វិចារណកថាៈ នរណាទទួលខុស ត្រូវរឿងរថយន្ត និង ម៉ូតូទំនើបៗអត់ពន្ធ?

រយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចគយ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបើកប្រតិបត្តិ ការបង្រ្កាប រថយន្ត និងម៉ូតូអត់ពន្ធ ហើយបានរកឃើញរថយន្ត និងម៉ូតូទំនើបៗ អត់ពន្ធរាប់រយគ្រឿង ។ បញ្ហានេះ ត្រូវ បានមជ្ឈដ្ឋាន នានា តាមដានដោយយកចិត្តទុកដាក់ ព្រោះការនាំចូលរថយន្តទំនើបៗ និងម៉ូតូទំនើបៗ គេចពន្ធនាពេល កន្លងមកបាន ធ្វើឲ្យបាត់បង់ ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ទាក់ទងនឹងបញ្ហានេះ ដែរមិនទាន់ឃើញស្ថាប័ន គយចាត់វិធានការ ទៅលើអ្នកដែលឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលរថយន្ត និងម៉ូតូ គេច ពន្ធនោះទេ ហើយរថយន្ត និង ម៉ូតូអត់ពន្ធនៅតែមាន ចរាចរណ៍លើដងផ្លូវទូទាំងប្រទេស ។ ប្រជាពលរដ្ឋចង់ ឃើញអ្នកទទួលខុសត្រូវនៅក្នុងរឿងរថ យន្ត និងម៉ូតូទំនើបៗអត់ពន្ធ ហើយក៏ចង់ឃើញចំណាត់ការ ទៅលើអ្នក ប្រើប្រាស់រថយន្ត និងម៉ូតូអត់ពន្ធផងដែរ ព្រោះ អ្វីៗអាចកើតឡើងដោយមាន ការឃុតឃិតគ្នាជាប្រព័ន្ធ ។

កន្លងមកសារព័ត៌មាន និងគេហទំព័រមួយចំនួន តែងតែចុះផ្សាយពីករណីឈ្មួញខិលខូចលួចនាំចូល រថយន្តទំនើបៗ គេចពន្ធតាមច្រកទ្វារអន្តរជាតិ និងច្រករបៀងមួយចំនួន ដោយមានការឃុតឃិត ជាមួយសមត្ថកិច្ចពុក រលួយ ដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការនាំចូលរថយន្តទំនើបៗ និងម៉ូតូស៊េរីថ្មីៗ កន្លងមកកើត មាន នៅតាមតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងកោះកុងជាដើម ជាពិសេសនៅច្រក ចាំយាម ខេត្តកោះកុង ប៉ុន្តែក្រសួង និងស្ថាប័នពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ហើយវែកមុខមន្រ្តី ពុករលួយយក ទៅចាត់វិធានការតាមច្បាប់នៅឡើយទេ ។ កត្តានេះហើយដែលធ្វើឲ្យឈ្មួញ ខិលខូចនៅតែអាចនាំចូល រថយន្តទំនើបៗ និងម៉ូតូស៊េរីថ្មីៗគេចពន្ធចូលមកលក់ចែកចាយក្នុងប្រទេសកម្ពុជា ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាង ច្រើនសន្ធឹក សន្ធាប់ក្នុងមួយឆ្នាំៗ ហើយផលប្រយោជន៍ បានទៅលើមន្រ្តី ពុករលួយ និងឈ្មួញខិលខូច ។

