​បុរស​ចំណាស់ម្នាក់​ទៅ​ដាក់​មង​​ត្រូវ​មង​រុំ​​ខ្លួន​ស្លាប់​ក្នុង​ទឹក​​​គួរ​ឱ្យសង្វេគ

ខេត្តស្វាយរៀង ​៖ ប្រជាពលរដ្ឋ​​ប្រទះ​ឃើញសព​បុរស​ម្នាក់​​​ជាប់​មង​ស្លាប់​ក្នុង​ទឹក​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពីវេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​តុលា​ ២០១៥​ ដែល​​គេស្គាល់​ថា ឈ្មោះ​ សៀវ ហឿ​ន ​​ហៅ​ឈុំ​ ​​ឣា​យុ​៦៥​ឆ្នាំ​ ​​​រស់​​នៅ​​ក្នុង​ភូមិ​ពោន ​ឃុំ​ដូង ​ស្រុក​រមាស​ហែក ​​ ។​

​មន្ត្រី​​​នគរ​បាល​ស្រុក​រមាស​ហែក ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​​​​បាន​និយាយ​​ថា​ កាលពី​វេលា​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​២៨​ តុលា​ ប្តី​​​គាត់​​​ទៅ​ដាក់​មង​​នៅ​ចំណុច​​ព្រែក​​ខាង​កើត​បង្គោល​សី​ម៉ា​ព្រំដែន​លេខ​១៣៦(១) ​ប្រហែល​៥០​ម្រ៉ែ​ត​(​ខាង​កម្ពុជា) ​ស្ថិត​នៅ​ភូមិ​ពោន ​ឃុំ​ដូង ​ស្រុក​រមាស​ហែក​ ​​​រហូត​មក​ដល់​​ម៉ោង​ជិត​១​​រសៀល​បាត់​ប្តី​យូរ​ពេក​​មិន​ឃើញ​​​មក​ផ្ទះ​ហូប​បាយ​ ​​គាត់​​ក៏ពឹង​ពាក់​​អ្នក​ជិត​ខាង​​ទៅ​តាម​រករហូត​ដល់​ម៉ោង​១​និង​១០​នាទី​រសៀល​នៅ​តែ​មិនឃើញ​ អ្នក​ភូមិ​ក៏​​សង្ស័យ​​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ព្រែកត្រង់​ចំណុច​ជន​​រង​គ្រោះ​​ដាក់​មង​រហូត​ដល់​ម៉ោង​១​និង​៥០​នាទី​រសៀល​ ​ទើប​​រក​ឃើញ​​​រុំ​ជាប់​មង​​ស្លាប់​​បាត់​ទៅហើយ​ក្នុង​ទឹក​ជម្រៅ​១,៨០​ម្រ៉ែ​ត​ ​ហើយ​ក៏​​នាំ​គ្នា​ស្រង់​​សព​ពី​ទឹក​រួច​សែង​មក​ផ្ទះ​ ។

ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​​ក៏​ចុះ​មក​ពិនិត្យ​​ និង​ធ្វើ​កោសល្យវិច័យ​​សព ​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​នៅលើ​ខ្លួន​​​ក៏​​បាន​សន្និដ្ឋាន​ថា ​សព​ជន​រង​គ្រោះពិតជា​លង់ទឹក​ស្លាប់​​ប្រាកដ​មែន ​ដោយ​សារ​​ជន​រង​គ្រោះ​​​ដាក់​មង​ក្នុង​ទឹក​ជ្រៅ​ ហើយ​ត្រូវ​មង​​វ័ណ្ត​ជើងដៃ​ជាប់​​​​ហែល​លែង​រួច​​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ​​ហើយ​ក៏​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀប​ចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