អាជ្ញាធរ​​​ចាប់​​​​​​ឈើ​​​ប្រណីត​​មួយ​​​រថយន្ត​​​​​​តួរីស​​​នៅ​​​រតនគិរី​​​ បន្ទាប់ពី​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​

អាជ្ញាធរ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​រឹប​​​អូស​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​មួយ​​​រថយន្ត​​​តួរីស​​កាល​​​ពី​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​រថយន្ត​​​នោះ​​​ បាន​​​បុក​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​នៅ​​​​​​តាម​​​ផ្លូវ​​​ទៅ​​​ព្រំ​​​ដែន​​​វៀតណាម​​​ ប៉ុន្តែ បាន​​​លែង​​​អ្នក​​​បើក​​​រថ​​​យន្ត​​​ ពីព្រោះ​​​គាត់​​​បាន​​​រង​​​របួស​​​។

លោក​​​ កៅ សុភិន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ទីង​​​ចាក់​​​ស្រុក​​​បរកែវ​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ឈើ​​​មួយ​​​រថយន្ត​​​តួរីស​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​ដឹក​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​៧៨​​​ ឆ្ពោះ​​​ទៅ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ​​​ ស្រាប់​​​តែ​​​ពេល​​​នោះ​​​វា​​​បាន​​​បុក​​​ពីក្រោយ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣និង​​​៣០​​​នាទី​​រសៀល​​​ថ្ងៃ​​​ពុធ។

លោក​​​ សុភិន បាន​​​និយាយ​​​ថា “រថយន្ត​​​ទេសចរណ៍​​​នោះ​​​បាន​​​បុក​​​​​​ម៉ូតូ​​​ពីក្រោយ​​​ បន្ទាប់​​​មក​​​វា​​​បាន​​​ធ្លាក់​​​ផ្លូវ​​​ ហើយ​​​បុក​​​ដើម​​​ឈើ​​​។​​​មនុស្ស​​​​​​ ​​​ ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​បី​​​នាក់​​​​​​នៅ​​​លើ​​​ម៉ូតូ​​​​​បាន​​​របួស​​​​​​ធ្ងន់​​​ដោយ​​​បាក់​​​ជើង​​​ម្ខាង​​​ ហើយ​​​ពួក​​​គេ​​​ឥឡូវ​​​នេះ​​​កំពុង​​​សម្រាក​​​​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​”។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​បើក​​​រថយន្ត​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ ប៉ុន្តែ ​​​ដោយ​​​សារ​​​គាត់​​​រង​​​របួស​​​ធ្ងន់​​​​​​ត្រង់​​​ថ្ងាស​​​ និង​​​ទ្រូង​​​ យើង​​​បាន​​​ប្រគល់​​​គាត់​​​ទៅ​​​ឲ្យ​​​គ្រួសារ​​​ដើម្បី​​​ ឲ្យ​​​ពួក​​​​​​គេ​​​អាច​​​យក​​​គាត់​​​ទៅ​​​ព្យាបាល​​​”។

លោក សុភិន បាន​​​និយាយ​​​ថា អ្នក​​​បើក​​​រថ​​​យន្ត​​​កំពុង​​​បើក​​​ឆ្ពោះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​ជា​​​ទី​​​ដែល​​​គាត់​​​មាន​​​គម្រោង​​​នឹង​​​លក់​​​ឈើ​​​នោះ​​​។ នាយ​​​នគរ​​​បាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា រថយន្ត​​​ទេសចរណ៍​​​​​​​​​នោះ​​​បាន​​​ផ្ទុក​​​ឈើ​​​ធ្នង់​​​ប្រហែល​​​១០០​​​ដុំ​​​ ជា​​​ប្រភេទ​​​ឈើ​​​កម្រ​​​ដែល​​​អាច​​​លក់​​​បាន​​​រាប់​​​រយ​​​ដុល្លារ​​​ក្នុង​​​មួយ​​​មែ៉ត្រ​​​គូប​​​។

លោក​​​បាន​​​និយាយ​​​ថា​​​ ករណី​​​នេះ​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​ទៅ​​​អាជ្ញាធរ​​​ស្រុក​​​ហើយ​​​ រីឯ​​​ឈើ​​​ដែល​​​​​​រឹប​​​អូស​​​បាន​​​ត្រូវ​​​រក្សា​​​ទុក​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​​។

អធិការ​​​រង​​​ស្រុក​​​​​​ លោក រស់ វឌ្ឍនា បាន​​​និយាយ​​​ថា លោក​​​បាន​​​ទទួល​​​របាយការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​ ហើយ​​​នឹង​​​ហៅ​​​អ្នក​​​បើក​​​រថយន្ត​​​ឲ្យ​​​ចូល​​​ខ្លួន​​​រៀប​​​ចំ​​​សំណង​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ ដើម្បី​​​ឲ្យ​​​គាត់​​​រួច​​​ផុត​​​ព​​ី​​​រឿង​​​ក្តី​​​នៅ​​​តុលាការ​​​។ លោក​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​អ្នក​​​បើក​​​រថយន្ត​​​នោះ​​​ទេ​​​។

