​អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​ស្ត្រី ​កើតកូន​ភ្លោះ​បី​មិន​គ្រប់​ខែ​

​កំពង់ឆ្នាំង: ស្ត្រី​ម្នាក់​មានកូន​ភ្លោះ​បី ដោយសារ​តែមាន បញ្ហា​សុខភាព មុនពេល​គ្រប់​ខែ គ្រូពេទ្យ​បានសម្រេច ធ្វើការ​វះកាត់ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ ។ ទារិកា​ភ្លោះ​នោះ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ ។
​    ​
​ម្តាយ​ទារិកា​ភ្លោះ​ទាំងបី​នាក់​នោះ ឈ្មោះ​ផាន់ ដា​រ៉ា​សុ​មេត្តា អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ស៊ីម៉ាក ផ្នែក​មើលថែ​សុនខ​រាវ​ម៉ី​ន (​ពេទ្យ​ឆ្កែ​) ប្តី​ឈ្មោះ​ហួត វណ្ណា​រ៉ា អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង និង មាន​ទីលំនៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង  ។
​    ​
​កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក​អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត  បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ម្តាយ​ទារិកា​ភ្លោះ ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។
​    ​
​នៅក្នុង​ឱកាស​នោះ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ របស់លោក ចំនួន ១០០ ដុល្លារ កាកបាទក្រហម​ខេត្ត ឧបត្ថម្ភ​ចំនួន ១០ ម៉ឺន​រៀល លោក​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ឧបត្ថម្ភ ២០ ម៉ឺន​រៀល និង​មន្ទីរពេទ្យបង្អែក​ខេត្ត ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ។
​    ​
​លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ម្តាយ​ទារិកា​ភ្លោះ​បី​នោះ គាត់​មាន​បញ្ហា​សុខភាព មុនពេល​គ្រប់​ខែ គឺ​ពពោះ​បានតែ​រយៈពេល ៦ ខែ​ប៉ុណ្ណោះ ។ កាលពី​វេលា​ម៉ោង​៣ និង ៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ គាត់​បាន​ធ្លាក់ឈាម​យ៉ាងខ្លាំង ទើប​គ្រូពេទ្យ​សម្រេច ធ្វើការ​វះកាត់​ជាបន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ ។ រី​ឯក​ទារិការ​ភ្លោះ​ទាំងបី មាន​ទម្ងន់​០,៥០​គីឡូក្រាម និង​មាន​សុខភាព​ខ្សោយ ដែល​គ្រូពេទ្យ​ពិបាក ក្នុងការ​ជួយសង្គ្រោះ ។ ក្នុងនោះ​ស្លាប់​ម្នា​ក់នៅ​មន្ទីរពេទ្យ​ខេត្ត និង​២​នាក់​ទៀត បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយពី​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ ។
​    ​
​លោក​សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី បាន​អោយដឹងទៀតថា ថ្លៃ​សេវា​វះកាត់ ថ្លៃ​សម្រាក​ព្យាបាល និង​ការបញ្ជូន​ទារិកា​ភ្លោះ ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ខាង​មន្ទីរពេទ្យ ជួយ​ទាំងស្រុង​៕V​/S

​អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​ស្ត្រី ​កើតកូន​ភ្លោះ​បី​មិន​គ្រប់​ខែ​

   ​

​អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ដល់​ស្ត្រី ​កើតកូន​ភ្លោះ​បី​មិន​គ្រប់​ខែ​