លោក អេង ឆៃអ៊ាង៖ «ខ្ញុំបានឃើញ កាម៉េរ៉ាសុវត្ថិភាព របស់សភា ដំណើរធម្មតា នៅថ្ងៃកើតហេតុ វាយតប់ តំណាងរាស្រ្ត»

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហាញនៅលើ Facebook នៅថ្ងៃនេះថា ប្រសិនបើអគ្គលេខាធិការដ្ឋានសភា បដិសេធថា កាម៉េរ៉ាសុវត្ថិភាពរបស់រដ្ឋសភា មិនដំណើរការ នៅថ្ងៃកើតហេតុ (ថ្ងៃទី២៦ ខែតុលា) វាយតប់តំណាងរាស្រ្តនោះ គឺជាការចូលរួមបិទបាំងការពិត, ព្រោះលោកបានឃើញ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដំណើរការធម្មតា ។

លោក អេង ឆៃអ៊ាង បានឲ្យដឹងថា៖ កាម៉េរ៉ាសុវត្ថិភាពរបស់រដ្ឋសភា នឹងជួយដល់គណៈកម្មការ ស្រាវជ្រាវស៊ើប អង្កេត របស់ក្រសួងមហាផ្ទៃ ដើម្បីវែកមុខជនដៃដល់ដែល ប្រើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ. ហេតុការណ៍ទាំងអស់នាពេលនោះ កាម៉េរ៉ាសុវត្ថិភាពនឹងផ្តិតរូបភាពបានទាំងអស់។ ផ្ទុយទៅវិញ ប្រសិនរដ្ឋសភាបដិសេធថា កាម៉េរ៉ាសុវត្ថិភាពមិនដំណើរការនោះគឺជាការចូលរួមបិទបាំងការពិត។

លោក អេង ឆៃអ៊ាង បានសរសេរបង្ហាញនៅលើ Facebook យ៉ាងដូច្នេះថា៖ «កាម៉េរ៉ាសុវត្ថិភាពរបស់រដ្ឋសភា នឹងជួយដល់គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត របស់ក្រសួងមហាផ្ទៃ ដើម្បីវែកមុខជនដៃដល់ ? អំពើហិង្សាដ៏សាហាវឃោរឃៅមកលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ គឺនៅក្រោមកាម៉េរ៉ាសុវត្ថិភាពរបស់រដ្ឋសភា ។ ដូច្នេះ ហេតុការណ៍ទាំងអស់នាពេលនោះ កាម៉េរ៉ាសុវត្ថិភាពនឹងផ្តិតរូបភាពបានទាំងអស់ ។ ផ្ទុយទៅវិញ បើអគ្គលេខាធិការដ្ឋានរដ្ឋសភា បដិសេធថា កាម៉េរ៉ាសុវត្ថិភាពមិនដំណើរការ នោះគឺជាការចូលរួមបិទបាំងការពិត ព្រោះនៅវេលាម៉ោងប្រមាណ១១៖៥០នាទី ព្រឹកថ្ងៃកើតហេតុនោះ ខ្ញុំបានចូលមកការិយាល័យធ្វើការរបស់ ខ្ញុំៗបានឃើញកាម៉េរ៉ាសុវត្ថិភាព មានដំណើរការធម្មតា»។

សូមជំរាបថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការប្រើអំពើហិង្សា ទៅលើតំណាងរាស្រ្ត ២រូបថា ជាទង្វើថោកទាប ហើយបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ជនដៃឱ្យខាងតែបាន ទោះបីជាស្ថិតនៅក្រុមណាមួយក៏ដោយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកដែល ដឹងហេតុការណ៍ និងអ្នកនៅជុំវិញហេតុការណ៍នេះ សហការជាមួយសមត្ថកិច្ច ដើម្បីផ្តល់ភស្តុតាង និងវីដេអូនានាដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមជនល្មើស។ សម្តេចលើកឡើងថា កម្ពុជាមានស្តង់ដារតែមួយប៉ុណ្ណោះ គឺអ្នកប្រព្រឹត្តល្មើសនឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕

លោក អេង ឆៃអ៊ាង៖ «ខ្ញុំបានឃើញ កាម៉េរ៉ាសុវត្ថិភាព របស់សភា ដំណើរធម្មតា នៅថ្ងៃកើតហេតុ វាយតប់ តំណាងរាស្រ្ត»