រដ្ឋសភា បោះឆ្នោត​ដក​លោក​កឹម​សុខា ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ​

ភ្នំពេញ: ​របៀបវារៈ​ថ្មី ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ទើបតែ​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ គឺ​ការបោះឆ្នោត ដកតំណែង​លោក​កឹម​សុខា អនុប្រធាន​ទី​១​រដ្ឋសភា​។ សមាជិក​រដ្ឋសភា ដែល​ចូលរួម​ប្រជុំ គឺ​មានតែ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨ រូប​ប៉ុណ្ណោះ​។ ចំណែក​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះឡើយ​។​

​ការបោះឆ្នោត​សម្រេច​លើ​ការដកតំណែង​លោក​កឹម​សុខា ត្រូវការ​សំឡេង​ត្រឹមតែ ៥០% បូក ១ នៃ​សមាជិក​រដ្ឋសភា​សរុប​។ ពោលគឺ​សំឡេង​ត្រឹមតែ ៦៣ រូប​ឡើងទៅ​ប៉ុណ្ណោះ​។​

​រដ្ឋសភា សម្រេច​បោះឆ្នោត ដកតំណែង​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា នាពេលនេះ គឺ​បាន​ធ្វើឡើង​តាម​ញត្តិ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តំណាង​ដោយ​លោក​ប៉ែន​បញ្ញា និង​លោក​ជាម យៀប​៕​