ខ្វល់​ថា​អ្នក​នៅ​កន្លែងធ្វើការ ឬ​នៅ​ផ្ទះ​ឡើយ​។ បើសិនជា​នៅ​ម្នាក់ឯង អ្នក​ត្រូវ​តែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

  • ​ដកដង្ហើម​មួយៗ ហើយ​បន្ធូរ​អារម្មណ៍​៖ យក​កន្សែង​ស្អាត​ដើម្បី​លាង​សម្អាត​ទឹកភ្លោះ​ដែល​ចេញមក​។​
  • ​ទូរស័ព្ទ​ហៅ​មិត្តភក្តិ ឬ​ក្រុម​គ្រួសា​រណា​ដែល​អាច​មក​ជួយ​អ្នក​បាន​។ បើសិនជា​អាច ទូរស័ព្ទ​ហៅ​ឡានពេទ្យ​តែម្តង​។
  • ​យក​ឯកសារ​ពេទ្យ​តាម​ខ្លួន និង​រៀបចំ​កាបូប​ឱ្យ​រួចរាល់​សម្រាប់​ការចេញ​ទៅ​សម្រាល​
  • ​ញ៉ាំ​ទឹក ឬ​ទឹក​ផ្លែឈើ​ផ្សេងៗ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ បើសិន​ជា​អ្នក​ត្រូវ​សម្រាល​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ អ្នក​ត្រូវ​តែមាន​ថាមពល​ឱ្យ​គ្រប់គ្រាន់​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។