  ចំណែករឿងនាំចូលរថយន្តកាត់តមកដំឡើង ក្នុងប្រទេសកម្ពុជា ក៏បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗផងដែរ ហើយការបន្លំប្រភេទទំនិញបែបនេះ គឺជារឿងដែលកើតឡើងច្រើនឆ្នាំ មក ហើយនៅ តែពុំមានវិធានការទប់ស្កាត់ ។ ឈ្មួញ និងក្រុមហ៊ុនមួយចំនួន បាននាំរថយន្តទំនើបៗ កាត់តចូលតាម ច្រកព្រំដែន និង ច្រកកំពង់ផែនានា ហើយបញ្ហានេះមិនមែនសមត្ថកិច្ចមិនដឹងនោះទេ គឺប្រហែលជាប់ពាក់ព័ន្ធ ផលប្រយោជន៍ ទើបមាន ការឃុបឃិតឲ្យរឿងបែបនេះប្រព្រឹត្តទៅដោយរលូន ។ ដូច្នេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងក្រសួង និង ស្ថាប័នពាក់ព័ន្ធគួរវែកមុខអ្នកទទួលខុសត្រូវពិតប្រាកដ ដើម្បីចាត់វិធានការ តាមច្បាប់ ហើយប្រើប្រាស់រថយន្តអត់ពន្ធ ក៏ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ផងដែរ ។ ជាពិសេសចំណាត់ ការទៅលើឈ្មួញ ដែលនាំចូលរថយន្តទំនើបៗ និងម៉ូតូ ស៊េរីថ្មីៗគេចពន្ធចូលមកចែកចាយក្នុងប្រទេសកម្ពុជា គឺជាបញ្ហាសំខាន់បំផុត ដើម្បីកុំឲ្យភាពអនាធិបតេយ្យ បន្តរាលដាល កាន់តែខ្លាំងក្លាថែមទៀត ។ ថ្មីៗនេះមាន សេចក្តីរាយការណ៍រឿងឈ្មួញនាំចូលម៉ូតូស៊េរីទំនើបៗ រាប់រយគ្រឿង តាមច្រកអន្តរជាតិចាំយាម ខេត្ត កោះកុង ដោយឈ្មួញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចច្រកព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធនៃស្ថាប័នមួយ ចំនួនទៀត ។ ចំណែកនៅច្រកអន្តរជាតិប៉ោយប៉ែត ក៏មានសេចក្តីរាយការណ៍ រឿងឈ្មួញ នាំចូលរថយន្តរាប់រយ គ្រឿង ដោយបង់ពន្ធមិនគ្រប់ផងដែរ ប៉ុន្តែក្រសួង និងសា្ថប័នពាក់ព័ន្ធមិនទាន់ ចាត់វិធានការទៅលើមន្រ្តីពុករលួយ និងឈ្មួញខិលដែលឃុបឃិតគ្នាកេងប្រវ័ញ្ចចំណូលពន្ធរដ្ឋយ៉ាងក្រអើតក្រទមនោះទេ ។ មជ្ឈដ្ឋាននានាបាន លើកឡើងថា សមត្ថកិច្ចនៅច្រកព្រំដែន ច្រកកំពង់ផែ ឬច្រករបៀងគឺជាអ្នកទទួលខុស ត្រូវដំបូងគេក្នុង ការបើក ដៃឲ្យឈ្មួញខិលខូចនាំចូល រថ យន្តទំនើបៗ និងម៉ូតូស៊េរីថ្មីៗ គេចពន្ធចូលមកលក់ចែកចាយ ក្នុងទីផ្សារកម្ពុជា ។ ប្រសិនបើសមត្ថកិច្ចតាមច្រកព្រំដែន ច្រកកំពង់ផែ និងច្រករបៀងមិនឃុបឃិតទទួលផល ប្រយោជន៍ពីឈ្មួញ នាំចូលរថយន្ត និងម៉ូតូគេចពន្ធទេ គឺឈ្មួញទាំង នោះមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ ។

ការដែលសមត្ថកិច្ចគយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបើកប្រតិបត្តិការបង្រ្កាបរថយន្តទំនើបៗ ម៉ូតូស៊េរីថ្មីៗ និងទូរស័ព្ទថ្មីៗ គេចពន្ធ មានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រោះសមត្ថកិច្ចគយអាច ប្រមូលបាន ចំណូលពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះក្រសួង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវវែកមុខសមត្ថ កិច្ចដែលបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទាំងនោះ ដើម្បីចាត់វិធានការព្រមាន តាម ច្បាប់ផងដែរ ។ ជាពិសេសការ នាំចូលរថយន្តកាត់តទំនើបៗយកមកដំឡើងក្នុងប្រទេសកម្ពុជា ដើម្បីបង់ ពន្ធក្នុងកម្រិតទាប គឺជារឿងមួយដែលក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងចាត់ វិធានការ តាមច្បាប់ ។ មានន័យថា វិធានការខាងលើអ្នកប្រើ ប្រាស់រថយន្ត និងម៉ូតូអត់ពន្ធ ពុំមានប្រសិទ្ធភាព ពិតប្រាកដនោះទេ គឺទាល់តែចាត់វិធានការទៅលើមន្រ្តីពុករលួយដែល បើកដៃឲ្យឈ្មួញនាំចូលរថយន្ត និងម៉ូតូ អត់ពន្ធ ទើបមានប្រសិទ្ធភាពពិតប្រាកដ ព្រោះមន្រ្តីពុករលួយ និងឈ្មួញខិល ខូចមិនហ៊ានឃុបឃិតគ្នា ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ៕