ចំពោះ​​​ឈើ​​​ដែល​​​រឹប​​​អូស​​​បាន អធិការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា លោក​​​គ្មាន​​​បំណង​​ធ្វើ​​​ការ​​​ពិន័យ​​​​​​អ្នក​​​បើក​​​រថយន្ត​​​ ឬ​​​តាម​​រក​​​ប្រភព​​​ឈើ​​​ទេ​​​ ពីព្រោះ​​​លោក​​​បាន​​​ទទួល​​​រង​​​ការ​​​គំរាម​​​​​​ ដក​​​ស័ក្ដិ ព្រោះ​​​​​​តែ​​​ការ​​​ព្យាយាម​​​ធ្វើ​​​ដូច្នេះ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​។

លោក​​​ វឌ្ឍនា បាន​​​និយាយ​​​ថា “កាល​​​ពី​​​ពីរ​​​បី​​​ខែ​​​មុន​​​ ខ្ញុំ​​​បាន​​​ឃាត់​​​រថយន្ត​​​​​​តួរីស​​​ដឹក​​​ឈើ​​​ប្រណីត​​​​​​ ​​​ប៉ុន្តែ មនុស្ស​​​មួយ​​​ក្រុម​​​បាន​​​មក​​​ជួប​​​ខ្ញុំ​​​ និង​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ឈើ​​​នោះ​​​ជា​​​របស់​​​មេ​​​ពួក​​​គេ​​​។ ​​​បន្ទាប់​​​មក​​​ពួក​​​គេ​​​បាន​​​បញ្ជា​​​​​​ខ្ញុំ​​​ឲ្យ​​​លែង​​​អ្នក​​​បើក​​​រថយន្ត​​​ និង​​​ឲ្យ​​​រថយន្ត​​​​​​ទៅ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​​​​ មេ​​​របស់​​​ ពួកគេ​​​​​​​​​នឹង​​​ដក​​​ស័ក្តិ​​​ពី​​​ស្មា​​​របស់​​​ខ្ញុំ”។

លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ភិន​​​ភាគ​​​ក្រុម​​​បុរស​​​ទាំង​​​នោះ​​​ ឬ​​​មេ​​​របស់​​​ពួក​​​គេ​​​ទេ​​​។

“ខ្ញុំ​​​មិន​​​ខ្វល់​​​អំពី​​​ការ​​​ចាត់​​​វិធានការ​​​លើ​​​រថយន្ត​​​ដឹក​​​ឈើ​​​ទេ​​​ ចាប់​​​តាំង​​​ពី​​​ខ្ញុំ​​​បាន​​​ទទួល​​​ការ​​​គំរាម​​​ទម្លាក់​​​ស័ក្តិ​​​ ពីព្រោះ​​​ខ្ញុំ​​​ជា​​​មន្ត្រី​​​​​​ប៉ូលិស​​​តូច​​​តាច​​​ម្នាក់​​​ ហើយ​​​គ្មាន​​​អំណាច​​​ឃាត់​​​ការ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ ពីព្រោះ​​​ឈ្មួញ​​​ឈើ​​​មាន​​​ការ​​​ការ​​​ពារ​​​ពី​​​មនុស្ស​​​មាន​​​អំណាច​​​ក្នុង​​​ខេត្ត​​​​​​”។

នាយខណ្ឌ​​​រដ្ឋបាល​​​ខេត្ត​​​រតនគិរី​​​ លោក ​​​វង់ ​​​សុខសេរី បាន​​​និយាយ​​​ថា លោក​​​បាន​​​ដឹង​​​អំពី​​​ការ​​​ចាប់​​​ឈើ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ហើយ​​​នឹង​​​តាម​​​រក​​​អ្នក​​​បើក​​​បរ​​​ដើម្បី​​​ពិន័យ​​​ ដែល​​​ផ្អែក​​​លើ​​​តម្លៃ​​​ឈើ​​​ដែល​​​រឹប​​​អូស​​​បាន​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ទុក​​​ពេល​​​​​​​​​មួយ​​​ខែ​​​ឲ្យ​​​​​​អ្នក​​​បើក​​​រថយន្ត​​​បង់​​​ប្រាក់​​​ពិន័យ​​​។ ​​​ក្នុង​​​ករណី​​​ជន​​​ល្មើស​​​មិន​​​មក​​​បង់​​​ប្រាក់​​​ពិន័យ​​​ទេ​​​ យើង​​​នឹង​​​បញ្ជូន​​​​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​តុលាការ​​​”។

នៅ​​​ពេល​​​សួរ​​​អំពី​​​ការ​​​អះអាង​​​របស់​​​លោក វឌ្ឍនា ថាក្រុម​​​មន្ត្រី​​​ខេត្ត​​​ពាក់​​​ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​តំបន់​​​នោះ​​​ លោក​​​ សុខ​​​សេរី បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​៕ និត​​​

The post អាជ្ញាធរ​​​ចាប់​​​​​​ឈើ​​​ប្រណីត​​មួយ​​​រថយន្ត​​​​​​តួរីស​​​នៅ​​​រតនគិរី​​​ បន្ទាប់ពី​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ appeared first on ខេមបូឌា ដេលី.